30 C
Phnom Penh

អ្នក​​​តវ៉ា​​​ហែ​​​ក្បួន​​​​​​កាត់តាម​​​រាជធានី​​​ដើម្បី​​​រំឭក​​​ដល់​​​ទិវា​​​គ្រូបង្រៀន​​​ពិភពលោក​​​និង​​​ដាក់​​​ញត្តិ​​​ទាមទារ​​​ដំឡើង​​​ប្រាក់ខែ​​​ដល់​​​គ្រូ​​​បង្រៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​សមាគម​គ្រូបង្រៀន​ដ៏ធំ​​​បំផុត​ក្នុង​ប្រទេស​កម្ពុជា​​​ដែល​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​អប់រំ​កាលពី​ម្សិលមិញ ទាមទារ​ឲ្យ​គ្រូ​​​បង្រៀន​​​ទទួល​បាន​ប្រាក់​ខែ​គោល​ចំនួន​១លាន​រៀល​ បន្ទាប់​ពី​អ្នក​តវ៉ា​ជាង​៣០០​នាក់​បាន​ព្យាយាម​ហែ​​​ក្បួន​កាត់​តាម​រាជ​ធានី​ភ្នំពេញ ដើម្បី​រំឭក​ដល់​ទិវា​គ្រូបង្រៀន​ពិភព​លោក​នោះ ត្រូវ​បាន​រារាំង​ដោយ​កង​រាជ​អាវុធ​ហត្ថ​ប្រដាប់​អាវុធ​មួយ​ក្រុម​ធំ​។cam-photo-front

សមាជិក​សមាគម​​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ រួម​មាន​និស្សិត​ ព្រះសង្ឃ សកម្មជន​សិទ្ធិ​ដីធ្លី សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​សហគមន៍​ខ្មែរ​​​ក្រោម​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិប​​​តេយ្យ​នៅ​ម៉ោង​ប្រហែល​៨ព្រឹក​ ដើម្បី​ស្ដាប់​សុន្ទរកថា​របស់​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​គ្រូបង្រៀន​មួយ​ចំនួន​ទៀត​មក​ពី​ទូទាំង​ប្រទេស​។

លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​​​តាម​​ឧគ្ឃោ​​​សនសព្ទ​ថា “យើង​ប្រារព្ធទិវា​គ្រូ​បង្រៀន​ពិភព​លោក​ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​គុណភាព​អប់រំ ពី​ព្រោះ​​ការ​អប់រំ​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​យើង​ព្រួយបារម្ភ​អំពី​អនាគត​យុវជន​ដែល​ត្រូវ​​ប្រកួត​ប្រជែង​ជាមួយ​យុវជន​ដទៃ​​​ទៀត​ក្នុង​តំបន់​”។

លោក រ៉ុង ឈុន បាន​បន្ថែម​ថា ប្រទេស​កម្ពុជា​ប្រឈម​នឹង​​ការ​ស្ថិត​ក្រោម​​​​​ “អាណានិគម”​បណ្ដា​ប្រទេស​ផ្សេង​​ទៀត​ក្នុង​ការ​​​ធ្វើ​ការ​ងារ​ ដែល​យុវជន​កម្ពុជា​គ្មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ដោយ​សារ​តែ​ស្ថាន​​​​ភាព​​​ដ៏​​​គួរ​​​ឲ្យ​​​ព្រួយបារម្ភ​នៃ​ប្រព័ន្ធ​អប់រំ​​នេះ​ឯង​។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រូប​នេះ​ក៏​បាន​រិះគន់​ផែន​ការ​ដែល​​ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​សីហា ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​គោល​ដល់​មន្ត្រី​រាជ​ការ​ដែល​បម្រើ​ការ​ក្រោម​ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល ពី​១០៥​ដុល្លារ​ដល់​១៣៨​ដុល្លារ​នៅ​ខែ​មេសាផងដែរ ដោយ​លើក​ឡើង​ថា ការ​ដំឡើង​នេះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។

បន្ទាប់​ពី​ម៉ោង​៩ព្រឹកបន្តិច ក្រុម​អ្នក​តវ៉ា​មួយ​ក្រុម​ធំ​បាន​ចាប់​ផ្ដើម​ហែ​​​ក្បួន​តាម​ផ្លូវ​លេខ​៥១​ ដោយ​ស្រែក​ខណៈ​ដែល​ពួកគាត់​បាន​លើក​បដា​ ដោយ​មាន​សរសេរ​ពាក្យ​ស្លោក​ថា
“ក្រពះ​ឃ្លាន​បង្រៀន​មិន​កើត”។

សំណើ​ពីរ​របស់​នគរ​បាល​ចរាចរ​ខណ្ឌ​ដូនពេញ​មិន​ឲ្យ​ហែ​​​ក្បួន​តាម​មហាវិថី​ព្រះ​​​នរោត្តម មិន​ត្រូវ​បាន​អ្នក​តវ៉ា​យក​ចិត្ត​ទុក​ដាក់​ឡើយ ដែល​ពួកគាត់​បាន​ហែ​​​ក្បួន​ចម្ងាយ​៣០​ម៉ែត្រ​​ពីក្រសួង​អប់រំ មុនពេល​ត្រូវ​បាន​រារាំង​ដោយ​កង​រាជ​អាវុធ​ហត្ថ​ប្រហែល​៥០​នាក់។

កម្លាំង​ប្រដាប់​អាវុធ​ប្រហែល​២៥០​នាក់ ដែល​មួយ​ចំនួន​ប្រដាប់​ដោយ​កាំភ្លើង​វែង បាន​​​ចល័ត​​​ទៅ​​​មក​​​ក្បែរ​វិមាន​ឯករាជ្យ។

ទីបំផុត​​​តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រាំ​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ក្រសួង​នៅ​ម៉ោង​ប្រហែល​១០​និង​៤៥​នាទី​ព្រឹក ដើម្បី​ដាក់​ញត្តិ​ដែល​រួម​មាន​ការ​អំពាវ​នាវ​ឲ្យ​ដំឡើង​ប្រាក់​ខែ​គោល ប្រាក់​ឧបត្ថម្ភ​​១៥.០០០​រៀល​នៅ​ថ្ងៃ​បុណ្យ​ជាតិ និង​លុប​បំបាត់​អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ។

ក្រុម​អ្នក​តវ៉ា​បាន​ហែ​​​ក្បួន​ទៅ​សួន​មុខ​វត្ត​បទុម​ ដែល​នៅ​ទីនោះ​ពួកគាត់​ក៏​បាន​ដាក់​ញត្តិ​ទៅ​លោក គង់ ចំរើន លេខា​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ដែល​បាន​សន្យា​បញ្ជូន​ញត្តិ​នេះ​ទៅ​ចៅហ្វាយ​នាយ​របស់​លោក​។ ក្រុម​​​អ្នក​តវ៉ា​បាន​បំបែក​​​គ្នា​នៅ​មុន​ពេល​ថ្ងៃ​ត្រង់​បន្តិច។

លោក គួច ចំរើន អភិបាល​ខណ្ឌ​ដូនពេញ​បាន​មាន​ប្រសាសន៍​ថា លោក​ស្រងាក​ចិត្ត​នឹង​​​ការ​​​ដែល​​​​អ្នក​តវ៉ា​មិន​គោរព​តាម​សំណើ​ឲ្យ​បញ្ចៀស​ការ​ហែ​​​ក្បួន​តាម​មហាវិថី​ព្រះ​នរោត្តម។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​​​​មិន​​​អាច​​ទុក​ចិត្ត​អ្នក​ទាំង​នោះ​​​បាន​​​​តទៅ​ទៀត​ទេ ពីព្រោះ​នៅ​ពេល​យើង​បាន​ជួប​ប្រជុំ​​​ជាមួយ​ពួកគាត់ ពួកគាត់​បាន​យល់​ព្រម​ហែ​​​ក្បួន​តែតាម​ផ្លូវ​លេខ​៥១​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគាត់​មិន​គោរព​​​តាម​​​​ឡើយ​”៕ សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស