ជនរងគ្រោះនៃរបបខ្មែរក្រហមដែលចូលរួមក្នុងសំណុំរឿង០០២របស់សាលាក្ដីខ្មែរក្រហម បានបញ្ចេញយោបល់របស់ខ្លួនស្ដីពីសំណងអំឡុងពិធីជួបជុំមួយនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយស្នើឲ្យកប់សពអតីតមេដឹកនាំរបបនេះក្នុងរណ្ដៅសពរួម ដើម្បីធ្វើជាកន្លែងទាក់ទាញផ្នែកទេសចរណ៍។
ពិធីជួបជុំដែលត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលព័ន្ធកិច្ចឯកភាពគ្រិស្តបរិស័ទភ្នំពេញនេះ បានផ្ដល់ឱកាសឲ្យជនរងគ្រោះ ឬដើមបណ្ដឹងរដ្ឋប្បវេណីប្រមាណ២០០នាក់ ដែលចូលរួមនៅក្នុងសវនាការ ពិភាក្សាជាមួយមេធាវីរបស់ខ្លួនអំពីសំណងដែលពួកគេសង្ឃឹមទទួលបាន។
លោក សូ សារិន ជាភាគីដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់មកពីខេត្តកំពង់ចាម និយាយថា លោកចង់ឃើញសពមេដឹកនាំខ្មែរក្រហមកំពូលៗកប់រួមគ្នាបន្ទាប់ពីស្លាប់ទៅ។
លោកបាននិយាយទៀតថា ” ខ្ញុំចង់ឲ្យសពនៃមេដឹកនាំជាប់ទោសទាំងអស់ដូចជា នួន ជា អៀង សារី និង ឌុច ជាដើមកប់រួមគ្នានៅជើងឯក ឬគ្រាំងតាចាន់។ គួរតែមានកន្លែងបញ្ចុះសពរួមមួយដើម្បីរំឭកដល់មនុស្សម្នាឲ្យចងចាំអ្វីដែលពួកគេបានធ្វើ និងដើម្បីឲ្យក្មេងជំនានក្រោយបានរៀនសូត្រ”។
លោក កេង សារ៉ែន មកពីខេត្តក្រចេះក៏មានបំណងដូចលោក សូ សារិន ដែរ ដោយលើកឡើងថា រណ្ដៅសពរួមសម្រាប់មេដឹកនាំខ្មែរក្រហម ក៏អាចជួយជំរុញវិស័យទេសចរណ៍ដែរ។ លោកបាននិយាយទៀតថា ” ខ្ញុំចង់បានកន្លែងមួយនៅជើងឯកដើម្បីកប់ អៀង សារី ឬ ខៀវ សំផន សម្រាប់បម្រើវិស័យទេសចរណ៍ជាតិ និងដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាមើលឃើញឆ្អឹងមេដឹកនាំខ្មែរក្រហមនៅជាមួយគ្នា”។
អៀង សារី ដែលជារដ្ឋមន្ត្រីការបរទេសរបស់ខ្មែរក្រហម បានស្លាប់កាលពីឆ្នាំមុន ហើយត្រូវបានបូជាតាមប្រពៃណីព្រះពុទ្ធសាសនា។
លោក ពេជ្រ អង្គ សហមេធាវីនាំមុខដែលតំណាងឲ្យភាគីដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងតុលាការបានមានប្រសាសន៍ថា ការបញ្ចុះសពមេដឹកនាំខ្មែរក្រហមទាំងនេះរួមគ្នា ទំនងជាមិនអាចទៅរួចឡើយ។ លោកបានមានប្រសាសន៍ទៀតថា ” តាមច្បាប់ ខ្ញុំគិតថាយើងមិនអាចធ្វើបែបនោះបានទេ ពីព្រោះច្បាប់មិនគ្រប់គ្រងអ្នកស្លាប់ឡើយ”។
ភាគីដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងពិធីជួបជុំនេះក៏បានលើកឡើងដែរថា ខ្លួនចង់ឲ្យមានស្តូបរំឭកវិញ្ញាណក្ខន្ធនៅគ្រប់ខេត្តទាំងអស់ ហើយចង់ឲ្យមានសៀវភៅសិក្សាបន្ថែមទៀតស្ដីពីប្រវត្តិសាស្ត្រខ្មែរក្រហម៕ សុខុម