ប័ណ្ណសារ

នគរបាល​​លើក​​​ឡើង​​​ថា អ្ន​​ក​​​ជំនាញ​​​អាមេរិក​​​ចូលរួម​​​ស៊ើប​​​អង្កេត​​រូបិយប័ណ្ណ​​​​​​ក្លែង​​​ក្លាយ

By

October 06, 2014

នគរ​​​បាល​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​លើក​​​ឡើង​​​ថា ពួកគេ​​​បាន​​​ជួប​​​ប្រជុំ​​​ជាមួយ​​​អ្នក​​​ជំនាញ​​​មក​​​ពី​​​រដ្ឋា​​​ភិ​​​បាល​​​អាមេរិក​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ដើម្បី​​​ពិភាក្សា​​​ពី​​​ការ​​​បន្ត​​​ស៊ើប​​​អង្កេតលុយ​​​ជាង​​​៧លាន​​​ដុល្លារ​​​ ជា​​​អ្វី​​​ដែលគេ​​​ជឿ​​​ថា ជា​​​រូបិប័ណ្ណអាមេរិក​​​ក្លែង​​​ក្លាយដែលរឹបអូសបាន​​​ពី​​​ជន​​​ជាតិ​​​ថៃ​​​បីនាក់​​​នៅក្នុង​​​ខេត្ត​​​នេះ​​​កាលពី​​​ខែមុន។

កាលពី​​​ថ្ងៃទី​​​១៩ ខែ​​​កញ្ញា នគរបាល​​​បាន​​​ចាប់ខ្លួន​​​ ចំរ៉ាស ពុង​​​សាត អាយុ​​​៥២ឆ្នាំ ប្រាមុត រ៉ៃស៊ីរី អាយុ​​​៤៨ឆ្នាំ និង កិត្តិថាម៉េត មិត្តិគុលសាវ៉ាត អាយុ​​​៤៧ឆ្នាំ ខណៈដែល​​​ពួកគេ​​​ទាំង​​​បី​​​បាន​​​ព្យាយាម​​​ដោះដូរ​​ក្នុង​​​​ទឹក​ប្រាក់​​​ ៧.១៦០.០០០ដុល្លារ​​​ ដែល​​​សុទ្ធតែ​​​ជា​​​ក្រដាស​​​១០០​​​ដុល្លារ​​​ ជាមួយ​​​មន្ត្រី​​​កម្ពុ​​​ជា​​​សម្ងាត់​​​របស់​​​យើង​​​​​​បន្ទាប់ពី​​​ឆ្លង​​​ចូល​​​តាម​​​ច្រក​​​ព្រំដែន​​​អូររំដួល​​​​​​ក្នុង​​ស្រុក​​​​​​ភ្នំព្រឹក​​​បាន​​​បន្តិច ។

ប្រាមុត និង​​​ កិត្តិ​​​ថាម៉េត ត្រូវ​​​បាន​​​ចោទប្រកាន់​​​ពី​​​បទ​​​ដឹក​​​ជញ្ជូន​​​រូបិយ​​​ប័ណ្ណ​​​ក្លែងក្លាយ​​​នេះ និង​​​បាន​​​បញ្ជូន​​​ទៅ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​។

លោក ពុងសាត វរនាវីឯក​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ថៃ​​​​​​ ត្រូវ​​​បាន​​​ដោះលែង​​​បន្ទាប់ពី​​​នគរ​​​បាល​​​បាន​​​សម្រេច​​​ថា ជន​​​នេះ​​​មិន​​​ជាប់​​​ពាក់ព័ន្ធ​​​ក្នុង​​​ប្រតិបត្តិការ​​​នោះ​​ បើ​​​ទោះ​​​ជា​​​មាន​​​វត្ត​​​មាន​​​នៅ​​​ពេល​​​​​​ការ​​​ដោះដូរ​​​នោះ​​​ក៏ដោយ។

