យោងតាមមន្ត្រីម្នាក់នៅនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិវៀតណាមជាង១៦០នាក់ ដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវបាននិរទេសត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញចាប់តាំងពីជំរឿនលើជនបរទេសបានចាប់ផ្តើមកាលពីដើមឆ្នាំនេះមក។
លោក ម៉ម ស្រីុមវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា ជនជាតិវៀតណាម១៦៤នាក់ ត្រូវបាននិរទេសចេញពីខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តតាកែវ តាំងពីថ្ងៃទី៣០ ខែកក្កដាមក។
ជនអន្តោប្រវេសន៍ខុសច្បាប់ដ៏ច្រើន សរុបមាន១៥២នាក់ កំពុងរស់នៅក្នុងខេត្តស្វាយរៀង។ ជនអន្តោប្រវេសន៍ប្រាំមួយនាក់ទៀតត្រូវបានរកឃើញនៅខេត្តតាកែវ និងប្រាំមួយនាក់ផ្សេងទៀតនៅខេត្តព្រៃវែង។
លោក ស្រីុមវណ្ណា បានមានប្រសាសន៍ថា “ក្រៅពីប្រជាជនវៀតណាម ក៏មានជនជាតិបរទេសផ្សេងទៀតដែរ ដែលត្រូវបានរកឃើញកំពុងស្នាក់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា”។ លោកបានមានប្រសាសន៍ថា រហូតដល់ពេលនេះ មនុស្សជាង២០០នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ជាផ្នែកមួយនៃការធ្វើជំរឿននេះ។
លោកបានឲ្យដឹងទៀតថា “ឥឡូវនេះ យើងកំពុងបន្តការធ្វើជំរឿននៅឡើយ ដូច្នេះយើងអាចរកឃើញជនបរទេសខុសច្បាប់ច្រើនទៀត”។
ជំរឿន ដែលក្រុមមន្ត្រីសន្យាថា នឹងមានលក្ខណទូលំទូលាយនិងមានប្រសិទ្ធភាពជាងលើកមុនៗនោះ បានផ្តោតលើជនជាតិមកពីប្រទេសចិន ឥណ្ឌា រុស្សី និងប្រទេសនីហ្សេរីយ៉ា ដែលត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ បន្ទាប់ពីត្រូវបានរកឃើញថា កំពុងស្នាក់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា៕មានិត