លោក ហ៊ី ណារិន អធិការនគរបាលខណ្ឌមានជ័យ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ត្រូវសាលាដំបូងរាជធានីភ្នំពេញធ្វើការសាកសួរកាលពីម្សិលមិញជុំវិញការចោទប្រកាន់ថា លោកបានកិបកេងលុយរដ្ឋ និងទារប្រាក់ពីប្រជាពលរដ្ឋរបស់ខ្លួនជាង៦០០.០០០ដុល្លារអំឡុងលោកកាន់តំណែងជាអធិការនគរបាលរយៈពេល៨ឆ្នាំ។
លោក ណារិន ត្រូវបានចោទប្រកាន់ថា បានបន្ថែមបុគ្គលិកខ្មោចក្នុងបញ្ជីបើកប្រាក់ខែរបស់អង្គភាពលោក ហើយបើកយកប្រាក់ខែទាំងនោះ កេងយកប្រាក់ឧបត្ថម្ភសម្រាប់បើកឲ្យមន្ត្រីពិតប្រាកដ និងទាមទារប្រាក់ពីម្ចាស់អាជីវកម្មក្នុងមូលដ្ឋាន ប្រជាពលរដ្ឋ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។
អង្គភាពប្រឆាំងអំពើពុករលួយអះអាងថា នៅមុនការចាប់ខ្លួន លោក ណារិន ត្រូវបានព្រមានពីរលើកឲ្យបញ្ឈប់សកម្មភាពបែបនេះ។
សេចក្ដីប្រកាសព័ត៌មានដែលបានបង្ហោះក្នុងគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីម្សិលមិញបានលើកឡើងថា នៅក្នុងការស៊ើបអង្កេតរយៈពេល៨ខែ អង្គភាពបានសាកសួរមន្ត្រីនគរបាល៤១នាក់អំពីសកម្មភាពរបស់មន្ត្រីនគរបាលជាន់ខ្ពស់នៅខណ្ឌមានជ័យ។
សេចក្ដីប្រកាសព័ត៌មាននេះលើកឡើងទៀតថា “ផ្អែកតាមព័ត៌មានរបស់មន្ត្រីនគរបាល សាក្សី និងប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌមានជ័យ ព្រមទាំងលោក ហ៊ី ណារិន ផង ចុងចោទរួបនេះបានទារប្រាក់ពីប្រជាពលរដ្ឋសរុប៦៧៨.០៥៩ដុល្លារចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៤។
លោក ចាន់ សេរីវឌ្ឍន៍ ប្រធាននាយកដ្ឋានសន្តិសុខអង្គភាពប្រឆាំងអំពើពុករលួយមិនបាននិយាយលម្អិតអំពីករណីនេះទេ នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញ ដោយគ្រាន់តែនិយាយថា លោក ណារិន ស្ថិតក្នុងកន្លែងឃុំឃាំងរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងរាជធានីភ្នំពេញ ហើយនឹងបញ្ជូនទៅតុលាការដើម្បីសាកសួរបន្ថែមនៅព្រឹកនេះ។
លោក សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា “គាត់មិនទាន់ត្រូវបានបញ្ជូនទៅពន្ធនាគារនៅឡើយទេ ពីព្រោះតុលាការមិនទាន់បានបញ្ចប់នីតិវិធីរបស់ខ្លួនឡើយ”។
លោក អ៊ុំ សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានសាកសួរលោក ណារិន កាលពីម្សិលមិញមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏មិនអាចទាក់ទងបានដែរ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយលើកឡើងថា ការបើកយកប្រាក់របស់មន្ត្រីនគរបាលជាតិមានទាំងពិត និងប្រឌិត ហើយលោក ណារិន ក៏ឲ្យមន្ត្រីក្រោមឱវាទខ្លួនទិញអាវចំណាំងផ្លាត និងស្រោមកាំភ្លើងវែង ជារបស់ដែលត្រូវផ្ដល់ឲ្យដោយឥតគិតថ្លៃ។
សេចក្ដីប្រកាសព័ត៌មាននេះអះអាងថា លោកបានយកប្រាក់ពីជនរងគ្រោះនៅក្នុងគ្រោះថ្នាក់ចរាចរណ៍១០ភាគរយក្នុងចំណោមប្រាក់សំណងរបស់ពួកគេ ដើម្បីសម្របសម្រួលឲ្យមានដំណោះស្រាយ ហើយថា លោកបានលក់ម៉ូតូដែលបានចាប់ទុកបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ទៀត។
សេចក្ដីប្រកាសព័ត៌មានដដែលនេះលើកឡើងទៀតថា លោក ណារិន បានយកប្រាក់ប្រចាំខែពីម្ចាស់បើកកន្លែងល្បែងស៊ីសងក្នុងមូលដ្ឋាន ម្ចាស់អាជីវកម្ម និងរោងចក្រ ហើយបានប្រមូលលុយផាកពិន័យលើសកំណត់ពីម្ចាស់ម៉ូតូដែលចាប់ទុក។
អង្គភាពប្រឆាំងអំពើពុករលួយក៏បានអះអាងផងដែរថា អធិការនគរបាលរូបនេះបានយកប្រាក់ពីប្រជាពលរដ្ឋយ៉ាងច្រើនក្នុងការធ្វើសៀវភៅស្នាក់នៅ និងការចុះឈ្មោះសមាជិកថ្មីទៅក្នុងសៀវភៅនោះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាននោះបានឲ្យដឹងថា លោក ណារិន បានសារភាពថា លោកពិតជាបានយកប្រាក់ទាំងអស់ដែលលោកប្រមូលបានដើម្បីប្រយោជន៍ផ្ទាល់ខ្លួនមែន។
លោក សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា លោក ជឹម ស៊ីថា ជាអធិការរងត្រូវបានដំឡើងតួនាទីទៅជាអធិការនគរបាលខណ្ឌមានជ័យស្ដីទី ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយស៊ីជម្រៅអំពីករណីនេះទេ។
លោក សុង លី បានមានប្រសាសន៍ថា ” វាជាការពិត លោក ណារិន បានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ប៉ុន្តែខ្ញុំមិនដឹងព័ត៌មានលម្អិតទេ ពីព្រោះយើងមិនទទួលបន្ទុកករណីនេះឡើយ។
នៅពេលត្រូវបានទាក់ទងតាមទូរស័ព្ទ លោក ស៊ីថា បានមានប្រសាសន៍ថា វាមិនមែនជាតួនាទីរបស់លោកក្នុងការនិយាយអំពីការធ្លាក់ចៅហ្វាយនាយរបស់លោកឡើយ។ លោកបានមានប្រសាសន៍ថា ” ខ្្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើកិច្ចការនេះ”៕ សារុន