លោក អូន ហៃ នាយ​​​ការ​​​ិយាល​​​័យ​នគរបាល​​​ព្រហ្ម​​​ទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​​​​បាន​​​មាន​​​ប្រសា​​​សន៍ថា នគរបាល​​​ជាន់​​​ខ្ពស់​​​ក្នុង​​​ខេត្ត​​​នេះ​​​បាន​​​ជួប​​​ប្រជុំ​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ជាមួយ​​​ក្រុម​​​អ្នក​​​ជំនាញ​​​អាមេរិក​​​ដែល​​​មាន​​​មូលដ្ឋាន​​​ក្នុង​​​ទីក្រុង​​​បាងកក​​​ មន្ត្រី​​​ពីរ​​​នាក់​​​មក​​​ពី​​​ស្ថានទូត​​​អា​​​មេរិក​​​ក្នុង​​​រាជធានី​​​ភ្នំពេញនិង​​​មន្ត្រី​​​ថៃ។

លោក ហៃ បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រុម​​​អ្នក​​​ជំនាញ​​​បាន​​​ប្រាប់​​​យើង​​​ថា ពួកគេ​​​បាន​​​តាម​​​ដាន​​​ការ​​​ចរាចរ​​​លុយ​​​ខុស​​​ច្បាប់​​​នេះ​​​​​​​​​ជាង​​​ពីរ​​​ឆ្នាំ​​​មក​​​ហើយ​​​។ ពួកគេ​​​បាន​​​និយាយ​​​ថា លុយ​​​នេះ​​​​​​ត្រូវ​​​បាន​​​បោះ​​​ពុម្ព​​​ដោយ​​​ប្រើ​​​ប្រាស់​​​មា៉ាស៊ីន​​​បោះពុម្ព​​​កម្រិត​​​លេខ​​​១​​​ពី​​​សហរដ្ឋ​​​អាមេរិក​​​”។

លោក ចិត្រ វណ្ណី ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​អ្នក​​​ជំនាញ​​​មាន​​​តម្រុយ​​​តិច​​​តួច​​​ក្នុង ការ​​​ស៊ើប​​​អង្កេត​​​រក​​​មេខ្លោង​​​ពាក់ព័ន្ធ​​​ក្រដាសប្រាក់​​​​​ក្លែង​​​ក្លាយ​​​នេះ។

លោក​​​ វណ្ណី បាន​​​មាន​​​ប្រសាសន៍​​​ថា ” ក្រុម​​​អ្នក​​​ជំនាញ​​​បាន​​​ប្រាប់​​​យើង​​​ថា លុយ​​​នេះ​​​មិន​​​ត្រូវ​​​បាន​​​យក​​​ដកពី​​​ធនាគារ​​​ទេ ប៉ុន្តែ​​​ត្រូវ​​​បាន​​​បោះ​​​ពុម្ព​​​ក្នុង​​​ប្រទេស​​​ថៃ”។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​អ្នក​​​ស៊ើប​​​អង្កេត​​​អាមេរិក​​​បាន​​​លើក​​​ឡើង​​​ថា លុយ​​​នេះ​​​ត្រូវ​​​បាន​​​បោះ​​​ពុម្ព​​​ដោយ​​​ប្រើ​​​វិធី​​​សាស្ត្រ​​​ទំនើប​​​​​​ដែល​​​ត្រូវ​​​គេ​​​ប្រើ​​​ដើម្បី​​​បោះ​​​ពុម្ព​​​រូបិយប័ណ្ណ​​​អាមេរិក​​​ក្លែង​​​ក្លាយ​​​ ដែល​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី​​​ផង​​​ដែរ​​​ ។

លោក វណ្ណី បាន​​​មាន​​​ប្រសាសន៍​​​ថា ” ក្រុម​​​អ្នក​​​ជំនាញ​​​មិន​​​បាន​​​ប្រាប់​​​យើង​​​អំពី​​​ព័ត៌មាន​​​លម្អិត​​​បន្ថែម​​​ទៀត​​​អំពី​​​លុយ​​​នេះ​​​ទេ ប៉ុន្តែ​​​ពួកគេ​​​បាន​​​ប្រាប់​​​យើង​​​ថា ជន​​​ទាំង​​​នេះ​​​បាន​​​ចំណាយ​​​ពេល​​​យ៉ាង​​​តិច​​​ក៏​​​ពីរ​​​ខែ​​​ដើម្បី​​​បោះ​​​ពុម្ព​​​រូបិយប័ណ្ណ​​​នេះ”។

ស្ថានទូត​​​អាមេរិក​​​​​​ប្រចាំ​​​រាជ​​​ធានី​​​ភ្នំពេញ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ចំពោះ​​​សំណើ​​​សុំ​​​អត្ថាធិប្បាយ​​​ឡើយ៕ សារុន​​​​​