29.6 C
Phnom Penh

អ្នកនាំ​ពាក្យ​រដ្ឋាភិបាលផ្លាស់ប្តូរជំហរ​លើ​ការ​ហាមឃាត​់​មិន​ឲ្យ​លោកស្រី ម៉ម សុម៉ាលី ​​បើក​អង្គការ​មិន​មែន​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ផ្លាស់​ប្តូរ​ជំហរ​លើការ​អត្ថាធិប្បាយ​ដែល​លោកបាន​លើកឡើងកាលពី​សប្ដាហ៍​មុន នៅ​ពេល​លោក​បាន​មាន​ប្រសាសន៍​ថា លោកស្រី​ ម៉ម សុម៉ាលី សកម្មជន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នឹង​មិន​ត្រូវ​អនុ​ញ្ញាត​ឲ្យ​បើក​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​​​លោក ផៃ ស៊ីផាន ​បាន​មាន​ប្រសាសន៍​ថា លោកស្រី ម៉ម សុម៉ាលី ដែល​បានលាលែង​ពី​មូលនិធិ ម៉ម សុម៉ាលី កាលពី​ខែ​ឧសភា បន្ទាប់ពី​អត្ថបទ​មួយ​របស់​កាសែត​ Newsweek បាន​ចុះ​ផ្សាយ​ថា លោកស្រី​បាន​ប្រឌិត​ប្រវត្តិ​របស់ខ្លួន​ថា ជា​ទាសករ​ផ្លូវ​ភេទ​នោះ ” បាន​ធ្វើ​ឲ្យ​​ពិភព​លោក​មាន​ការ​ភាន់​ច្រឡំ​” ហើយ​នឹង​ត្រូវ​រារាំង​មិន​ឲ្យ​បើក​​អង្គ​ការ​​មិន​​មែន​រដ្ឋាភិបាលមួយទៀត​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ” យើង​មិន​​ឃើញ​លោកស្រី​ធ្វើ​សកម្ម​ភាព​ទេ​​ឥឡូវ​នេះ ប៉ុន្តែ​ប្រសិន​បើ​លោកស្រី​​ធ្វើ​សកម្មភាព​ យើង​អាច​រារាំង​លោកស្រី​មិន​ឲ្យ​​ធ្វើ​បាន​ ពីព្រោះ​វាជា​ការ​រំលោភសេចក្ដី​ទុក​ចិត្ត ពីព្រោះ​លោកស្រី​បាន​ប្រើ​ប្រាស់​ទឹក​ប្រាក់​មួយ​ចំនួន​​ធំ​ដែលបាន​ពី​ក្រៅ​ប្រទេស​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​នៅ​ពេល​នោះ​ថា ” ដូច្នេះ​ហើយ​លោកស្រី​គ្មាន​សិទ្ធិ​ធ្វើ​សកម្មភាពនោះ​តទៅ​ទៀត​បាន​ឡើយ ហើយ​យើង​មិន​ចង់​ឃើញ​ករណី​ដូច​នេះ​កើត​ឡើង​ទៀត​ឡើយ​”។

លោក ផៃ ស៊ីផាន ក៏បាន​សរសេរ​នៅក្នុង​ទំព័រហ្វេសប៊ុក​របស់លោក​ថា លោកស្រី ម៉ម សុម៉ាលី “បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់កិត្តិយស និង​មុខមាត​់​របស់​ប្រទេស​កម្ពុជា​ទាំងមូល។ ខ្ញុំនឹង​មិន​អនុញ្ញាត​​ឲ្យ​នរណាម្នាក់ ឬ​ក្រុម​ណាមួយ​ប្រើ​ប្រាស់​ល្បិចកលថោកទាប​បែបនេះឡើយ”។

ប៉ុន្តែ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ត្រូវ​បាន​ផ្ញើជូន​លោកស្រី ម៉ម សុម៉ាលី និង​អង្គការ​អាហ្វេស៊ីប ជាអង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ដែល​លោកស្រី​បាន​បង្កើត​ឡើង​ ប៉ុន្តែ​បាន​លាលែង​ពី​តំណែង​​កាលពី​ឆ្នាំ​មុន​នោះ លោក​ ផៃ ស៊ីផាន បានផ្លាស់ប្តូរជំហរដើម​របស់លោកកាលពី​មុន ហើយ​បាន​អះអាង​ថា លោក​ត្រូវ​បាន​គេ​ដក​ស្រង់​​សម្ដី​ខុស​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។

លោក​បាន​សរសេរ​នៅ​ក្នុង​លិខិត​​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​អាហ្វេស៊ីប​ថា ” ដោយ​សារ​ការ​ដក​ស្រង់​មិន​ត្រឹម​ត្រូវដោយអត្ថបទ​មួយ​ចំនួន​​ ហើយ​បាន​ចុះ​ផ្សាយ​​ជា​សាធារណៈ ខ្ញុំ​សូម​បញ្ជាក់​សាជា​ថ្មី​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​បំណង​រារាំង​ដល់សកម្ម​ភាព​មនុស្ស​ធម៌​របស់​អង្គការ​អាហ្វេស៊ីប និង​លោកស្រី ម៉ម សុម៉ាលី មិន​ឲ្យ​បើក​អង្គការ​​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​”។

លោក​ ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍ថា ប្រទេស​កម្ពុជា​មិន​​ទាន់​បានអនុម័ត​ច្បាប់​​ដែល​រឹត​ត្បិត​ទៅ​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​មាន​ ” សិទ្ធិ​ពេញ​លេញ​​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ខ្លួនក្នុង​គោល​បំណង​ល្អ​​ឡើយ”។ លោក​បាន​សរសេរ​ថា មាន​តែ​តុលាការ​ និង​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ​អាច​ជូន​ដំណឹង​ដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ឲ្យ​បញ្ឈប់​សកម្មភាព​ណា​ដែល​យល់​ឃើញ​ថា ប៉ះពាល់​ដល់​ច្បាប់ និង​សន្តិសុខ​ជាតិ​”។

លោក​បាន​បន្ថែម​ថា ” ​ដោយ​សារ​អង្គការ​អាហ្វេស៊ីប និង​លោកស្រី ម៉ម សុមាលី មិន​បាន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ និង​​រំលោភ​បំពាន​ដល់​សន្តិសុខ​ជាតិនោះ យើង​នៅ​តែ​គោរព​​ និង​គាំទ្រ​ពេញទំហឹង​ដល់​សកម្មភាព​របស់​លោកស្រី និង​​សកម្មភាពរបស់​អង្គការ​នេះ​​ក្នុង​គោលបំណង​ល្អ​និង​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​”។

នៅពេល​ត្រូវ​បាន​ទាក់​ទង​តាម​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ លោក ផៃ ស៊ីផាន​ បាន​បញ្ជាក់​ថា លោក​បាន​បញ្ជូន​លិខិត​នេះ​ហើយ ហើយ​បាន​លើក​ឡើងសាជា​ថ្មី​ថា រដ្ឋាភិបាល​នឹង​មិន​ជ្រៀត​​​ជ្រែក​​​ក្នុងរឿង​ឯកជន​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឡើយ។ លោក​បានមាន​ប្រសាសន៍​ថា ” នេះ​មិនមែន​ជា​កិច្ច​ការ​របស់​រដ្ឋាភិបាល​ទេ”។ លោក​ សៅ ឈឿត នាយក​ប្រតិបត្តិ​អង្គការ​អាហ្វេស៊ីប​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយទេ៕ សារុន​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស