26 C
Phnom Penh

អ្នក​​​ភូមិ​​​នៅ​​​ខណ្ឌ​​​ជ្រោយ​​​​​​ចង្វា​​​អះ​​​អាង​​​ថា​​​ សន្តិសុខ​​​ស្រវឹង​​​ស្រា​​​វាយ​​​ដំ​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​នៅ​​​ទី​​​សត្តឃាត​​​មួ​​យ​​​កន្លែង​​​ក្នុង​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ដាក់​​​ពាក្យ​​​​​​ប្តឹង​​​ទៅ​​​កាន់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​អះ​​​អាង​​​ថា ពួក​​​គេ​​ត្រូវ​​​សន្តិសុខ​​​ខណ្ឌ​​​វាយ​​​ដំ​​​និង​​​ចាប់​​​ខ្លួន​​​ អំឡុង​​​ពិធី​​​បុណ្យ​​​ភ្ជុំ​​​បិណ្ឌ​​​កាល​​​ពី​​​សប្តាហ៍​​​មុ​​​ន​​​។

ឌី វ៉ាន់ អាយុ​​​១៨​​​ឆ្នាំ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា សន្តិសុខ​​​ដែល​​​អ្នក​​​ភូមិ​​​​​​ចម្លែក​​​មុខ​​​ជា​​​​​​ច្រើន​​​ខែ​​​មក​​​នេះ​​​បាន​​​វាយ​​​ដំ​​​ខ្លួន​​​​​​នៅ​​​ពេល​​​រសៀល​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​កញ្ញា នៅ​​​ពេល​​​​​​​​​ខ្លួន​​​​​​ព្យាយាម​​​​​​​​​​​​​​​ដើរ​​​ចូល​​​ទៅ​​​កាន់​​​​​​ដី​​​ឯកជន​​​មួយ​​​កន្លែង​​​ដើម្បី​​​ច្រូត​​​ស្មៅ​​​យក​​​ទៅ​​​ឲ្យ​​​គោ​​​នៅ​​​ទី​​​សត្ត​​​ឃាត​​​ស៊ី។ អ្នក​​​ភូមិ​​​​​​នៅ​​​តំបន់​​​នេះ​​​កំពុង​​​តែ​​​ប្រឆាំង​​​នឹង​​​គម្រោង​​​អភិវឌ្ឍន៍​​​ដ៏​​​ធំ​​​មួយ​​​។

ដី​​​ទំហំ​​​៣៨៧​​​ហិកតា​​​នៅ​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​នេះ​​​ត្រូវ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​លក់​​​កាល​​​ពី​​​ឆ្នាំ​​​​​​​​​២០១១​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​វិនិយោគ​​​ទុន​​​អាណិកជន​​​កម្ពុជា​​​(OCIC) ដែល​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​ប្រែ​​​ក្លាយ​​​តំបន់​​​នេះ​​​ទៅ​​​ជា​​​ “ក្រុង​​​មួយ​​​នៅ​​​ថ្ងៃ​​​អនាគត​​​” ដោយ​​​នឹង​​​ត្រូវ​​​ចំណាយ​​​ប្រាក់​​​​​​​​​​​​ប្រមាណ​​​៣​​​ពាន់​​​លាន​​​ដុល្លារ​​​។

ឌី វ៉ាន់ បាន​​​ឲ្យ​​​ដឹង​​​​​​ថា ខ្លួន​​​ធ្លាប់​​​​​​ដើរ​​​កាត់​​​ខ្ទម​​​មួយ​​​របស់​​​សន្តិ​​​សុខ​​​ខណ្ឌ​​​ ដើម្បី​​​ទៅ​​​ច្រូត​​​ស្មៅ​​​​​​ ប៉ុន្តែ គ្មាន​​​នរណា​​​មក​​​ហាម​​​ឃាត់​​​ទេ​​​ពី​​​មុន​​​មក​​​​​​។

ឌី វ៉ាន់ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ប៉ុន្តែ​​​ នៅ​​​ថ្ងៃ​​​ទី​​​២៤ ខែកញ្ញា ពួក​​​គេ​​​បាន​​​ផឹក​​​ស្រវឹង​​​ជោក​​​ ហើយ​​​នៅ​​​ពេល​​​ខ្ញុំ​​​ឈ្លោះ​​​ប្រកែក​​​​​​ជាមួយ​​​ពួក​​​គេ​​​យ៉ាង​​​យូរ​​​ បុរស​​​ម្នាក់​​​បាន​​​ទះ​​​កំផ្លៀង​​​ខ្ញុំ​​​”។ នៅ​​​ពេល​​​កម្មករ​​​រូប​​​នេះ​​​ចាប់​​​ផ្តើម​​​រត់​​​ត្រឡប់​​​ទៅ​​​កន្លែង​​​របស់​​​ខ្លួន​​​វិញ​​​ សន្តិសុខ​​​បាន​​​ដេញ​​​តាម​​​។

ឌី​​​ វ៉ាន់ បាន​​​និយាយ​​​បន្ត​​​ថា “ពួក​​​គេ​​​បាន​​​ទាញ​​​យក​​​ដំបង​​​ធំៗ​​​​​​ ហើយ​​​វាយ​​​ខ្ញុំ​​​ពី​​​ក្រោយ​​​នៅ​​​ពេល​​​ខ្ញុំ​​​កំពុង​​​រត់​​​”។

ឌី វ៉ាន់ និង​​​សាក្សី​​​ផ្សេង​​​ៗ​​​ទៀត​​​និយាយ​​​ថា កង​​​សន្តិសុខ​​​ជំនួយ​​​បាន​​​មក​​​ដល់​​​ភ្លាម​​​ៗ​​​ ហើយ​​​បាន​​​រុញ​​​ខ្លួន​​​ និង​​​បងប្អូន​​​ជីដូន​​​មួយ​​​របស់​​​ខ្លួន​​​ឈ្មោះ ហម ហឹម  អាយុ​​​២១​​​ឆ្នាំ ដែល​​​បាន​​​ឮ​​​ការ​​​ឈ្លោះ​​​គ្នា​​​ហើយ​​​មក​​​ជួយ​​​ ខ្ទប់​​​​​ទៅ​​​នឹង​​​ជ្រុង​​​មួយ​​​នៅ​​​ទី​​​សត្ត​​​ឃាត​​​។

ហម ហឹម បាន​​​និយាយ​​​ថា នៅ​​​ពេល​​​សន្តិ​​​សុខ​​​ព្យាយាម​​​រុញ​​​ ឌី វ៉ាន់ ចូល​​​ទៅ​​​ក្នុង​​​រថ​​​យន្ត​​​របស់​​​ពួក​​​គេ​​​ ប្រពន្ធ​​​កំពុង​​​មាន​​​​ផ្ទៃ​​​ពោះ​​​របស់​​​ ឌី វ៉ាន់ ឈ្មោះ សារី វ៉ាស់​​​ អាយុ​​​១៨​​​ឆ្នាំ បាន​​​ព្យាយាម​​​​​​មក​​​ឃាត់​​​ពួក​​​គេ​​​ ប៉ុន្តែ នាង​​​ត្រូវ​​​ពួក​​​​​​គេ​​​រុញ​​​ឲ្យ​​​ដួល​​​ទៅ​​​លើ​​​ដី។ ​​​បន្ទាប់​​​មក​​​ទៀត​​​សន្តិសុខ​​​បាន​​​ឃាត់​​​ខ្លួន​​​ ហម ហឹម និង​​​អ្នក​​​ភូមិ​​​ម្នាក់​​​ទៀត​​​ ឈ្មោះ រ៉ាន់ ភ័ក្ត្រ​​​​​ ដែល​​​បាន​​​មក​​​ជួយ​​​ដែរ​​​នោះ​​​។

ហម ហឹម បាន​​​ឲ្យ​​​ដឹង​​​ថា ពួក​​​គេ​​​ទាំង​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​នាំ​​​ទៅ​​​កាន់​​​សាលា​​​ខណ្ឌ​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​១​​​រសៀល​​​ ដែល​​​ស្ថិត​​​នៅ​​​បរិវេណ​​​ដី​​​ដែល​​​កំពុង​​​យាម​​​ដោយ​​​សន្តិសុខ​​​របស់​​​ក្រុម​​​ហ៊ុន  ​​​វិនិយោគ​​​ទុន​​​អាណិកជន​​​កម្ពុជា​​​​​​​​​។ ពួក​​​គេ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​​​​រហូតដល់​​​ម៉ោង​​​ប្រហែល​​​១១​​​យប់​​​នៅ​​​ទៅ​​​នោះ​​​។

ហម ហឹម និយាយ​​​ថា “នៅ​​​ពេល​​​មួយ​​​សន្តិសុខ​​​បាន​​​មក​​​ដល់​​​ ហើយ​​​ទះ​​​កំផ្លៀង​​​ខ្ញុំ និង​​​កាត់​​​សក់​​​ខ្ញុំ​​​ ដើម្បី​​​ឲ្យ​​​មើល​​​ទៅ​​​អាក្រក់។ ពួក​​​គេ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​នឹង​​​វាយ​​​ដំ​​​ខ្ញុំ​​​រហូត​​​ដល់​​​ខ្ញុំ​​​និយាយ​​​ការ​​​ពិត​​​[អំពី​​​ហេតុ​​​ការ​​​ណ៍​​​នៅ​​​ថ្ងៃ​​​នោះ] ប៉ុន្តែ ការ​​​ពិត​​​ដែល​​​ពួក​​​គេ​​​ចង់​​​បាន​​​នោះ​​​ គឺ​​​​​​គ្រាន់​​​តែ​​​ជា​​​ការ​​​ភូត​​​កុ​​​ហក​​​ប៉ុណ្ណោះ​​​​​​​​​​​​”។

នៅ​​​ពេល​​​ទាក់ទង​​​កាល​​​ពី​​​ម្សិលមិញ លោក ឃ្លាំង​​​ ហួត អភិបាល​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​បាន​​​និយាយ​​​ផ្សេង​​​ ចំពោះ​​​ហេតុការណ៍​​​ដែល​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​នោះ។ លោក​​​បាន​​​លើក​​​ឡើង​​​ថា វា​​​គឺ​​​​​​ជា​​​កម្មករ​​​នៅ​​​ទី​​​សត្ត​​​ឃាត​​​ទេ​​​ដែល​​​វាយ​​​មក​​​លើ​​​សន្តិសុខ​​​ ហើយ​​​ថា ​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​​​​​​​ត្រូវ​​​បាន​​​ហៅ​​​ឲ្យ​​​មក​​​ធ្វើ​​​ការ​​​ចាប់​​​ខ្លួន​​។

លោក ឃ្លាំង ហួត​​​ ដែល​​​ការិយាល័យ​​​របស់​​​លោក​​​ស្ថិត​​​ក្នុង​​​បរិវេណ​​​សំណង់​​​លំនៅ​​​ដ្ឋាន​​​​​​​​​ដែល​​​ក្រុមហ៊ុន​​​វិនិយោគ​​​ទុន​​​អាណិកជន​​​កម្ពុជា​​​​​​បាន​​​សាង​​​សង់​​​ឡើង​​​ដើម្បី​​​បញ្ចុះ​​​បញ្ចូល​​​អ្នក​​​ភូមិ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ដី​​​អភិវឌ្ឍន៍​​​​​បាន​​​លើក​​​ឡើង​​​ថា បុរស​​​បី​​​ទៅ​​​បួន​​​នាក់​​​បាន​​​វាយ​​​ដំ​​​លើ​​​សន្តិសុខ​​​ដែល​​​មិន​​​ដឹង​​​អី​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្មេង​​​ទំនើង​​​ទាំង​​​នេះ​​​នៅ​​​ពេល​​​ពួក​​​គេ​​​ឃើញ​​​អ្វី​​​ដែល​​​ខ្លួន​​​មិន​​​ចូល​​​ចិត្ត​​​ គឺ​​​ពួក​​​គេ​​​ចង់​​​វាយ​​​តែ​​​ម្តង​​។ ពួកគេ​​​បាន​​​ប្រើ​​​កាំបិត​​​ផ្គាក់​​​ និង​​​ដំបង​​​ធំៗ​​​ទៅ​​​វាយ​​​សន្តិសុខ”។

លោក ឃ្លាំង​​​ ហួត បាន​​​ឲ្យ​​​ដ​​​ឹង​​​ទៀត​​​ថា “សន្តិសុខ​​​របស់​​​លោក​​​បាន​​​គេច​​​រួច​​​ដោយ​​​គ្មាន​​​របួស​​​​​​ ពី​​​កណ្តាប់​​​ដៃ​​​​​​ក្មេង​​​ទំនើង​​​ទាំង​​​នេះ ហើយ​​​ថា អ្នក​​​រួម​​​ការ​​​ងារ​​​​​​នៅ​​​ក្បែរ​​​នោះ​​​​​​បាន​​​ឮការ​​​ហៅ​​​ឲ្យ​​​ជួយ​​​ ទើប​​​មាន​​​អន្តរាគមន៍​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​”។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “យើង​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​បាន​​​តែ​​​ពីរ​​​នាក់​​​ប៉ុណ្ណោះ​​​ ហើយ​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​អស់​​​រយៈ​​​ពេល​​​​​​​​​៣ទៅ​​​៤ម៉ោង​​​។ យើង​​​បាន​​​ដោះលែង​​​ពួកគេ​​​វិញ បន្ទាប់​​​ពី​​​ពួកគេ​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​លិខិត​​​មួយ​​​ដោយ​​​សន្យា​​​ថា នឹង​​​មិន​​​ធ្វើ​​​រឿង​​​នេះ​​​ម្តង​​​ទៀត​​​”។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​ថា តើ​​​ហេតុ​​​អ្វី បាន​​​​​ជា​​​សន្តិសុខ​​​ខណ្ឌ​​​ការ​​​ពារ​​​ដី​​​​​​របស់​​​ក្រុមហ៊ុន​​​វិនិយោគ​​​ទុន​​​អាណិកជន​​​កម្ពុជា​​​ លោក ឃ្លាំង​​​ ហួត បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួកគេ​​​យាម​​​កន្លែង​​​នេះ​​​តាម​​​បញ្ជា​​​ពី​​​សាលា​​​រាជ​​​ធានី​​​”។

បន្ទាប់​​​មក​​​អភិបាល​​​ខណ្ឌ​​​រូប​​​នេះ បាន​​​រិះ​​​គន់​​​ខ្លាំង​​​ៗ​​​ចំពោះ​​​ការ​​​និយាយ​​​ថា សន្តិសុខ​​​របស់​​​លោក​​​ស្រវឹង​​​ស្រា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កុំ​​​ព្យាយាម​​​ចោទ​​​ប្រកាន់​​​មន្ត្រី​​​ថ្នាក់​​​ក្រោម​​​របស់​​​ខ្ញុំ​​​ មន្ត្រី​​​របស់​​​ខ្ញុំ​​​មាន​​​វិន័យ​​​ល្អ​​​ណាស់​​​ ខ្ញុំ​​​មិន​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​សន្តិសុខ​​​របស់​​​ខ្ញុំ​​​ផឹក​​​ស្រា​​​នៅ​​​ថ្ងៃ​​​បុណ្យ​​​​​​ឡើយ​​​ព្រោះ​​​ខ្ញុំ​​​គោរព​​​ព្រ​ះ​​​ពុទ្ធ​​​សាសនា​​​។ ថ្ងៃ​​​នោះ​​​គឺ​​​ឹជា​​​ថ្ងៃ​​​ភ្ជុំ​​​បិណ្ឌ​​​ ពួក​​​គេ​​​ត្រូវ​​​តែ​​​ធ្វើ​​​ការ​​​មិន​​​មែន​​​​​​ផឹក​​​ស្រា​​​នោះ​​​ទេ”៕ស៊ុយឈាង​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស