អ្នកតវ៉ាជាង១.៥០០នាក់មកពីទូទាំងប្រទេស បានប្រារព្ធទិវាលំនៅដ្ឋានពិភពលោករបស់អង្គការសហប្រជាជាតិនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយហែក្បួនទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញចេញពីដីធ្លី និងផ្ទះសំបែង ហើយផ្ដល់សំណងសមរម្យដល់អ្នកដែលត្រូវបានបណ្ដេញចេញរួចហើយ។
ក្រុមនេះបានប្រមូលផ្ដុំគ្នាកាលពីព្រឹកម្សិលមិញនៅអតីតតំបន់ដីក្រហមក្នុងខណ្ឌចំការមន ទីដែលការបណ្ដេញចេញដ៏ហិង្សាបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់រាជធានីភ្នំពេញ បានកើតឡើងកាលពីឆ្នាំ២០០៩។
បន្ទាប់ពីព្រះសង្ឃ និងសកម្មជនថ្លែងសុន្ទរកថារួច ក្រុមអ្នកតវ៉ាបានសែងផ្ទះឈើតូចមួយ ហើយដឹកនាំការតវ៉ាតាមផ្លូវឆ្ពោះទៅរដ្ឋសភាដើម្បីដាក់ញត្តិ។ បន្ទាប់ពីស្រែកនៅខាងក្រៅរដ្ឋសភាអស់រយៈពេលបីម៉ោង តំណាងប្រាំបីនាក់ត្រូវបានអនុញ្ញាតឲ្យចូលទៅខាងក្នុងដើម្បីដាក់ញត្តិជូនតំណាងរាស្ត្របួនរូបដូចជា លោកស្រី កែ សុវណ្ណរតន៍ លោក អេង ឆៃអ៊ាង និងលោក ចាន់ ចេង មកពីគណបក្សសង្គ្រោះជាតិ និងលោកស្រី ឡោ ខេង មកពីគណបក្សប្រជាជនកម្ពុជា។
តំណាងម្នាក់ឈ្មោះ ឡុង ចណ្ឌី បាននិយាយបន្ទាប់ពីចេញមកផ្លូវវិញថា ” យើងបានជួបតំណាងរាស្ត្របួនរូប ហើយពួកគាត់បានសន្យាស្វែងរកដំណោះស្រាយអំឡុងសម័យប្រជុំសភាលើកក្រោយ”។
អ្នកតវ៉ាម្នាក់ឈ្មោះ ហ៊ុយ យ៉ារុំ អាយុ៥៦ឆ្នាំ មកពីសហគមន៍បឹងកក់ ដែលត្រូវបានបណ្ដេញចេញនិយាយថា អ្នកស្រីមិនរំពឹងថា ការតវ៉ាឬការដាក់ញត្តិនឹងមិនទទួលបានផលច្រើនឡើយ។ អ្នកស្រីនិយាយទៀតថា ” តំណាងរាស្ត្របានសន្យាដោះស្រាយបញ្ហានេះឲ្យពួកយើង។ ខ្ញុំមិនជឿពួកគាត់ទេ ប៉ុន្តែយើងត្រូវតែព្យាយាម ពីព្រោះយើងគ្មានផ្ទះសំបែង”។
ខណៈពេលក្រុមអ្នកតវ៉ាបន្តដើរឆ្ពោះទៅតាមផ្លូវលេខ៧ ដើម្បីដាក់ញត្តិមួយទៀតនៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមនេះត្រូវបានរារាំងដោយរបាំងបិទផ្លូវ ដែលសន្តិសុខជាង១០នាក់បានដាក់។ បន្ទាប់ពីឈរនៅចំណុចរបាំងដែកបិទផ្លូវអស់រយៈពេលមួយម៉ោង អ្នកតវ៉ាទាំងនេះបានប្រគល់ញត្តិឲ្យលោក គង់ ចំរើន ដែលជាមន្ត្រីខុទ្ទកាល័យ និងលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ហើយក៏បានបញ្ចប់ការហែក្បួននេះ។
ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ១០ភាគរយនៃប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ឬប្រហែល២០០.០០០នាក់ត្រូវបានបណ្ដេញចេញ នេះបើយោងតាមការឲ្យដឹងពីលោក សៀ ភារម្យ នាយកអង្គការក្រុមការងារសិទ្ធិលំនៅដ្ឋាន ជាអង្គការមួយក្នុងចំណោមអង្គការចំនួន១១២ដែលបានចូលរួមពាក់ព័ន្ធនៅក្នុងការហែក្បួនកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋចំនួន៧០០.០០០នាក់ផ្សេងទៀតនៅទូទាំងប្រទេស ត្រូវបានបណ្ដេញចេញពីផ្ទះសំបែងឬដីធ្លីរបស់ពួកគេដោយការបង្ខិតបង្ខំ៕ សុខុម