កាលពីថ្ងៃពុធ នគរបាលខេត្តពោធិ៍សាត់បានចាប់ខ្លួនអ្នកដាំកញ្ឆាវ័យ៣៥ម្នាក់ ហើយបានបំផ្លាញដើមកញ្ឆាចោលចំនួន៤៥០ដើម អំឡុងប្រតិបត្តិការឆ្មក់ចូលចម្ការមួយកន្លែងក្នុងស្រុកវាលវែង។
លោក ថេង ឡេង អធិការស្រុកវាលវែងបានមានប្រសាសន៍ថា ការឆ្មក់បង្ក្រាបនេះធ្វើឡើងក្រោយពីការស៊ើបអង្កេតរយៈពេលពីរសប្ដាហ៍លើប្រតិបត្តិការខុសច្បាប់របស់កសិកររូបនោះ ហើយកញ្ឆាស្ងួតដែលមានតម្លៃ១២ដុល្លារក៏ត្រូវបានបំផ្លាញចោលដែរ។
លោកបានមានប្រសាសន៍ថា ” ដំបូងឡើយ យើងរកម្ចាស់មិនឃើញទេ ប៉ុន្តែក្រោយមកយើងក៏ចាប់គាត់បាន នៅពេលគាត់មកកាប់ដើមកញ្ឆាស្រស់”។ លោកបានបន្តថា ចាប់តាំងពីលោកចូលកាន់តំណែងជាអធិការអស់រយៈពេលពីរឆ្នាំមក កូនចៅរបស់លោកមិនដែលដកហូតបានកញ្ឆាច្រើនទេពីមុនមកនៅក្នុងប្រតិបត្តិការតែមួយបែបនេះ។
លោកបានលើកឡើងថា “ម្ចាស់កញ្ឆាបានសារភាពថា គាត់បានដាំកញ្ឆានេះសម្រាប់លក់នៅភ្នំពេញ”។ លោកមានប្រសាសន៍ថា កញ្ឆាទាំងអស់ដែលក្នុង១គីឡូក្រាមមានតម្លៃ១០០ដុល្លារ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។ បច្ចុប្បន្នកសិករដែលមានឈ្មោះថា ស រិទ្ធី រូបនេះកំពុងជាប់ឃុំនៅអធិការដ្ឋានស្រុក ហើយនឹងត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅថ្ងៃនេះដើម្បីធ្វើការសាកសួរ។
កាលពីខែសីហា កងរាជអាវុធបានឆ្មក់ចូលចម្ការកញ្ឆាចំនួនពីរនៅលើកំពូលភ្នំ ក្នុងស្រុកទឹកឈូ ខេត្តកំពត ដោយបំផ្លាញដើមកញ្ឆាបានសរុបចំនួនជាង៥០០ដើម៕ សុខុម