ប័ណ្ណសារ

ធនាគារ​ពិភព​លោក​និយាយ​ថា កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​វិស័យទេសចរណ៍ និង​​កសិកម្ម​

By

October 07, 2014

វិស័យសំណង់​បាន​ជែង​ដាច់​​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម​​រហូត​ក្លាយ​ជា​វិស័យធំ​បំផុតទី២​របស់​កម្ពុជា​ ដោយ​វិស័យ​កាត់​ដេរ​នៅ​តែ​ជា​វិស័យ​កំពូល​ដដែល​ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ដោយធនាគារ​ពិភព​លោក​ ដែល​និយាយ​ថា កម្ពុជា​​ចាំបាច់​ត្រូវ​ផ្ដល់​កញ្ចប់​​សេវា​កម្ម​ទេសចរណ៍​បន្ថែម​ទៀត​ ជួស​ជុល​ផ្លូវ​​ថ្នល់​ឡើង​វិញ បន្ទាប​ថ្លៃ​​អគ្គិសនី និង​បង្កើន​​ការ​ប្រើ​ប្រាស់​​ម៉ាស៊ីន​ធ្វើ​ការ​ជំនួស​មនុស្ស​នៅ​ក្នុង​អាជីវកម្ម​​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

របាយការណ៍​ពាក់​កណ្ដាល​ឆ្នាំ​នេះ​លើក​ឡើង​ថា វិស័យ​ទេសចរណ៍ និង​វិស័យ​​កសិកម្ម​​បាន​ដើរ​យឺត​ជាង​វិស័យ​សំណង់​នៅ​ក្នុង​ឆមាស​ទី១​ដើម​ឆ្នាំ​នេះ​ ហើយពេល​នេះ​វិស័យ​​ទេសចរណ៍​​បាន​ក្លាយ​ជា​វិស័យ​ធំបំផុតទី៣​ ចំណែក​ឯវិស័យកសិកម្ម​បាន​ក្លាយជា​វិស័យ​ធំ​បំផុតទី៤ ដែល​រួម​ចំណែក​ដល់​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) របស់​​ប្រទេស​។

ធនាគារ​ពិភព​លោក​​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ការ​​ដើរ​យឺត​​ក្នុង​វិស័យ​ទេសចរណ៍គឺ​ដោយ​សារ​តែ​ស្ថានភាព​ចលាចល​ខាង​នយោបាយ​​នៅ​ក្នុង​ប្រទេស​ថៃ​ ចំណែក​​ឯ​ការ​ដើរ​យឺត​នៅ​ក្នុង​​វិស័យ​កសិកម្ម​ គឺ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​តម្លៃ​​ទំនិញ​កសិកម្ម​នៅ​ទូទាំង​ពិភព​លោក​។

របាយការណ៍​ដែល​ព្យាករ​ពី​កំណើន​ GDP ៧,២​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៤ ៧,៥ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​២០១៥ និង​៧​,២​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ លើក​ឡើង​ថា ” បញ្ហា​ប្រឈម​គឺ​ត្រូវ​ជំរុញ​កំណើន​កសិកម្ម និង​ទេសចរណ៍​”។

លោក​ លី សុដែត សេដ្ឋវិទូ​ប្រចាំ​ប្រទេស​នៃ​ធនាគារ​ពិភព​លោក​បាន​មាន​ប្រសាសន៍​អំឡុង​ពេល​ចេញ​ផ្សាយ​របាយការណ៍​នេះ​នៅ​​ការិយាល័យ​ធនាគារ​នេះ​ក្នុង​រាជធានី​ភ្នំពេញ​ថា ដើម្បី​ទទួល​បាន​កំណើន​ប្រកប​ដោយ​និរន្តភាព​នៅ​ក្នុង​វិស័យទេសចរណ៍ កម្ពុជា​ចាំ​បាច់​ត្រូវ​ផ្ដល់​កញ្ចប់​សេវា​កម្មទេសចរណ៍​ចម្រុះ​បន្ថែម​ទៀត​ និង​ផ្ដល់​ជម្រើស​សម្បូរ​បែប​ដល់​ទេសចរ​។

លោក​បាន​មាន​ប្រសាសន៍ទៀត​ថា ” យើង​ចាំបាច់​ត្រូវ​​ធ្វើ​ឲ្យ​ផលិត​ផល​ទេសចរណ៍​របស់​យើង​សម្បូរ​បែប​ដើម្បី​ឲ្យ​គេ​មក​ទស្សនា​​ម្ដង​ហើយ​ម្ដង​ទៀត​។ នេះ​រួម​មាន​ទាំង​ការ​បង្កើត​​ទេស​ចរណ៍​ធម្មជាតិ​បន្ថែម​ទៀត​ផង​ដែរ។ ទេសចរ៨០​ភាគរយ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ដើម្បី​កម្សាន្ត​នៅ​តាម​តំបន់​ឆ្នេរ​ ហើយ​មាន​តែ​១,៤​ភាគរយ​ប៉ុណ្ណោះ​ដែល​មក​កម្ពុជា​​​ដើម្បី​កម្សាន្ត​នៅ​តាម​តំបន់​ឆ្នេរ​”។

របាយការណ៍​នេះ​​​បញ្ជាក់​ថា ចំនួន​ពាក់​កណ្ដាល​នៃ​ទេសចរ​របស់​កម្ពុជា​​មក​តាម​ផ្លូវ​គោក​ ហើយ​ថា គួរ​តែ​មាន​ការ​​ជួស​ជុល​ថែទាំ​ផ្លូវ​ថ្នល់​ឲ្យ​បានល្អ​ប្រសើរ​ ហើយ​ភ្ជាប់​​តំបន់​​ទេសចរណ៍​ និង​ច្រក​ព្រំដែន​សំខាន់ៗ​។ របាយការណ៍នេះ​បាន​បញ្ជាក់​ថា “ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ថ្នល់​​ដែល​មាន​សភាព​ល្អ​ នឹង​ជួយ​ជំរុញ​ឲ្យគោល​ដៅ​ទេសចរណ៍​សម្បូរ​បែប​លើស​ពី​ឧទ្យាន​បុរាណ​អង្គរ​​ ដើម្បី​រាប់​បញ្ចូល​តំបន់​ឆ្នេរ​ខ្សាច់ និង​ទេសចរណ៍​ធម្មជាតិ​ផង​ដែរ​”។

និយាយ​ពី​វិស័យ​សំណង់​ដែល​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា​វិញ​ លោក អិនរីក អាល​ដាស ខារ៉ូល (Enrique Aldaz-Carroll)​ ​ដែល​ជា​សេដ្ឋវិទូ​ប្រចាំ​ប្រទេស​នៃ​ធនាគារ​ពិភព​លោក​បាន​សង្កត់​ធ្ងន់​ថា ធនាគារ​មើល​មិន​ឃើញ​សញ្ញា​កំណើន​មិន​រឹង​មាំ​​ទេ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ចាំបាច់​ត្រូវ​​ពិនិត្យ​តាម​ដាន​វិស័យ​នេះ​។

លោក​បានមាន​ប្រសាសន៍​ថា ” វិស័យ​សំណង់​ គឺ​វិល​ចុះ​វិល​ឡើង​ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា កំណើន​​មិន​រឹង​មាំ​​នឹង​មិន​កើត​ឡើងឡើយ​​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា វិស័យ​នេះ​បាន​កើន​ឡើង​១៥​ភាគរយ​កាលពី​ឆ្នាំ​មុន​ ហើយទំនង​ជា​នឹង​ទទួល​បាន​កំណើន​កាន់​តែ​លឿន​ជាង​មុន​នៅ​ឆ្នាំ​នេះ​​។

របាយការណ៍​នេះ​ក៏​បាន​ផ្ដល់​អនុសាសន៍​​ដែរ​ថា កម្ពុជា​គួរ​តែ​កែ​លម្អ​​បរិយាកាស​វិនិយោគ​របស់​ខ្លួន​តាម​រយៈ​ការ​បន្ទាប​ថ្លៃ​អគ្គិសនី កាត់​បន្ថយ​ការិយាធិបតេយ្យ​​ហួស​ហេតុ​ និង​​កាត់​បន្ថយ​អំពើ​ពុករលួយ​។ ” ឧបសគ្គ​ធំៗ​​ដែល​នៅ​តែ​កើត​មាន​សម្រាប់​ក្រុម​ហ៊ុននានា គឺ​តម្លៃ​អគ្គិសនី និង​ការ​ទទួល​បាន​ការ​ផ្គត់​ផ្គង់​​អគ្គិសនី​ប្រើ​ប្រាស់​ ការ​សូកបា៉ន់​ និង​ការ​អនុវត្ត​គ្មាន​ការ​ប្រកួត​ប្រជែង​”។

លោក ជូលៀន ខ្លាក (Julian Clarke) សេដ្ឋវិទូ​ធុរកិច្ច​ជាន់​ខ្ពស់​នៅធនាគារ​ពិភព​លោក​ បានមាន​ប្រសាសន៍​ថា ពេល​នេះ​ក្រុម​ហ៊ុន​នានា​សូក​ប៉ាន់​រដ្ឋាភិបាល​តិច​ជាង​ឆ្នាំ​មុនៗ ប៉ុន្តែ​ថា ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ធ្វើការ​ជំនួស​មនុស្ស​ នឹង​ជួយ​កាត់​បន្ថយអំពើ​ពុក​រលួយ​បាន​កាន់​តែ​ច្រើន​​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” តាម​ការ​រំពឹង​ទុក​ ក្រុម​ហ៊ុន​ទាំង​អស់​នឹង​ផ្ដល់​អំណោយដល់​រដ្ឋាភិបាល ប៉ុន្តែ​រឿង​ល្អ​គឺ​ថា ចំនួន​ត្រូវ​បាន​កាត់​បន្ថយ​។ ការ​ប្រើ​ប្រាស់​​ម៉ាស៊ីន​ធ្វើ​ការ​ជំនួស​មនុស្ស​ គឺ​ត្រូវ​ការ​ជាចាំ​បាច់​ ដូច្នេះ​ឱកាស​សូក​ប៉ាន់​នឹង​លែង​មាន​”​​៕ សុខុម​​​​​​​​