នគរបាលខេត្តបាត់ដំបងបានលើកឡើងថា ពួកគេបានជួបប្រជុំជាមួយអ្នកជំនាញមកពីរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាពីការបន្តស៊ើបអង្កេតលុយជាង៧លានដុល្លារ ជាអ្វីដែលគេជឿថា ជារូបិប័ណ្ណអាមេរិកក្លែងក្លាយដែលរឹបអូសបានពីជនជាតិថៃបីនាក់នៅក្នុងខេត្តនេះកាលពីខែមុន។
កាលពីថ្ងៃទី១៩ ខែកញ្ញា នគរបាលបានចាប់ខ្លួន ចំរ៉ាស ពុងសាត អាយុ៥២ឆ្នាំ ប្រាមុត រ៉ៃស៊ីរី អាយុ៤៨ឆ្នាំ និង កិត្តិថាម៉េត មិត្តិគុលសាវ៉ាត អាយុ៤៧ឆ្នាំ ខណៈដែលពួកគេទាំងបីបានព្យាយាមដោះដូរក្នុងទឹកប្រាក់ ៧.១៦០.០០០ដុល្លារ ដែលសុទ្ធតែជាក្រដាស១០០ដុល្លារ ជាមួយមន្ត្រីកម្ពុជាសម្ងាត់របស់យើងបន្ទាប់ពីឆ្លងចូលតាមច្រកព្រំដែនអូររំដួលក្នុងស្រុកភ្នំព្រឹកបានបន្តិច ។
ប្រាមុត និង កិត្តិថាម៉េត ត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនរូបិយប័ណ្ណក្លែងក្លាយនេះ
និងបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត។
លោក ពុងសាត វរនាវីឯកកងទ័ពជើងទឹកថៃ ត្រូវបានដោះលែងបន្ទាប់ពីនគរបាលបានសម្រេចថា ជននេះមិនជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការនោះ បើទោះជាមានវត្តមាននៅពេលការដោះដូរនោះក៏ដោយ។
លោក អូន ហៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានមានប្រសាសន៍ថា នគរបាលជាន់ខ្ពស់ក្នុងខេត្តនេះបានជួបប្រជុំកាលពីថ្ងៃព្រហស្បតិ៍ជាមួយក្រុមអ្នកជំនាញអាមេរិកដែលមានមូលដ្ឋានក្នុងទីក្រុងបាងកក មន្ត្រីពីរនាក់មកពីស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញនិងមន្ត្រីថៃ។
លោក ហៃ បានមានប្រសាសន៍ថា “ក្រុមអ្នកជំនាញបានប្រាប់យើងថា ពួកគេបានតាមដានការចរាចរលុយខុសច្បាប់នេះជាងពីរឆ្នាំមកហើយ។ ពួកគេបាននិយាយថា លុយនេះត្រូវបានបោះពុម្ពដោយប្រើប្រាស់មា៉ាស៊ីនបោះពុម្ពកម្រិតលេខ១ពីសហរដ្ឋអាមេរិក”។
លោក ចិត្រ វណ្ណី ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា ក្រុមអ្នកជំនាញមានតម្រុយតិចតួចក្នុង ការស៊ើបអង្កេតរកមេខ្លោងពាក់ព័ន្ធក្រដាសប្រាក់ក្លែងក្លាយនេះ។
លោក វណ្ណី បានមានប្រសាសន៍ថា ” ក្រុមអ្នកជំនាញបានប្រាប់យើងថា លុយនេះមិនត្រូវបានយកដកពីធនាគារទេ ប៉ុន្តែត្រូវបានបោះពុម្ពក្នុងប្រទេសថៃ”។ លោកបានបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតអាមេរិកបានលើកឡើងថា លុយនេះត្រូវបានបោះពុម្ពដោយប្រើវិធីសាស្ត្រទំនើបដែលត្រូវគេប្រើដើម្បីបោះពុម្ពរូបិយប័ណ្ណអាមេរិកក្លែងក្លាយ ដែលត្រូវបានរឹបអូសក្នុងប្រទេសម៉ាឡេស៊ីផងដែរ ។
លោក វណ្ណី បានមានប្រសាសន៍ថា ” ក្រុមអ្នកជំនាញមិនបានប្រាប់យើងអំពីព័ត៌មានលម្អិតបន្ថែមទៀតអំពីលុយនេះទេ ប៉ុន្តែពួកគេបានប្រាប់យើងថា ជនទាំងនេះបានចំណាយពេលយ៉ាងតិចក៏ពីរខែដើម្បីបោះពុម្ពរូបិយប័ណ្ណនេះ”។
ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញមិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយឡើយ៕ សារុន