ក្នុងទីប្រជុំជនស្កេះស្កះដោយខ្ទមមួយកន្លែង ដែលមានផ្លូវខ្វាត់ខ្វែងនៅខណ្ឌ សែន សុខ រាជធានីភ្នំពេញ មានសហគមន៍ក្រីក្រមួយពោរពេញដោយថ្នាំមេតំហ្វេតាមីន ឬ ហៅថា “ទឹកកក” ជាប្រភេទថ្នាំញៀនខ្លាំង តែមានតម្លៃថោក ត្រូវបានគេលក់ចេញពីខ្ទមជាច្រើន និងប្រើប្រាស់ដោយប្រជាជនក្នុងសហគមន៍ មានតាំងពីក្មេងអាយុ១២ឆ្នាំឡើងទៅ។
នគរបាលបានធ្វើការឆ្មក់ចាប់ជាង៥០លើកក្នុងតំបន់នោះកាលពីខែមុន ប៉ុន្តែសមាជិកសហគមន៍និយាយថា មេខ្លោងគឺជាមន្ត្រីថ្នាក់ខ្ពស់ម្នាក់ ហើយថាអាជ្ញាធរមូលដ្ឋានឃុបឃិតក្នុងការជួញដូរគ្រឿងញៀននេះ។
នៅម្ខាងផ្លូវទល់មុខមន្ទីរពេទ្យព្រះកុសុមៈ គឺភូមិត្រពាំងឈូកក្នុងសង្កាត់ទឹកថ្លា មិនសូវគេស្គាល់ទេ ប៉ុន្តែច្រកផ្លូវដ៏ចង្អៀតនីមួយៗបែកចេញពីផ្លូវធំ គឺជាផ្លូវចូលទៅកាន់ផ្លូវដើរធ្វើពីឈើរយីករយាក ហើយជាផ្លូវទាល់ ដែលតភ្ជាប់ទៅនឹងផ្ទះខ្ទមប្រក់ស័ង្កសីប្រហែល២០០ខ្នងស្អេកស្កះ ដែលអណ្តែតឃ្លីងឃ្លោងលើបឹងកកស្ទះដោយសំរាម។
គេដឹងឮគ្រប់គ្នាថា ភូមិអណ្តែតទឹកនេះគឺជាសំបុកមេតំហ្វេតាមីនប្រភេទគ្រីស្តាល់។ ផ្ទះឈើទាំងនោះ ដែលមានសំរាមរាយប៉ាយ និងភ័ស្តុតាងផ្សេងទៀតនៃការប្រើគ្រឿងញៀន មានការការពារពីក្រុមក្មេងជំទង់អ្នកលេងស្គមៗ ដែលតែងតែសួរនាំអ្នកយកព័ត៌មានថា “តើអ្នកឯងចង់បានអី”។
អ្នករត់ម៉ូតូឌុបម្នាក់ដែលចតក្បែរម្តុំខ្ទម ដែលដូចអ្នកផ្សេងទៀតដែរដែលសំុមិនប្រាប់ឈ្មោះព្រោះខ្លាចមានការសងសឹក បាននិយាយថា “ប្រយ័ត្ន។ អ្នកនៅទីនោះ ពួកគេលក់ថ្នាំញៀនដូចលក់ត្រីអ៊ីចឹង”។
ក្នុងតំបន់ហ្នឹង សមាជិកពីរគ្រួសារ ដែលផ្ទះខ្ទមរបស់ពួកគេនៅឃ្លាតប្រហែលមួយម៉ែត្រពីច្រកចូលដ៏ចង្អៀត បានរៀបរាប់អំពីទីផ្សារចំហដែលគេលក់ថ្នាំញៀនទឹកកកនេះចេញសឹងតែពីគ្រប់ច្រកទាំងអស់។ ពួកគេបាននិយាយថា ការប្រើគ្រឿងញៀននៅគ្រប់ទីកន្លែងនេះ ជាប្រផ្នូលឲ្យយើងដឹងអំពីអនាគតអាប់អួសម្រាប់កូនៗរបស់ពួកគេ។ ពួកគេក៏ទទួលស្គាល់ការលក់ថ្នាំញៀននេះដែរ។
បុរសម្នាក់អាយុ៤៥ឆ្នាំក្នុងគ្រួសារមួយបាននិយាយថា “គេចែកចាយថ្នាំញៀននៅទីនេះគ្រប់តែពេល ទាំងថ្ងៃទាំងយប់”។ អ្នកជិតខាងរបស់លោក ជាស្ត្រីម្នាក់ក្នុងវ័យខ្ទង់៤០ឆ្នាំ បានប្រមាណថា យ៉ាងហោចណាស់៨០ភាគរយនៃគ្រួសារទាំងអស់ក្នុងសហគមន៍នេះ លក់ម៉ាទឹកកកដើម្បីបង្គ្រប់ប្រាក់ចំណូលរបស់គេ។
កូនស្រីអាយុ១២ឆ្នាំរបស់ស្ត្រីរូបនេះបាននិយាយថា ក្មេងៗអាយុស្របាលៗនឹងនាង ជាអ្នកប្រើជាទម្លាប់ ហើយថា ក្មេងជំទង់ៗនៅម្តុំជិតខាងនាំគ្នាមកកន្លែងនេះ។
ក្មេងស្រីរូបនេះបាននិយាយថា “បើអ្នកចង់ទិញថ្នាំញៀន មានតែ៥ដុល្លារទិញបានហើយ។ ខ្ញុំអាចយកថ្នាំឲ្យឥឡូវហ្នឹង”។
នគរបាលនិងអាជ្ញាធរមូលដ្ឋានបាននិយាយថា ពួកគេកំពុងខិតខំអស់ពីសមត្ថភាពដើម្បីបោសសម្អាតភូមិនេះ។ ពួកគេបានពន្យល់ថា ប៉ុន្តែការឆ្នក់ចាប់ជាច្រើនលើកច្រើនសាក្នុងតំបន់នេះ គឺពិបាកណាស់ ពីព្រោះពួកអ្នកចែកចាយប្រើអ្នកឃ្លាំមើលដើម្បីគេចពីការចាប់ខ្លួន ដោយបន្សល់ទុកតែអ្នកប្រើនិងអ្នកចែកចាយតូចតាចឲ្យនគរបាលចាប់ខ្លួនប៉ុណ្ណោះ។
អ្នកភូមិម្នាក់ទៀតបាននិយាយថា “នគរបាលនិងអាជ្ញាធរមូលដ្ឋានដឹងអំពីការចែកចាយថ្នាំញៀននេះ”។ ហើយអ្នកចែកចាយកំប៉ិកកំប៉ុកម្នាក់ អាយុ៤៦ឆ្នាំ បានបន្ថែមថា សឹងតែគ្រប់គ្នាសូកប៉ាន់ពួកមន្ត្រីដើម្បីកំុឲ្យគេចាប់ខ្លួន។
គាត់បាននិយាយថា “ត្រីធំ គឺឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់ ហើយពេលដែលនគរបាលមក ពួកគេមិនចាប់ខ្លួនអ្នកចែកចាយនៅទីនោះទេ គឺចាប់តែអ្នកប្រើប្រាស់និងអ្នកមកពីខាងក្រៅប៉ុណ្ណោះ”។
លោក តាន់ ណាវិន ជាចៅសង្កាត់តាំងពីឆ្នាំ២០០៩មក បានបដិសេធថា អាជ្ញាធរមិនបានជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់នេះទេ។ ប៉ុន្តែលោកបានទទួលស្គាល់ថា គេសង្ស័យមន្ត្រីរាជអាវុធហត្ថសក្តិធំម្នាក់នៅពីក្រោយការផ្គត់ផ្គង់និងចែកចាយម៉ាទឹកកកនៅភូមិត្រពាំងឈូកនេះ។
លោកបាននិយាយថា “ខ្ញុំគិតថា ប្រាកដជាមានមន្ត្រីថ្នាក់ធំណាម្នាក់នៅពីក្រោយរឿងនេះ ដែលធ្វើឲ្យពិបាកបង្ក្រាប ពីព្រោះពួកអ្នកចែកចាយបានដឹងជាមុន ហើយយើងចាប់បានតែអ្នកប្រើប្រាស់ថ្នាំញៀនប៉ុណ្ណោះ។ ហើយប៉ុន្មានថ្ងៃបន្ទាប់ពីមានការចាប់ ស្រាប់តែអ្នកប្រើថ្នាំញៀនត្រឡប់មកវិញ ពីព្រោះមានការដាក់ទោសទណ្ឌស្រាលពេក”។
ប្រជាជនជាច្រើនគ្រួសារដែលរស់នៅក្នុងសហគមន៍ក្រីក្រតោកយាកនេះបានបាត់បង់ផ្ទះសំបែងដើមរបស់ខ្លួនក្នុងគ្រោះអគ្គិភ័យឆ្នាំនា២០០៨។
ពេលនោះអាជ្ញាធរមិនបានបញ្ជូនពួកគេទៅកាន់ទីតាំងថ្មីទេ ទើបពួកគេបានសាងសង់ទីជម្រកបណ្តោះអាសន្ននៅកន្លែងភ្លើងឆេះនោះ។ យោងតាមលោក ណាវិន បានឲ្យដឹងថា តំបន់នោះក៏ជាកន្លែងមានមនុស្សច្រើនជួលផ្ទះស្នាក់នៅបណ្តោះអាសន្នដែរ ដែលធ្វើឲ្យលំបាកក្នុងការកំណត់ថាមានមនុស្សប៉ុន្មាននាក់រស់នៅក្នុងតំបន់នោះពិតប្រាកដ។
ចៅសង្កាត់រូបនេះបានមានប្រសាសន៍ថា “យើងដឹងថាមានប្រហែល២០០ផ្ទះ ប៉ុន្តែយើងមិនអាចគ្រប់គ្រងចំនួនប្រជាជនដែលចេញចូលបានទេ។ លោកបានបន្ថែមថា ការសង់សំណង់លើដីភក់ល្បាប់នោះគឺខុសច្បាប់ ព្រោះវាជាកម្មសិទ្ធិឯកជន។ លោកបាននិយាយថា លោកមិនបានដឹងថានរណាជាម្ចាស់ទេ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ សែន សុខ បានច្រានចោលការចោទដែលថា មន្ត្រីបានឃុបឃិតជាមួយពួកលក់ថ្នាំញៀន គឺជាពាក្យចចាមអារ៉ាមសុទ្ធសាធ ហើយបានបន្ទោសអាជ្ញាធរសង្កាត់ថាបានបណ្តែតបណ្តោយឲ្យមានសំណង់ខុសច្បាប់ ដែលបង្កើតឲ្យមានកន្លែងស្មុគស្មាញគ្រោះថ្នាក់ និងពិបាកចេញចូល។
លោកអធិការបានមានប្រសាសន៍ថា “ទាំងនគរបាលទាំងអាជ្ញាធរមិនបានពាក់ព័ន្ធជាមួយថ្នាំញៀននៅទីនោះទេ ដូច្នេះយើងមិនអាចទទួលយកការចោទប្រកាន់ពីអ្នកភូមិដែលបន្ទោសយើងចំពោះបញ្ហានេះបានឡើយ”។ លោកបានបន្ថែមថា នគរបាលនៅតែធ្វើការឆ្នក់ចាប់ជាបន្ត ដើម្បីកម្ចាត់ពួកលក់ថ្នាំញៀន។ “ទីតាំងតំបន់នោះគឺស្មុគស្មាញណាស់ ហើយផ្ទះមួយចំនួនសង់លើទឹកតែម្តង ដូច្នេះហើយពេលដែលអាជ្ញាធរចុះបង្ក្រាប ពួកអ្នកលក់ថ្នាំអាចលោតចូលទឹក ហើយខ្លះលាក់ខ្លួនក្នុងទឹកក្រោមផ្ទះ”។
លោក ម៉ក់ ហុង បានស្នើឲ្យមានកិច្ចសហការល្អប្រសើរឡើងរវាងមន្ត្រីសង្កាត់និងមន្ត្រីខណ្ឌ ដើម្បីកត់សម្គាល់និងតាមដានមនុស្សក្នុងសង្កាត់របស់ខ្លួន។
លោកបានមានប្រសាសន៍ថា “ផ្ទះទាំងនោះត្រូវតែបិទចោល ហើយប្រជាជនត្រូវបង្ខំឲ្យចុះឈ្មោះ…ពីព្រោះថ្នាំញៀនត្រូវគេនាំចូលក្នុងតំបន់នោះពីទីផ្សេង ហើយគេមិនស្គាល់ពួកអ្នកលក់ថ្នាំញៀន។ បើមិនមានផ្ទះនៅទីនោះទេ វានឹងមិនមានថ្នាំញៀនដែរ។ ប៉ុន្តែមិនមែនជាការទទួលខុសត្រូវរបស់នគរបាលទេក្នុងការបិទកន្លែងនេះ”។
លោក បាន់ សុភាព ប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀននៃកងកម្លាំងរាជអាវុធហត្ថក្រុង ដែលអង្គភាពរបស់លោកបានដឹកនាំការឆ្នក់ចាប់ភាគច្រើនបំផុតនៅពេលថ្មីៗនេះនៅត្រពាំងឈូកនោះ បានមានប្រសាសន៍ថា ពាក្យចចាមអារ៉ាមដែលថា សហគមន៍នេះទទួលរងការសង្កត់សង្កិនពីមន្ត្រីយោធាជាន់ខ្ពស់ម្នាក់នោះគឺមិនពិតទេ ហើយថា កំពុងមានចំណាត់ការកម្ចាត់ពួកលក់ថ្នាំញៀនក្នុងតំបន់នោះ។
លោកបានមានប្រសាសន៍ថា “យើងមិនបញ្ឈប់ការបង្ក្រាបទាំងអ្នកប្រើគ្រឿងញៀនឬអ្នកលក់គ្រឿងញៀននៅទីនោះឡើយ ហើយកម្លាំងរបស់យើងនៅទីនោះរាល់ថ្ងៃស៊ើបអង្កេតរកពួកមេខ្លោង”។ លោកបានបន្ថែមថា បុរស៣នាក់ដែលត្រូវចាប់ខ្លួនបានក្នុងតំបន់នោះត្រូវបានបញ្ជូនទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ ហើយត្រូវបានចោទពីបទប្រើប្រាស់និងចែកចាយម៉ាទឹកកក រីឯមនុស្ស១១នាក់ផ្សេងទៀតកំពុងជាប់ឃុំរង់ចាំការកាត់ក្តី។
បញ្ហាមួយជ្រុង
លោក ដេវ ហាឌីង ទីប្រឹក្សាបច្ចេកទេសកម្មវិធីបន្សាបគ្រឿងញៀននៅអង្គការក្រៅរដ្ឋាភិបាល មិត្តសំឡាញ់អន្តរជាតិ បានមានប្រសាសន៍ថា ស្ថានការណ៍នៅត្រពាំងឈូក គឺគ្រាន់តែជាបញ្ហាម៉ាទឹកកកមួយជ្រុងតូចក្នុងប្រទេសនេះប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា ការពិតដែលថាការប្រើប្រាស់គ្រឿងញៀន និងសកម្មភាពឧក្រិដ្ឋកម្មដែលទាក់ទងគ្នា កំពុងកើតមានច្រើននៅតាមសហគមន៍ទីក្រុងក្រីក្រមួយចំនួន ដែលមិនមែនជាទីផ្សារចំណេញច្រើនក្នុងពាណិជ្ជកម្មគ្រឿងញៀនសាកលនោះ អាចសន្និដ្ឋានបានថា ចំនួនគ្រឿងញៀនណាកូទិកដែលមានក្នុងប្រទេសនេះ គឺច្រើនជាងដែលអាជ្ញាធរទទួលស្គាល់ទៅទៀត។
លោកបានបន្ថែមថា “ពេលដែលសហគមន៍មួយនៅដាច់ពីគេ វាអាចក្លាយជាតំបន់គ្រោះថ្នាក់ ហើយជាញឹកញាប់ឧក្រិដ្ឋកម្មកើតឡើងប្រទាក់ក្រឡាគ្នាដូចសំណាញ់ពីងពាង ឬបណ្តាញបងធំ ដោយមានមនុស្សខ្នងក្រាស់នៅចំណុចកណ្តាល និងប្រជាជននៅខាងក្រៅ។ មនុស្សខ្នងក្រាស់នោះប៉ះពាល់មិនបានទេ”។
ទាំងលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ ទាំងលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បានបដិសេធមិនអធិប្បាយអំពីស្ថានការណ៍នៅភូមិត្រពាំងឈូកទេ។
របាយការណ៍ស្តីពីសន្តិសុខសហភាពអឺរ៉ុបអំពីអាស៊ីអាគ្នេយ៍និងប្រទេសចិនដែលចេញកាលពីខែមេសា បានរកឃើញថា នៅប្រទេសកម្ពុជា អំពើពុករលួយក្នុងជួរនគរបាលកំពុងបន្ទុចបង្អាក់ការអនុវត្តច្បាប់គ្រឿងញៀន។
របាយការណ៍ឲ្យដឹងថា “សមត្ថភាពអនុវត្តច្បាប់នៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ អំពើពុករលួយរបស់មន្ត្រីអនុវត្តច្បាប់មួយចំនួនតូចគួរត្រូវដោះស្រាយដោយបង្កើនការខិតខំបន្ថែមទៀត ដើម្បីកាត់បន្ថយការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន”។
ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនដែលចេញផ្សាយកាលពីខែមីនា ក្រុមប្រឹក្សាគ្រប់គ្រងណាកូទិកអន្តរជាតិ បានរកឃើញថា នៅឆ្នាំ២០១៣ ប្រទេសកម្ពុជាបានក្លាយជាកន្លែងក្នុងតំបន់សម្រាប់ការជួញដូរហេរ៉ូអីុន កូកាអីុន និងម៉ាទឹកកក និងបានសំដែងកង្វល់ថា ម៉ាទឹកកកក៏កំពុងត្រូវគេផលិតក្នុងប្រទេសនេះសម្រាប់ទីផ្សារក្នុងស្រុកផងដែរ។
របាយការណ៍ដដែលក៏បានរិះគន់រដ្ឋាភិបាលនេះ ព្រោះមិនបានតាមរកចាប់ឈ្មួញគ្រឿងញៀនធំៗ។ “ឈ្មួញគ្រឿងញៀនតូចតាច និងអ្នកប្រើប្រាស់គ្រឿងញៀនក្លាយជាគោលដៅសំខាន់នៃការខិតខំគ្រប់គ្រងគ្រឿងញៀននៅកម្ពុជា”។
អ្នកភូមិត្រពាំងឈូកម្នាក់អាយុ៥៤ឆ្នាំ ដែលកូនប្រុសរបស់គាត់សព្វថ្ងៃជាប់ពន្ធនាគារ ពីបទប្រើប្រាស់និងចែកចាយម៉ាទឹកកកបន្តិចបន្តួចនោះ បានខកចិត្តនឹងភាពអយុត្តិធម៌នេះ។ លោកបាននិយាយថា “គេមិនដែលផ្តោតលើមេឈ្មួញធំៗ ឬ ឧត្តមសេនីយ៍ផ្កាយ៣ទេ។ គេចាប់តែមនុស្សដូចជាកូនប្រុសរបស់ខ្ញុំអ៊ីចឹង វាស្រួលជាង”៕ មានិត