ក្រុមអ្នកតវ៉ាជាតិនិយមបានដុតទង់ជាតិវៀតណាម មួក និងរូបិយប័ណ្ណនៅមុខស្ថានទូតរបស់ប្រទេសនេះនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ប៉ុន្តែមិនបានធ្វើតាមការគំរាមដុតស្ថានទូតនេះឡើយ ដោយលើកឡើងពី “ការខ្វះកម្លាំង”។
ដោយត្រូវបានដឹកនាំដោយព្រះសង្ឃជាសកម្មជន ក្រុមអ្នកតវ៉ាបានលើកឡើងកាលពីថ្ងៃអាទិត្យថា ពួកគេនឹងសម្រុកចូល និងដុតស្ថានទូតនេះ ប្រសិនបើពួកគេមិនទទួលបានការសុំទោសចំពោះការអត្ថាធិប្បាយពីសំណាក់អ្នកនាំពាក្យម្នាក់កាលពីខែមិថុនាទាក់ទងប្រវត្តិ
សាស្ត្រកម្ពុជាក្រោម ដែលឥឡូវនេះជាផ្នែកនៃប្រទេសវៀតណាមខាងត្បូង។
ប៉ុន្តែកាលពីម្សិលមិញ ដោយការតវ៉ាបានបំបែកជាពីរ ដែលពាក់កណ្តាលនៅស្ថានទូតវៀតណាម និងពាក់កណ្តាលទៀតនៅទីលានប្រជាធិបតេយ្យ រួមមានលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមផង ការដុតស្ថានទូតនេះត្រូវបានលុបចោល។
ព្រះតេជគុណ សឹង ហៃ ជាព្រះសង្ឃដែលមានសង្ឃដីកាឥតសំចៃលើកឡើងថា “យើងបានត្រៀមសាំងដើម្បីដុតស្ថានទូតនេះ ប៉ុន្តែ យើងត្រូវតែបត់បែនតាមកាលៈទេសៈ ពីព្រោះកម្លាំងរបស់យើងតិចជាងកម្លាំងប្រដាប់អាវុធ”។
ព្រះតេជគុណ សឹង ហៃ ដែលកាលពីពេលថ្មីៗនេះត្រូវបានគំរាមបណ្តេញចេញពីវត្តស្ទឹងមានជ័យចំពោះសកម្មភាពប្រឆាំងរដ្ឋាភិបាលនោះ បានបន្ទោសលោក ថាច់ សេដ្ឋា ដែលបានជំទាស់ចំពោះការដុតទង់ជាតិវៀតណាមនៅការតវ៉ាទាំងនេះ និងការតវ៉ាស្រដៀងគ្នាជាច្រើនទៀតកាលពីខែសីហា។
ព្រះតេជគុណ សឹង ហៃ បានមានសង្ឃដីកាថា “លោក ថាច់ សេដ្ឋា បានរារាំងយើងមិនឲ្យដុតទង់ជាតិ [កាលពីថ្ងៃអាទិត្យ] ហើយលោកមិនបានចូលរួមជាមួយយើងទេនៅថ្ងៃនេះ លោកជាមនុស្សគ្មានបានការ”។
លោក ថាច់ សេដ្ឋា ក៏ជាសមាជិកមួយរូបរបស់គណបក្សសង្គ្រោះជាតិ និងជាមនុស្សដ៏សំខាន់នៃការរៀបចំការតវ៉ាប្រឆាំងវៀតណាមផងដែរ។
នៅទីលានប្រជាធិបតេយ្យ កន្លែងដែលអ្នកតវ៉ាបានជួបជុំគ្នាដោយសន្តិវិធីដោយមានការលើកបដា និងច្រៀងចម្រៀងនោះ លោក ថាច់ សេដ្ឋា បានបដិសេធមិននិយាយអំពីសកម្មភាពរបស់ព្រះសង្ឃជាសកម្មជនឡើយ ក្រៅតែពីនិយាយថា ក្រុមចលនាប្រឆាំងវៀតណាមរបស់លោកចង់រក្សាភាពស្ងៀមស្ងាត់នៅក្នុងការតវ៉ារបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “យើងមិនអាចបង្កហិង្សាបានទេ។ ហើយយើងមិនអាចបណ្តោយឲ្យកំហឹងរបស់យើងគ្រប់គ្រងសកម្មភាពរបស់យើងឡើយ។ យើងមានការឈឺចាប់ ប៉ុន្តែយើងត្រូវអត់ធ្មត់ដើម្បីឈ្នះ”។
លោក សេដ្ឋា នឹងចូលរួមការតវ៉ាម្តងទៀតនៅថ្ងៃនេះ ដែលនឹងចាប់ផ្តើមនៅទីលានប្រជាធិបតេយ្យ កាត់តាមរដ្ឋសភា និងបញ្ចប់នៅស្ថានទូតនេះ។
យោងតាមព្រះតេជគុណ សឹង ហៃ បានឲ្យដឹងថា ព្រះសង្ឃជាច្រើនអង្គនឹងនិមន្តទៅខេត្តបន្ទាយមានជ័យ ដែលព្រះអង្គកំពុងធ្វើយុទ្ធនាការគាំទ្រអតីតទាហានខ្មែរក្រហមមួយក្រុមដែលតស៊ូទាមទារដីរបស់ពួកគាត់៕សារុន