34 C
Phnom Penh

ក្រុម​​​មេធាវី​ស្នើ​​​ឲ្យ​​​តុលាការ​ដោះ​លែង​សមាជិក​ក្រុម​​​ប្រឹក្សា​​​ខណ្ឌ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​នៅ​​​ក្រៅ​​​ឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​​​មួយ​​​ក្រុម​​​តំណាង​​​ឲ្យ​​​លោក​​​ ស៊ុម វុទ្ធី សមាជិក​ក្រុម​​​ប្រឹក្សា​​​ខណ្ឌ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ជាប់​​​ពន្ធនាគារ បាន​​​ដាក់​​​សំណើ​​​សុំ​ដោះលែង​​​នៅ​​​ក្រៅ​​​ឃុំ​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​​​​កាល​​​ពី​​​ម្សិល​​​មិញ ដោយ​​​លើក​​​ឡើង​​​ថា​​​ មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​១១​​​នាក់​​​ផ្សេង​​​ទៀត​​​ដែល​​​ជាប់​​​ចោទ​​​ជា​​​មួ​​យ​​​លោក វុទ្ធី ត្រូវ​​​បាន​​​ដោះ​​​លែង​​​​​​ឲ្យ​​​មាន​​​សេរីភាព​​​ក្នុង​​​ពេល​​​ពួក​​​គេ​​​កំពុង​​​រង់ចាំ​​​ការ​​​កាត់​​​ក្តី​​​ដែល​​​មិន​​​ទាន់​​​កំណត់​​​ពេល​​​នៅ​​​ឡើយ​​​។

យោង​​​តាម​​​លោក សំ សុគង់ ជា​​​មេធាវី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បី​​​នាក់​​​របស់​លោក វុទ្ធី បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ លោក​​​ វុទ្ធី ជា​​​សមាជិក​ក្រុម​​​ប្រឹក្សា​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​ ត្រូវ​​​បាន​​​នគរ​​​បាល​​​ចាប់​​​ខ្លួន​​​ពេល​​​កំពុង​​​ជិះ​​​ម៉ូតូ​​​។ លោក សុគង់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា តុលាការ​​​បាន​​​ចោទ​​​កូន​​​ក្តី​​​របស់​​​លោក​​​ថា បាន​​​ចូល​​​រួម​​​ក្នុង​​​កុបកម្ម​​​ ប្រឆាំង​​​មន្ត្រី​​​សាធារណៈ​​​ និង​​​ប្រើ​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស ចំពោះ​​​តួ​​​នាទី​​​របស់​​​លោក​​​ក្នុងបាតុកម្ម​​​របស់​គណបក្ស​ប្រឆាំង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា ដែល​​​បាន​​​ប្រែ​​​​​​ក្លាយ​​​ជា​​​ហិង្សា នៅ​ពេល​អ្នក​​​តវ៉ា​​​បាន​​​វាយ​​​បក​​​វិញ​​​យ៉ាង​​​ចាស់​​​ដៃ​​​លើ​​​ក្រុម​​​សន្តិសុខ​​​ដែល​​​ត្រូវ​​​គេ​​​បញ្ជូន​​​ឲ្យទៅ​​​​​​បំបែក​​​ការ​​​តវ៉ា​​​នោះ។

លោក​​​ សុគង់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ដាក់​​​សំណើ​​​មួយ​​​សុំ​​​ឲ្យ​​​ដោះ​​​លែង​​​​​​រូប​​​គាត់​​​នៅ​​​ក្រៅ​​​ឃុំ ពីព្រោះ​​​គាត់​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា​​​ ដែល​ធ្វើ​ឲ្យ​មន្ត្រី​ និង​​​សកម្ម​​​ជន​​​យុវជន​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ផ្សេង​​​ទៀត​​ត្រូវ​​​បាន​​​គេ​​​ចោទ​​​ ដាក់​​​ពន្ធនាគារ​​​ ហើយ​​​ឥឡូវ​​​នេះ​​​កំពុង​​​នៅ​​​ក្រៅ​​​ឃុំ​​​”។

សមាជិក​​​សភា​​​ប្រាំពីរ​​​រូប​ស្ថិត​ក្នុង​​​ចំណោម​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មួយ​ក្រុម​ដែល​កំពុង​​​​​​ប្រឈម​​​​​​​​​​​នឹង​​​បទ​​​ចោទ​នៅ​ឡើយ​​ ដែល​​​អាច​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ដល់​​​ទៅ​​​៣០ឆ្នាំ៕មានិត​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស