29 C
Phnom Penh

រដ្ឋាភិបាល​ប្រាប់​ប្រទេសថៃថា សកម្មជនដែលរត់គេចខ្លួន​មិន​ស្ថិត​ នៅ​ក្នុង​ប្រទេស​កម្ពុជាទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ប្រទេស​ថៃ​បាន​អះអាង​ថា ខ្លួន​បាន​ស្នើ​ឲ្យ​កម្ពុជា​ធ្វើ​មាតុភូមិនិវត្ត​សកម្ម​ជន​និស្សិត​ថៃ​ម្នាក់ ដែល​គេ​ចង់​ចាប់​ខ្លួន​តាម​ចោទ​ពីបទ​និយាយ​ប៉ះពាល់​ដល់​​រាជវង្សានុវង្ស​ ប៉ុន្តែ​បាន​លើក​ឡើង​ថា គេបាន​ប្រាប់​ថា និស្សិត​ដែលរត់​គេច​ខ្លួន​រូប​នេះ​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​។

របប​យោធា​ដែល​បាន​កាន់​កាប់​ប្រទេស​ថៃ​ចាប់​តាំង​ពី​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាលពី​ខែ​ឧសភានោះ ចោទ​ប្រកាន់ ឯកភព ឡូរ៉ា (Ekkapob Luara) ដែល​គេ​ស្គាល់​ថា តាង អាជីវ៉ា (Tang Achiva) ថា​បាន​រំលោភ​ច្បាប់​របស់​ប្រទេស​ថៃដែល​ចាត់​ទុក​ថា ជា​បទ​ឧក្រិដ្ឋ​ក្នុង​ការ​​​និយាយ​ប៉ះពាល់ដល់​រាជវង្សានុវង្ស។ ​

សកម្មជន​និស្សិតរូបនេះគឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​២៨នាក់​ដែល​ត​ុលាការ​យោធា​ក្រុង​បាង​កក​បាន​ចេញ​ដីកា​ចាប់​ខ្លួន​កាលពី​ខែ​មិថុនា ពីបទ​មិន​អើ​ពើ​នឹង​សេចក្ដី​បង្គាប់​ឲ្យ​រាយការណ៍ដល់​អាជ្ញាធរ​ថៃ​។

កាលពី​​ថ្ងៃ​ទី២៣ ខែ​កញ្ញា លោក កែម សារិន ដែល​ពិនិត្យ​មើល​បញ្ហា​ជនភៀស​ខ្លួន​នៅ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​អះអាង​​ពី​សេចក្តីរាយការណ៍ព័ត៌មាន​ថៃ​​ដែល​ថា ឡូរ៉ា ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​មាន​ប្រសាសន៍​ថា កំពុង​ដំណើរការ​​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន។

ប៉ុន្តែ​នៅ​សប្ដាហ៍​បន្ទាប់​លោក​ សារិន បាន​កែតម្រូវ​​ការ​អត្ថាធិប្បាយរបស់លោកវិញ​​ដោយ​​អះអាង​ថា ឡូរ៉ា មិន​បានដំណើរការ​ដាក់​ពាក្យ​សុំទេ​ ហើយ​ថា រដ្ឋាភិបាល​មិន​ដឹង​ពី​វត្តមាន​របស់​សកម្ម​ជន​និស្សិត​រូប​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​។

កាលពី​ម្សិលមិញ អ្នក​នាំពាក្យ​កង​ទ័ព​ថៃ​ គឺ​លោក វីរា៉ឈុន សុគន្ថាបា៉ទីប៉ាក (Werachon Sokundhapatipak) បាន​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​ផ្ដល់​ព័ត៌មាន​ផ្លូវ​ការ​ដល់​ប្រទេស​ថៃ​ដូច​គ្នា​នេះ​ដែរ​។

លោក​បានមាន​ប្រសាសន៍​ថា “ប្រទេសកម្ពុជា​លើក​ឡើង​ថា ជន​ជាប់​ចោទ​រូប​នេះ​មិន​ស្ថិត​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ឥឡូវ​នេះ យើង​កំពុង​ធ្វើការ​សម្រប​សម្រួល​…។ នេះ​ជា​បញ្ហា​រសើប​”។ លោក វីរ៉ាឈុន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការ​បរទេស​កម្ពុជា​មិនអាច​ទាក់​ទង​បានទេ​កាលពី​ម្សិលមិញ។

កាលពី​សប្ដាហ៍​មុន អ្នក​ស្គាល់​ ឯកភព គឺ​លោក ប៉ាវីន ចាចាវ៉ាល​ប៉ុងពុន (Pavin Chachavalpongpun) បាន​មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​លោក​បានទាក់​ទង​ជាមួយ​សកម្មជន​រូប​នេះ ដែល​បាន​ប្រាប់​លោក​ថា រូបគេ​កំពុង​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ការការ​ពារ​របស់​ឧត្តម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​។

ទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​មិន​បញ្ជាក់​ ឬបដិសេធ​ការ​អះ​អាង​នេះ​ទេ ដោយ​លើក​ឡើង​ថា គោល​​នយោបាយ​របស់​ខ្លួន​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​បុគ្គល​ឡើយ​។

ប្រទេសកម្ពុជា​ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើ​មាតុភូមិ​និវត្ត​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទៅប្រទេស​ដែល​ពួកគេ​បាន​រត់​គេច​ខ្លួនមក រួម​ទាំង​ជនជាតិ​វីហ្គួ​មួយ​ក្រុម ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​កាលពី​ឆ្នាំ​២០០៩ និង​ក្រុមអ្នក​ភៀសខ្លួន​​ម៉ុង​តាញ៉ា​រាប់​រយនាក់​ទៅ​ប្រទេស​វៀតណាម​វិញ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។

កាលពី​ពេល​ថ្មីៗ​បំផុតនេះ រដ្ឋាភិបាល​បាន​សម្រេច​កិច្ចព្រមព្រៀង​ដ៏ចម្រូង​ចម្រាស​មួយ​ជាមួយ​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​តាំង​ទី​លំនៅ​ថ​្មីដល់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​​ក្នុង​ប្រទេស​ណូរូ ជា​ប្រទេស​​ដែន​កោះ​បា៉ស៊ីហ្វិក​ខាង​ត្បូង​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស