28 C
Phnom Penh

មន្ត្រី​​​រដ្ឋ​​​បាល​​​ព្រៃឈើ​​​ចាប់ខ្លួន​​​បុរស​​​ម្នាក់​​​និង​​​រឹបអូស​​​ឈើ​​​គ្រញូង​​​ទម្ងន់​​​៤៥០គីឡូក្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់​មន្ត្រី​​រដ្ឋបាល​ព្រៃឈើ​​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ បាន​ឈាន​​ដល់​ការ​ចាប់​ខ្លួន​បុរស​ម្នាក់ ដែល​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់​ទម្ងន់​៤៥០​គីឡូក្រាម​នៅ​ក្នុង​រថយន្ត​ភីក​​​អាប់​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ នៅ​ក្នុង​ខេត្ត​សៀមរាប។

លោក សំរិទ្ធ សុខុម ព្រះរាជ​អាជ្ញា​​​រង​បាន​មាន​ប្រសាសន៍​ថា ស៊ុន ប៊ុនរិទ្ធ អាយុ​២២​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​កន្លែង​កម្សាន្ត​មួយ​ក្នុង​​​ក្រុង​សៀមរាប ទី​ដែល​ជន​នេះ​​បាន​ព្យាយាម​គេច​ខ្លួន​​ពី​អាជ្ញាធរ​​។

លោក សុខុម បាន​មាន​ប្រសាសន៍​ថា ​”ជន​​​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​​បន្ទាប់ពី​កម្លាំង​ចម្រុះ​​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ កង​រាជ​​អាវុធ​ហត្ថ និង​នគរ​បាល​សេដ្ឋកិច្ច​បាន​ដេញ​តាម​ជន​​​នេះ​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដល់​ក្រុង​សៀមរាប​”។

លោក សុខុម បាន​បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ​មិនទាន់​មាន​ការ​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ ហើយ​លោក​ ប៊ុនរិទ្ធ កំពុង​ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប ខណៈ​ដែល​រង់ចាំ​ការ​សាក​សួរ​ពីសំណាក់​ចៅក្រម​ស៊ើបសួរ​។

លោក សុខុម បាន​មាន​ប្រសាសន៍​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ឧត្តរ​មានជ័យ​បាន​ផ្ដល់​ព័ត៌​​​មាន​ដល់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប ថា​មាន​​រថយន្ត​មួយ​គ្រឿង​កំពុង​បើក​មក​ ហើយ​មន្ត្រី​​រដ្ឋបាល​ព្រៃ​​​ឈើ​​​ក្រុង​សៀមរាប​​បាន​ចាប់​ផ្ដើម​​​ដេញ​តាម​​​រថយន្ត​​​នោះ​។

នៅ​ពេល​អ្នក​បើក​បរ​ព្យាយាម​បើក​គេច​ពី​មន្ត្រី​រដ្ឋ​​​បាល​​​ព្រៃឈើ ដោយ​បើក​ចូល​ទៅ​ក្នុង​កន្លែង​ចត​រថយន្ត​​នៅ​កន្លែង​កម្សាន្ត​​មួយ​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ចាប់​ខ្លួន​ជន​​​នេះ​ ហើយ​រឹប​អូស​បាន​ឈើ​គ្រញូង​៤០​ដុំ​​ទម្ងន់​ប្រហែល​៤៥០​គីឡូក្រាម​ពី​រថយន្ត​នេះ​។ឈើ​នេះ​កំពុង​រក្សាទុក​នៅ​ការិយាល័យ​រដ្ឋបាល​​​ព្រៃឈើ​ខេត្ត​សៀមរាប​។

លោក ម៉ែន វុទ្ធី មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា ” យើង​សង្ស័យ​​​ថា ​​​រថយន្ត​នេះ​ដឹក​ឈើ​គ្រញូង​។ កម្លាំង​របស់​យើង​បាន​ដេញ​​​តាម ហើយ​​​​ចាប់ខ្លួន​​​​​អ្នក​បើក​បរ​បាន​​​ក្នុង​ក្រុង​សៀមរាប និង​រឹប​អូស​ឈើ​គ្រញូង​នោះ​”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស