35 C
Phnom Penh

ជនជាតិ​ខ្មែរ​អាមេរិក​បី​នាក់​ត្រូវ​គេ​តាម​ចាប់​ពី​បទ​គំរាម​សម្លាប់​មេដឹកនាំ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដីកា​ចាប់​ខ្លួន​អន្តរជាតិ​ត្រូវ​បាន​ចេញ​ដើម្បី​ចាប់​ពលរដ្ឋ​ខ្មែរ​អាមេរិក​៣​នាក់ ដែល​រដ្ឋាភិបាល​ចោទ​ថា បាន​គំរាម​សម្លាប់​មេដឹកនាំ​ខ្មែរ​ជាច្រើន​នាក់។

នគរបាល​អន្តរជាតិអាំងទែប៉ូល​បាន​បន្ថែម​ឈ្មោះ បូណា ប៊ុនផាត់ អាយុ​៤៤​ឆ្នាំ ម៉ៅ ឃឿន អាយុ៥០​ឆ្នាំ និង យឿន សំរិទ្ធី ដេវិដ អាយុ​៤៩​ឆ្នាំ លើ​បញ្ជី​តាម​ចាប់​ខ្លួន​របស់​អាំងទែប៉ូល ពី​បទធ្វើ​ការ​គំរាមកាលពី​ដើម​ឆ្នាំ​នេះ ក្នុងពេល​ដែល​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​ជាច្រើន​លើក​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​តវ៉ា​នឹង​លទ្ធផល​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ស្នើ​អាំងទែប៉ូល​និង​សហរដ្ឋ​អាមេរិក​ឲ្យ​បញ្ជូន​អ្នក​ទាំង​នេះ​ពី​រដ្ឋ​វ៉ាស៊ីនតោន រដ្ឋ​ផេនស៊ីលវែនៀ​និង​រដ្ឋ​ចចចា មក​កម្ពុជា​ឲ្យ​ប្រឈម​នឹង​ការ​កាត់​ទោស។

លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​បដិសេធ​មិន​និយាយ​ថា ​សំណើ​នោះ​ត្រូវ​បាន​បញ្ជូនពេលណា ឬមេដឹកនាំ​ណាខ្លះ​ដែល​បុរស​ត្រូវគេ​ចោទ​ទាំង​នេះ គំរាម​សម្លាប់​នោះទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​សង្ឃឹម​ថា អាំងទែប៉ូល និង អេហ្វប៊ីអាយ នឹង​បញ្ជូន​ពួកគេ​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ”។

ឧត្តម​សេនីយ៍ សុភ័គ មាន​ប្រសាសន៍​ថា អ្នក​ទាំងបី​បាន​”ភៀស​ខ្លួន”​ចេញពី​ប្រទេស​កម្ពុជា​ដើម្បី​គេចពី​ទោសទណ្ឌ ប៉ុន្តែថា ពួកគេ​នៅតែ “ត្រូវ​ប្រឈមនឹង​ផ្លូវ​ច្បាប់”ដដែល។

“យើង​កំពុង​សហការ​ជាមួយ​អាំងទែប៉ូល​ដើម្បី​ចាប់​ខ្លួន​ពួកគេ ពីព្រោះ​ទោះបីជា​ពួកគេ​មាន​សញ្ជាតិ​ផ្សេង​ក៏​ដោយ ក៏​នគរបាល​អាំងទែប៉ូល​អាច​ចាប់​ពួកគេ​នៅទី​ណាក៏បាន​ដែរ​លើ​ពិភព​លោក​នេះ”។

លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក លោក ប៊ុនផាត់ មើល​ទៅ​ទំនង​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្លៀវក្លា ដោយមាន​រូបថត​ជាច្រើន ​ឃើញ​គាត់​នៅ​ពីមុខ​បដា​គណបក្ស​ប្រឆាំង​ជាមួយ កញ្ញា កឹម មនោវិទ្យា កូនស្រី​ច្បង​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ កញ្ញា កឹម មនោវិទ្យា ជាអគ្គនាយក​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ប៊ុនផាត់ ក៏​ជា​សមាជិក​ម្នាក់​នៃ​សំឡេង​ខ្មែរ​ប្រជាធិបតេយ្យ​ដែរ ជា​ក្រុម​មួយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តាកូម៉ា រដ្ឋវ៉ាស៊ីងតោន ហើយ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​អាមេរិក​ឲ្យ​ដឹង​ថា គាត់​ទទួល​ទោស​ស្រាល​កាលពី​ខែ​មេសា បន្ទាប់ពី​ឆ្លើយ​សារភាព និង​ទទួល​ស្គាល់​ថាបានជួញ​ដូរ​សត្វព្រៃ​ខុស​ច្បាប់​ដ៏ច្រើន។

ព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ម្សិលមិញ​ថា លោក ឃឿន និង​លោក យឿន ក៏​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។

ពេល​ត្រូវ​សួរ​អំពី​រួបថត​របស់​កញ្ញា​និង​លោក ប៊ុនផាត់ កញ្ញា មនោវិទ្យា បាន​និយាយ​ថា កញ្ញា​មិន​អាច​ស្គាល់​គ្រប់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កញ្ញា​បាន​ជួប​នោះ​ទេ។

“ខ្ញុំ​មិន​ប្រាកដ​ច្បាស់​ថា នរណា​ដែល​អ្នក​ចង់​និយាយ​សំដៅ​នោះ​ទេ។ ប្រាកដ​ណាស់ ខ្ញុំ​មាន​រូបថត​រាប់​ពាន់​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ”។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​សោះ​អំពី​ករណី​នេះ។មានិត

(រាយការណ៍​បន្ថែម​​ដោយ Holly Robertson)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស