31 C
Phnom Penh

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ច្រើន​​ចង់​ឲ្យលុប​ចោល​បទ​បញ្ជា​ផ្ទៃ​ក្នុង​ថ្មី​ដ៏តឹង​រ៉ឹង​របស់​រដ្ឋសភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​លើក​ឡើង​ថា បទ​បញ្ជា​ផ្ទៃ​ក្នុង​ថ្មីៗ​ដ៏​តឹងរ៉ឹង​ដែល​លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​បាន​ចេញ​ជា​បន្ត​បន្ទាប់​កាលពី​សប្ដាហ៍​មុន ​បាន​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​​តំណាង​រាស្ត្រ​ដែល​មាន​ភក្ដី​ភាព​ចំពោះ​គណបក្ស​កាន់​អំណាច​លុប​ចោល​បទ​បញ្ជា​នេះ​។

នៅ​ក្នុង​សារាចរ​មួយ​ចុះ​ថ្ងៃទី​១២ ខែ​កញ្ញា លោក ហេង សំរិន បាន​ផ្ដល់​អំណាច​ថ្មី​លើស​លប់​​ឲ្យ​ខ្លួន​ឯង​មាន​សិទ្ធិ​កំណត់​ និង​រឹត​បន្តឹង​ការ​ចូល​ទៅ​កាន់​រដ្ឋសភា​ដោយ​នរណា​ក៏ដោយ​ដែល​មិន​មែន​ជា​តំណាង​រាស្ត្រ។ សារាចរ​នោះ​បាន​លើក​ឡើង​ថា លោក ហេង សំរិន នឹង​ត្រូវ​អនុម័ត​រាល់​ការ​អញ្ជើញ​របស់​តំណាង​រាស្ត្រ​ណាម្នាក់​ឲ្យ​សាធារណជន​ចូល​មក​កាន់​បរិវេណ​រដ្ឋសភា​ថា សាធារណជន​មិន​​អាច​ផ្ដល់​សក្ខីកម្ម​ដល់​គណៈកម្មការ​ជំនាញ​ទាំង​១០នៃ​រដ្ឋសភា​ ឬចូល​អង្គុយ​ស្ដាប់​នៅ​ក្នុង​រដ្ឋសភា​បាន​ឡើយ​ ហើយ​ថា គណៈកម្មការ​ទាំង​នេះ​ចាំ​បាច់​ត្រូវ​មាន​ “​ ការ​ព្រមព្រៀង​” គ្មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ជាមុន​សិន​ មុន​ពេល​កោះ​ហៅ​រដ្ឋមន្ត្រី​ណា​ម្នាក់​ឲ្យ​ចូល​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា​។

បទ​បញ្ជា​ផ្ទៃ​ក្នុង​ថ្មីទាំង​នេះ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​រដ្ឋសភា​​ ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​​ រួម​ទាំង​តំណែង​ប្រធាន​គណៈកម្មការ​ចំនួន​ប្រាំ​ក្នុង​ចំណោម​គណៈកម្មការ​ទាំង​១០​នៃ​រដ្ឋសភា​ផង​ដែរ​ ហើយ​បាន​ប្ដេជ្ញា​ប្រើ​ប្រាស់​អំណាច​ថ្មី​របស់​ខ្លួន​ដើម្បី​កោះ​ហៅ​រដ្ឋមន្ត្រី​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​​ឡើង​វិញ​នូវ​ច្បាប់​ចម្រូង​ចម្រាស​​ជាច្រើន​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍រួម​មួយ​កាលពី​ម្សិលមិញ អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​១៣ បាន​អំពាវ​នាវ​ឲ្យ​ដក​សារាចរ​នេះ​ចេញ​។ សេចក្ដី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “គណៈ​កម្មការ​មួយ​ចំនួន​​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រឆាំង ​កំពុង​ដឹកនាំ​ការ​ជួប​ជុំ​ បើក​សវនាការ​ ឬពិភាក្សា​ដេញ​ដោល​ជា​សាធារណៈ​ ខណៈ​ដែល​​ប្រធាន​ [រដ្ឋសភា​] មកពី​គណបក្ស​កាន់​អំណាច​ និង​លេខាធិការ​រដ្ឋសភា​ហាក់​ដូច​ជា​កំពុង​តែ​ព្យាយាម​គ្រប់​គ្រង​គណៈកម្មការ​ទាំង​េនះ​តាម​រយៈ​ការ​ចេញ​សារាចរ​នេះ​។ អង្គការ​សង្គម​ស៊ីវិល​បាន​ទាម​ទារ​ឲ្យ​ស្ថាប័ន​នីតិប្រតិបត្តិ​ផ្ដោត​ការ​យកចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​គោល​ការណ៍​ប្រជាធិបតេយ្យ​ តម្លាភាព និង​ប្រសិទ្ធភាព​នៃ​រដ្ឋសភា​តាម​រយៈ​ការ​រម្លាយ​សារាចរ​នេះ​”។

នៅ​ឯសន្និសីទ​កាសែត​មួយ​ក្នុង​រាជ​ធានីភ្នំពេញ អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ​បាន​លើកឡើង​ថា សារាចរ​នេះ​បាន​បំពាន​បទប្បញ្ញត្តិ​​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា ហើយ​បាន​ចោទ​ប្រកាន់​លោក ហេង សំរិន​ ថា កំពុង​តែ​ព្យាយាម​​ប្រើ​អំណាច​ហួស​ដែន​កំណត់​ ដែល​បទបញ្ជា​ផ្ទៃ​ក្នុង​ទាំង​នោះ​ និង​​រដ្ឋធម្មនុញ្ញ​ផ្ដល់​ឲ្យ​លោក​។

លោក គល់ បញ្ញា ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) បាន​មាន​ប្រសាសន៍​ថា ” គ្មាន​មាត្រា​ ឬ​បទប្បញ្ញត្តិ​ណា​ផ្ដល់​អំណាច​​ដល់​​ប្រធាន​រដ្ឋសភាឲ្យ​​មាន​សិទ្ធិ​ចេញ​សារាចរ​ ឬបទ​បញ្ជា​ឡើយ​។ មាត្រា ៨៧ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រធាន​រដ្ឋសភា​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​បញ្ជា​ផ្ទៃ​ក្នុង។វា​មិន​អនុញ្ញាត​ឲ្យ​លោក​ចេញ​សារាចរ​នោះ​ទេ មាន​ន័យ​ថា លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធានា​​តែ​ការ​អនុវត្ត​​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ប៉ុណ្ណោះ”។

លោក អ៊ូ វីរៈ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាលនៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា សារាចរ​នេះ​ក៏​បាន​រំលោភបំពាន​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​មួយ​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​​ដែល​បាន​ធ្វើ​ឡើង​​កាលពី​ខែ​កក្កដា ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​រដ្ឋសភា​រយៈ​ពេល​ជាច្រើន​ខែ​របស់​គណបក្ស​ប្រឆាំង​ ដើម្បី​​ធ្វើ​ការ​តវ៉ា​ជុំវិញ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដ៏ចម្រូង​ចម្រាស​កាលពី​ឆ្នាំ​មុន​ ដែល​រួម​មាន​ការ​ចរចា​រួម​គ្នា​ឡើង​វិញ​ជុំវិញ​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ផង​ដែរ។

លោក​មាន​ប្រសាសន៍ទៀត​ថា ” វា​ជាការ​ដាក់​រទេះ​មុន​គោ​។ សារាចរ​នេះ​ដក​សិទ្ធិ​ (របស់​តំណាង​រាស្ត្រ​) ទាំង​អស់​មុន​ការ​ពិភាក្សា​ណាមួយ​”។

មន្ត្រី​ខុទ្ទកាល័យ​​របស់​លោក ហេង សំរិន មិន​អាច​ទាក់​ទង​បានទេ​។ ចំណែក​ឯ​លោក ឈាង វុន តំណាង​រាស្ត្រ​មកពីគណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​នាំពាក្យ​រដ្ឋសភា​ បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ទេ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​។

នៅ​ឯសន្និសីទ​កាសែត​មួយ​កាលពី​ចុង​ខែ​មុន ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង​ការ​រិះគន់​សារាចរ​េនះ លោក ឈាង វុន បាន​អះអាង​ថា រដ្ឋធម្មនុញ្ញ​ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ សុទ្ធ​តែ​ផ្ដល់​អំណាច​ដល់​ប្រធាន​រដ្ឋសភា​​ឲ្យ​មាន​សិទ្ធិ​ចេញ​សារាចរ៕ សុខុម​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស