34 C
Phnom Penh

ក្រុមអ្នក​តវ៉ា​គំរាម​ដុត​ស្ថានទូត​វៀតណាម​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តវ៉ា​ដែល​នៅ​តែ​មាន​កំហឹង​ចំពោះ​ការ​លើក​ឡើង​ដោយ​អតីត​អ្នក​នាំពាក្យ​​ស្ថានទូត​វៀតណាម​ម្នាក់​កាលពី​បួន​ខែ​កន្លង​ទៅ​ បាន​បន្ត​ធ្វើ​បាតុកម្ម​កាល​ពី​ចុងសប្ដាហ៍​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​សូម​អភ័យទោស​ ដោយ​បាន​ដុត​ទង់ជាតិ​វៀតណាម​ និង​គំរាម​ដុត​ស្ថានទូត​វៀតណាម​ថែម​ទៀត​។cam-photo-khmer-krom

អំឡុង​កិច្ច​សម្ភាស​តាម​វិទ្យុ​កាលពី​ខែ​មិថុនា លោក ត្រាន វ៉ានថុង អ្នក​នាំពាក្យ​ និង​ជា​លេខាទី១​​​ស្ថានទូត​វៀតណាម​នៅ​ពេល​នោះ ​បាន​ច្រាន​ចោល​ការ​អះអាង​របស់​​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ថា កម្ពុជា​ក្រោម​ដែល​ជា​ផ្នែក​នៃ​​ទឹកដី​វៀតណាម​ភាគ​ខាង​ត្បូង​ក្នុង​ពេល​សព្វ​ថ្ងៃ និង​ជា​​ទឹក​ដី​ដែល​ខ្មែរ​កម្ពុជា​ក្រោមជា​ច្រើន​កំពុង​រស់​នៅ​នោះ​​ ជា​របស់​ប្រទេស​កម្ពុជា​មុន​ពេល​ប្រទេស​បារាំង​កាត់​ទៅ​ឲ្យវៀតណាម​ក្នុង​ឆ្នាំ​១៩៤៩​។

ការ​បាត់​បង់​ទឹក​ដី​នេះ​ធ្វើ​ឲ្យ​​មាន​កំហឹង​​យ៉ាង​ខ្លាំង​ក្នុង​ចំណោមពលរដ្ឋ​ខ្មែរ​ ដែល​ភាគ​ច្រើន​ចងចាំ​ប្រវត្តិ​សាស្ត្រ​​ហើយ​មាន​កំហឹង​ប្រឆាំង​ប្រទេស​ភូមិ​ផង​របង​តែ​មួយ​ដែល​​ស្ថិត​នៅ​ភាគ​ខាង​កើត​​​ប្រទេស​កម្ពុជា​​ ហើយ​ការលើក​ឡើង​របស់​អ្នក​នាំពាក្យស្ថានទូត​វៀតណាម​កាល​ពី​ខែ​មិថុនា បាន​ធ្វើ​ឲ្យ​ផ្ទុះការ​តវ៉ា​​ដោយ​មាន​ការ​ដុត​ទង់ជាតិ​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​​នៅ​ខែបន្ទាប់​។

ដោយ​​នៅ​តែ​រង់ចាំ​ការ​សូម​អភ័យ​ទោស​ អ្នក​តវ៉ា​ជាង​១០០​នាក់​បាន​ត្រឡប់ទៅ​កាន់​ស្ថានទូត​​នេះ​ម្ដង​ទៀត​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​​ម្សិលមិញ​ដើម្បី​ដុតទង់ជាតិ​បន្ថែម​ទៀត​។

ព្រះតេជគុណ​ សឹង ហៃ ​សកម្មជន​ជា​ព្រះសង្ឃ​ និង​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​សមាជិក​និយាយ​ឥតសំចៃ​មាត់​នៃ​ក្រុម​​អ្នក​តវ៉ា​នេះ​បាន​មាន​សង្ឃដីកា​​ថា អ្នក​តវ៉ា​បាន​ដុត​ទង់ជាតិ​ធំៗ​ចំនួន​ប្រាំបួន និង​ទង់ជាតិ​តូច​ៗ​រាប់​រយ​ទៀត​នៅ​ក្នុង​ការ​តវ៉ា​ចំនួនពីរ​ថ្ងៃ​។ នគរ​បាល​បាន​បិទ​ផ្លូវ​មិន​ឲ្យ​ចូល​ទៅកាន់​ស្ថានទូត​វៀតណាម​ឡើយ​ ដោយ​ដាក់​របាំង​ដែក​ការ​ពារ​​នៅ​ចុង​ទាំងសង​ខាង​នៃ​អគារ​របស់​ស្ថាន​ទូត​​ ដែល​ស្ថិត​​នៅ​តាម​បណ្ដាយ​មហាវិថី​ព្រះមុនីវង្ស​ ប៉ុន្តែ​​គ្មាន​​ការ​ប៉ុន​ប៉ង​ធ្វើ​អន្តរាគមន៍​ឡើយ​។

ព្រះ​តេជគុណ សឹង ហៃ បាន​ស្រែក​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍​ថា “ប្រសិន​បើ​អ្នក​ឯង​ចង់​បញ្ចប់​​បញ្ហា​​គឺ​ត្រូវ​តែ​ចេញ​មក​ប្រាប់​ការ​ពិត​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​សុំ​​ទោស​ពលរដ្ឋ​ខ្មែរ។ យើង​ដុត​ទង់ជាតិ​ដើម្បី​បង្ហាញ​ថា យួន​មិន​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​​បាន​ឡើយ”។

ដោយ​ត្រឡប់​មក​វិញ​ម្ដង​ទៀត​កាលពី​ម្សិលមិញ ​ព្រះសង្ឃ​អង្គ​​នេះ​បាន​គំរាម​ធ្វើ​ការ​តវ៉ា​​ដោយ​មាន​ការ​ចាត់​វិធាន​ការ​កាន់​តែ​ខ្លាំង​បន្ថែមទៀត​ប្រសិនបើ​​ប្រទេស​វៀតណាម​មិន​សូមអភ័យ​ទោស​នៅ​ត្រឹម​ថ្ងៃ​នេះ​ទេ​នោះ។

ព្រះ​តេជគុណ​មាន​សង្ឃដីកា​ថា ” បើ​យួន​មិន​ចេញ​មក​​ទេ យើង​នឹង​សម្រុក​ចូល​ទៅ​ក្នុង​ស្ថានទូត​យួន ហើយ​ដុត​ស្ថានទូត​តែ​ម្ដង​”។ អ្នក​ផ្សេងៗ​ទៀត​​ដែល​ចូល​រួម​ការ​តវ៉ា​ដែរ​នោះ ក៏​បាន​ស្រែក​បន្ទរ​ផង​ដែរ។

លោក ថាច់ សេដ្ឋា ដែល​ដឹក​នាំ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ និង​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀបចំ​ការ​តវ៉ា​បាន​លើក​ឡើង​ថា ក្រុម​អ្នក​តវ៉ា​ក៏​នឹង​ចាប់​ផ្ដើម​ធ្វើពហិការ​មិន​ប្រើ​ទំនិញ​វៀតណាម​ផង​ដែរ​នៅ​ថ្ងៃ​នេះ​ ដោយ​នឹង​បញ្ជូន​សមាជិក​របស់​ខ្លួន​ទៅ​តាម​ទីផ្សារ​នានា​ក្នុងរាជ​ធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​អតិថិជន​កុំ​ទិញ​ទំនិញ​វៀតណាម​​ដែល​ដឹកឆ្លង​កាត់​ព្រំដែន។

លោក​បាន​មាន​ប្រសាសន៍​ថា ” វា​ដល់​ពេល​ដែល​យើង​ត្រូវ​ក្រោក​​ឈរ​ឡើង​ទាំង​អស់​គ្នា ហើយ​ដើម្បី​បង្ហាញ​ឲ្យ​យួន​ឃើញ​ថា យើង​រួប​រួម​គ្នា ហើយ​ថា យើង​នឹង​ការ​ពារ​​ជាតិ​ និង​ទឹកដី​របស់​យើង​”។

ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ក្រុម​អ្នក​តវ៉ា​ប្រើ​អំពើ​ហិង្សា​ខ្លាំងនោះ​ឡើយ​។ ​​អ្នក​តវ៉ា​​ពីរ​បី​នាក់​​បាន​ឃាត់​អ្នក​តវ៉ា​ដូច​គ្នា​​កុំ​ឲ្យ​ដុត​ទង់ជាតិ​វៀតណាម​ ប៉ុន្តែ​​គ្មាន​បាន​ផល​អ្វី​ឡើយ​។ យុវជន​វ័យ​ក្មេង​ម្នាក់​​បាន​​ប្រាប់​​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា​ថា ” យើង​មិន​គាំទ្រ​អ្នក​​ដែល​ដុត​ទង់ជាតិ​ឡើយ។ តើ​ការ​ប្រើ​អំពើ​ហិង្សា​មាន​ប្រយោជន៍​អ្វី​? ការ​ប្រើ​អំពើ​ហិង្សា​គឺ​ជា​ដំណោះ​ស្រាយ​របស់​សត្វ​ធាតុ។ យើង​ត្រូវ​តែ​ប្រើ​​​បញ្ញា​របស់​យើង​ដើម្បី​​ដោះ​ស្រាយ​បញ្ហា”។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យសាលា​រាជ​ធានី​បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ទាក់​ទិន​នឹង​ការ​តវ៉ា​នេះ​ឡើយ ដោយ​បង្វែរ​សំណួរ​ទៅ​ស្ថានទូត​វៀតណាម និង​ក្រសួង​ការ​បរទេស​វិញ​។ អ្នក​នាំពាក្យ​​ស្ថានទូត​វៀតណាម​ក៏មិន​អាច​ទាក​់ទង​បាន​ដែរ​។

បន្ទាប់ពី​អ្នក​តវ៉ា​បាន​ដុត​ទង់ជាតិ​មួយ​របស់​វៀតណាម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​កាលពី​​ខែ​សីហា ​ក្រសួង​ការ​បរទេស​វៀតណាម​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​​ថ្កោល​ទោស​ទង្វើ​នេះ ហើយ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​លើ​ក្រុម​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នេះ​។

​ទោះ​ជា​យ៉ាង​ណា​ រដ្ឋាភិបាល​​​មិន​បាន​ធ្វើ​ការ​លើ​​ករណី​នេះ​ឡើយ​ ហើយ​បាន​លើក​ឡើង​ថា ​វា​ជាសិទ្ធិ​ក្នុង​ការ​តវ៉ា​ជា​សាធារណៈ​។

ក្រសួង​ការ​បរទេស​​កម្ពុជា​បាន​ប្រកាស​​កាលពី​ខែ​មុន​ថា លោក វ៉ានថុង នឹង​ត្រូវ​ជំនួស​តំណែង​​ជា​អ្នក​នាំពាក្យ​ស្ថានទូត​ដោយ​អ្នក​ផ្សេង​៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស