32.9 C
Phnom Penh

អាជ្ញាធរ​ចាប់​ខ្លួន​មន្ត្រី​នគរបាល​ខេត្ត​សៀម​រាប​ពី​បទ​គំរាម​ទារ​ប្រាក់​ពី​អ្នក​នេសាទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ចាប់​ខ្លួន​មន្ត្រី​នគរ​បាល​យ៉ាង​ហោច​ណាស់​បីនាក់​នៅ​​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ពុធ ដោយ​សង្ស័យ​ថា បាន​​​គំរាម​ទារ​ប្រាក់​ពី​អ្នក​នេសាទ​នៅ​​ក្នុង​ខេត្ត​នេះ​។

លោក​ ម៉ម សាម៉ុន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថខេត្ត​បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុមអ្នក​នេសាទ​បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ដោយ​ចោទ​ប្រកាន់​នគរ​បាល​សេដ្ឋកិច្ច​ថា បាន​ទាម​ទារ​ប្រាក់ពី​រូប​គាត់ និង​អ្នក​នេសាទ​ដទៃ​ទៀត​ ខណៈ​ដែលពួកគាត់​បាន​ធ្វើការ​នេសាទ​ដោយ​ខុស​ច្បាប់​នៅ​បឹង​ទន្លេសាប។

លោក​ សាម៉ុន ដែល​បដិសេធ​មិន​ប្រាប់​ពី​ចំនួន​ទឹក​ប្រាក់​ដែល​មន្ត្រី​ទាំង​នេះ​បាន​ទាម​ទារ​នោះ​ បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​ចាប់​ខ្លួន​ពួកគេ​បន្ទាប់ពី​​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​អ្នក​នេសាទ​មួយ​ក្រុម​ ដែល​បាន​ចោទ​មន្ត្រី​ទាំង​នេះ​​​ថា បាន​គំរាម​ទារ​ប្រាក់​ពីពួកគាត់​ ខណៈ​ដែល​ពួក​គាត់​ធ្វើ​ការ​នេសាទ​មួយ​ថ្ងៃ​មុន​ការ​ចាប់​ខ្លួន​”។

លោក កើត វណ្ណារ៉េត ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹក​នាំ​ប្រតិបត្តិការ​នេះ​ ហើយ​ថា មន្ត្រី​នគរ​បាល​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ប៉ុន្តែ​លោក ឡុង ស្រេង អនុប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​​បាន​មាន​ប្រសាសន៍​ថា មាន​តែ​មន្ត្រីបី​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួននោះ​មក​ពី​នាយកដ្ឋាន​របស់​លោក ហើយ​ជនសង្ស័យទី​៤​គឺ​ជា​អ្នក​បើកទូកដែល​ពួកគេ​កំពុងជិះ​ល្បាត​។

លោក​ ឡុង ស្រេង បាន​ហៅ​ការ​ចាប់​ខ្លួន​នេះថា “​ខុស​ច្បាប់” ពីព្រោះ​លោក វណ្ណារ៉េត មិន​បាន​ជូន​ដំណឹង​ដល់​លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលា​ឧទ្ធរណ៍​អំពី​ផែន​ការ​ចាប់​ខ្លួន​​នេះ​ជាមុនឡើយ។

លោក​បាន​ចេញ​ឈ្មោះ​នគរ​បាល​ពីរ​នាក់​​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ គឺ​ ម៉ាតា យ៉ា​ និង​ ឈាង ស្រីពៅ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ចាំ​ឈ្មោះ​មន្ត្រី​ទី៣​ឬអ្នក​បើកទូក​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “អាជ្ញាធរ​ខេត្ត​បាន​ផ្ញើ​សារ​ជា​អក្សរ​តាម​រយៈ​ទូរស័ព្ទ​ដៃ​មក​ខ្ញុំ​កាលពី​ថ្ងៃ​ពុធ ដោយ​អះអាង​ពីការ​ចាប់​ខ្លួន​មន្ត្រី​នាយក​ដ្ឋាន​របស់​ខ្ញុំ​”។

លោក ឡុង ស្រេង បាន​មាន​ប្រសាសន៍​ថា ” យើង​ជឿ​ថា ការ​ចាប់​ខ្លួន​មន្ត្រី​របស់​យើង​ គឺ​ខុស​ច្បាប់ ពីព្រោះ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​អនុញ្ញាត​ឲ្យ​មន្ត្រីរបស់លោក​ចាត់​វិធានការ​​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​ទៅអគ្គ​ព្រះ​រាជ​អាជ្ញា​ [លោក អ៊ុក សាវុធ​]” ឡើយ។

ប៉ុន្តែ បើ​ទោះ​ជាមាន​ការ​រិះគន់​ពីការ​ចាប់​ខ្លួន​នេះ​ក៏ដោយ ក៏​លោក ឡុង ស្រេង បាន​មាន​ប្រសា​សន៍​ថា មន្ត្រីរបស់​លោក​ទំនង​ជា​មាន​កំហុស​​​ពាក់​ព័ន្ធ​បទ​ល្មើស​នោះ​ឯង”។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​មិនទាន់​ដឹង​ថា តើ​មន្ត្រី​របស់​យើង​ពិត​ជា​បាន​គំរាម​ទារ​ប្រាក់​មែន​ឬយ៉ាង​ណា​នោះឡើយ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​៨០​ភាគរយ​ថា វា​ជា​រឿង​ពិត​ ពីព្រោះ​មន្ត្រី​មួយ​ចំនួន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​ពេល​កន្លង​មក​មែន​”។

ការ​នេសាទ​នៅ​បឹង​ទន្លេសាប​ និង​ទន្លេ​មេគង្គ​ត្រូវ​បាន​ហាម​ឃាត់​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ដល់​​ថ្ងៃ​ទី​៣០ ខែ​តុលា ដើម្បី​ឲ្យ​ចំនួន​ត្រី​កើន​ឡើងអំឡុង​រដូវ​ត្រីពង៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស