28 C
Phnom Penh

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ និង​​​នគរបាល​​​រាជ​​​ធានី​​​ជាង​​​៣.៥០០នាក់​​​នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​​​​សម្រាប់​​​​​​ ពិធីបុណ្យ​​​អុំ​​​ទូក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​មន្ត្រី​​​នគរ​​​បាល​​​ជាន់​​​ខ្ពស់​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ និង​​​នគរ​​​បាល​​​រាជ​​​ធានី​​​ជាង​​​៣.៥០០នាក់​​ នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​ឲ្យ​​​ល្បាត​​​អំឡុង​​​ពិធី​​​បុណ្យ​​​អុំ​​​ទូក​​​​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ ដែល​​​នឹង​​​ត្រូវ​​​ប្រារព្ធ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ជា​​​លើក​​​ដំបូង​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១០​​​មក​​​​​​ ដែល​​​​​​ពេល​​​នោះ​​​មនុស្ស​​​ចំនួន​​​៣៥៣​​​នាក់​​​បាន​​​ស្លាប់​​​នៅ​​​ក្នុង​​​ការ​​​ផ្អើល​​​រត់​​​ជាន់​​​គ្នា​​​មួយ​​​លើ​​​ស្ពាន​​​ទៅ​​​កាន់​​​កោ​​​ះ​​​ពេជ្រ​​​។

ពិធីបុណ្យ​​​ដែល​​​ជា​​​ធម្មតា​​​ទាក់​​​ទាញ​​​ពល​​​រដ្ឋ​​​ប្រហែល​​​១លាន​​​នាក់​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​នឹង​​​ត្រូវ​​​ប្រារព្ធ​​​ឡើង​​​នៅ​​​ក្នុង​​​ឆ្នាំនេះ​​​ចាប់​​​ពី​​​ថ្ងៃទី​​​៥ដល់​​​ថ្ងៃទី​​​៧ ខែ​​​វិច្ឆិកា។ ពិធី​​​បុណ្យ​​​នេះ​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​ចំនួន​​​​​​បី​​​ឆ្នាំ​​​កន្លង​​​មក​​​ហើយ​​​ ដោយ​​​សារ​​​តែ​​​ទឹក​​​ជំនន់​​​ និង​​​ការ​​​យាង​​​ចូល​​​ទិវង្គត​​​របស់​​​សម្តេច​​​ឪ នរោត្តម​​​ សីហនុ។

ឧត្តម​​​សេនីយ៍​​​ត្រី​​​ ខេង ទីតូ​​​​​​​​​ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ចំនួន​​​​​​១.៥០០នាក់​​​ នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​ថា ពិធី​​​បុណ្យ​​​អំុ​​​ទូក​​​ឆ្នាំ​​​នេះ​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​គ្មាន​​​បញ្ហា​​​។

ឧត្តម​​​សេនីយ៍​​​ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ចំនួន​​​ពល​​​រដ្ឋ​​​​​​ដែល​​​នឹង​​​មក​​​ចូល​​​រួម​​​ពិធី​​​​​​បុណ្យ​​​អុំ​​​ទូក​​​នឹង​​​កើន​​​ឡើង ​​​ព្រោះ​​​យើង​​​មិន​​​បាន​​​ប្រារព្ធ​​​ពិធី​​​បុណ្យ​​​អុំ​​​ទូក​​​នេះ​​​អស់រយៈ​​​ពេល​​​ពីរ​​​បីឆ្នាំ​​​មក​​​ហើយ។ យើង​​​សង្ឃឹម​​​ថា [ ការ​​​ផ្អើល​​​រត់​​​ជាន់​​​​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​២០១០ ]​​​​​​​​​ នឹង​​​មិន​​​កើត​​​ឡើង​​​ម្តង​​​ទៀត​​​ទេ​​​”។

ឧត្តម​​​សេនីយ៍​​​ឯក​​​ ជួន​​​ សុវណ្ណ ស្នង​​​ការ​​​នគរ​​​បាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​ថា នគរ​​​បាល​​​រាជ​​​ធានី​​​ជាង​​​២.០០០​​​នាក់​​​ ក៏​​​នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​ដែរ​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​ពិធីបុណ្យ​​​អុំ​​​ទូក​​​ឆ្នាំ​​​មុន​​​យើង​​​អាច​​​ត្រៀម​​​កម្លាំង​​​របស់​​​យើង​​​បាន​​​ប្រសើរ​​​ជាង​​​មុន”៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស