28 C
Phnom Penh

ជនរងគ្រោះ​ក្នុងរបប​ខ្មែរ​ក្រហម​អំពាវ​នាវ​ឲ្យ​កប់​មេដឹកនាំ​​នៃ​របប​នេះ​​​ក្នុង​រណ្ដៅ​សព​រួម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនរងគ្រោះ​​នៃ​របប​ខ្មែរ​ក្រហម​ដែល​ចូល​រួម​ក្នុង​សំណុំ​រឿង​០០២​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​បញ្ចេញ​យោបល់​របស់​ខ្លួន​ស្ដីពី​សំណង​អំឡុង​ពិធី​ជួបជុំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ដោយ​ស្នើ​ឲ្យ​កប់​សព​អតីត​មេដឹកនាំ​របប​នេះ​​ក្នុង​រណ្ដៅ​សព​រួម​ ដើម្បី​ធ្វើ​ជា​កន្លែង​ទាក់ទាញ​ផ្នែក​ទេសចរណ៍​។

ពិធី​ជួបជុំ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​​នៅ​មជ្ឈមណ្ឌល​ព័ន្ធកិច្ច​ឯកភាព​គ្រិស្ត​បរិស័ទ​ភ្នំពេញ​នេះ ​បាន​ផ្ដល់​ឱកាស​ឲ្យ​ជនរងគ្រោះ​ ឬ​​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ប្រមាណ​២០០​នាក់​ ដែល​ចូល​រួម​នៅ​ក្នុង​សវនាការ​​ ពិភាក្សា​ជាមួយ​មេធាវី​របស់​ខ្លួន​អំពី​សំណង​ដែល​​ពួកគេ​សង្ឃឹម​ទទួល​បាន​។

លោក សូ សារិន ជា​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ម្នាក់​មកពី​ខេត្ត​កំពង់​ចាម និយាយ​ថា លោក​ចង់​ឃើញ​សព​មេដឹកនាំ​ខ្មែរក្រហម​កំពូល​ៗ​កប់​រួម​គ្នា​​បន្ទាប់ពី​ស្លាប់​ទៅ​។

លោក​បាន​និយាយ​ទៀត​ថា ” ខ្ញុំ​ចង់​ឲ្យ​សព​នៃ​មេដឹកនាំ​ជាប់​ទោស​ទាំង​អស់​ដូច​ជា​ នួន ជា អៀង សារី និង​ ឌុច​ ជា​ដើម​កប់​រួម​គ្នា​នៅ​ជើង​ឯក ឬគ្រាំង​តាចាន់។ គួរ​តែ​មាន​កន្លែង​បញ្ចុះ​សពរួម​​មួយ​ដើម្បី​រំឭក​ដល់​មនុស្ស​ម្នា​ឲ្យ​ចង​ចាំ​អ្វី​ដែល​ពួកគេ​បានធ្វើ​ និង​ដើម្បី​ឲ្យ​ក្មេង​ជំនាន​ក្រោយ​បាន​រៀន​សូត្រ​”។

លោក កេង សារ៉ែន មកពី​ខេត្ត​ក្រចេះ​ក៏មាន​បំណង​ដូច​លោក សូ សារិន ដែរ​ ដោយលើក​ឡើង​ថា រណ្ដៅ​សព​រួម​សម្រាប់​មេដឹកនាំ​ខ្មែរ​ក្រហម ក៏​អាច​ជួយជំរុញ​វិស័យទេសចរណ៍​ដែរ​។ លោក​បាន​និយាយ​ទៀត​ថា ” ខ្ញុំ​ចង់​បាន​កន្លែង​មួយ​នៅជើង​ឯក​ដើម្បី​កប់​ អៀង សារី ឬ​ ខៀវ សំផន សម្រាប់​បម្រើ​វិស័យទេសចរណ៍ជាតិ និង​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​មើល​ឃើញ​ឆ្អឹង​មេដឹកនាំ​ខ្មែរ​ក្រហម​​នៅ​ជាមួយ​គ្នា​”។

អៀង សារី ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្មែរ​ក្រហម​ បាន​ស្លាប់​កាលពី​ឆ្នាំ​មុន ហើយ​ត្រូវ​បាន​បូជា​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​។

លោក ពេជ្រ អង្គ សហមេធាវី​នាំ​មុខ​ដែល​តំណាង​ឲ្យភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​​នៅ​ក្នុង​តុលាការ​បាន​មាន​ប្រសាសន៍​ថា ការ​បញ្ចុះ​សព​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នេះ​រួម​គ្នា​ ទំនង​ជាមិន​​អាច​ទៅ​រួច​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” តាម​ច្បាប់​ ខ្ញុំ​គិត​ថា​យើង​មិន​អាច​​ធ្វើ​បែប​នោះ​បានទេ ពីព្រោះ​ច្បាប់​មិន​​គ្រប់​គ្រង​អ្នក​ស្លាប់​ឡើយ​”។

ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​ពិធីជួប​ជុំ​នេះ​ក៏​បានលើក​ឡើង​ដែរ​ថា ខ្លួន​ចង់​ឲ្យ​មាន​​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​នៅ​គ្រប់​ខេត្ត​ទាំង​អស់ ហើយ​ចង់​​ឲ្យ​មាន​​​សៀវភៅ​សិក្សា​​បន្ថែម​ទៀត​ស្ដីពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​៕ សុខុម​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស