35 C
Phnom Penh

លោក​នាយក​រដ្ឋមន្ត្រី​ចូលរួម​អន្តរាគមន៍​ក្នុង​ការ​ចរចា​ប្រាក់​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចំពោះ​ការ​ដំឡើង​ប្រាក់ខែ​គោល​ហួស​ហេតុ​និង​គំហុក​ភ្លាមៗ​ក្នុង​វិស័យ​កាត់ដេរ​ដ៏​សំខាន់​នៅ​ប្រទេស​កម្ពុជា នៅ​ឯ​សន្និសីទ​ស្តីពី​វិស័យ​វិនិយោគទុន ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ ដែល​អំឡុង​ពេល​នោះ មេដឹកនាំ​រដ្ឋាភិបាល​និង​មេដឹកនាំ​ធុរជន មាន​សុទិដ្ឋិ​និយម​បំផុត​អំពី​ឥទ្ធិពល​នៃ​សមាហរណកម្ម​ដែល​នឹង​មក​ដល់​របស់​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង​របស់​ខ្លួន​ក្នុង​តំបន់។

ការ​ថ្លែង​ដ៏​ប្រយ័ត្ន​ប្រយែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ធ្វើ​ឡើង​ចំពេល​មាន​ការ​ចរចា​តានតឹង​រវាង​រដ្ឋាភិបាល រោងចក្រ និង​សហជីព ជំុវិញ​ប្រាក់ខែ​គោល​ថ្មី​ប្រចាំខែ​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ដែល​រក​ចំណូល​បាន​ជាង​៥​ពាន់លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន។ កាលពី​ថ្ងៃ​ច័ន្ទ​ដែរ រដ្ឋាភិបាល​បាន​លើក​ពេល​ការ​បោះ​ឆ្នោត​អំពី​ប្រាក់​ខែ​គោល​ថ្មី ពី​ថ្ងៃ​សុក្រ​ទៅ​ខែ​ក្រោយ​វិញ។

ក្នុង​ពេល​ដែល​សហជីព​មិន​បាន​សម្រេច​តាម​ការ​ទាមទារ​របស់​ខ្លួន​អំឡុង​ការ​ចរចា​ដំឡើង​ប្រាក់​ខែ​កាលពី​ខែ​ធ្នូ​នោះ ពួកគេ​បាន​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស ដែល​ធ្វើ​ឲ្យ​ឧស្សាហកម្ម​នេះ​ជាប់គាំង​មួយ​រយៈ​ពេល​ខ្លី និង​បាន​បញ្ចប់​ទៅ​វិញ​ដោយ​មាន​ការ​ស្លាប់​កម្មករ​យ៉ាង​ហោចណាស់​៥​នាក់ នៅ​ពេល​ដែល​កម្លាំង​រាជអាវុធហត្ថ​បាន​បាញ់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣​ខែ​មករា។

សហជីព​មួយ​ចំនួន​ក្នុង​ចំណោម​សហជីព​ដដែល​នេះ​កំពុង​គំរាម​ធ្វើ​កូដកម្ម​ដ៏​ធំ​ជាថ្មី​ទៀត ប្រសិនបើ​មិន​មាន​ការ​ដំឡើង​ប្រាក់​ចំនួន​៧៧​ដុល្លារ​លើ​ប្រាក់​ខែ​គោល​បច្ចុប្បន្ន​១០០​ដុល្លារ​នៅ​ឆ្នាំ​នេះ​ទេ​នោះ។

ដោយ​ចូល​អន្តរាគមន៍ កាលពី​ថ្ងៃ​ច័ន្ទ លោក ហ៊ុន សែន បាន​គាំទ្រ​ភាគី​រោងចក្រ ដែល​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ខែ​១០​ដុល្លារ ដោយ​លោក​បាន​ព្រមាន​ថា ការ​ដំឡើង​ច្រើន​ជាងនេះ​អាច​ធ្វើ​ឲ្យ​វិនិយោគិន​រត់​ចេញ​ពី​ប្រទេស​នេះ ដូច​ដែល​ធ្លាប់​បាន​កើត​ឡើង​នៅ​ប្រទេស​ចិន​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​បើក​របស់​លោក​នៅ​សន្និសីទ ដែល​រៀបចំ​ឡើង​ដោយ​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​ថា “ខ្ញុំ​សូម​ឲ្យ​អស់​លោក​យល់​ឲ្យ​ច្បាស់​ថា ប្រាក់​ខែ​អប្បបរមា​នេះ​អាច​ជា​គ្រោះថ្នាក់​មួយ”។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ចាប់តាំងពី​ប្រទេស​ចិន​និង​ប្រទេស​ថៃ​បាន​បង្កើន​ប្រាក់​ខែ​ឲ្យ​កម្មករ​របស់​ខ្លួន​មក ក៏​មាន​ការ​លំបាក​ជាច្រើន​ភ្លាមៗ​ចំពោះ​ឧស្សាហករ ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិការ​អាជីវ​កម្ម​បាត់បង់​ភាព​ប្រកួត​ប្រជែង ដោយសារ​តម្លៃ​ដើម​ខ្ពស់​ជាង​មុន ធ្វើ​ឲ្យ​អ្នក​វិនិយោគ​គិត​អំពី​ការ​ផ្លាស់​ទៅ​ទីតាំង​ថ្មី។ ដូច្នេះ​ប្រទេស​កម្ពុជា​ត្រូវ​ចាប់​យក​ឱកាស​នេះ​គិត​អំពី​ប្រាក់ខែ​គោល​សមរម្យ និង​ត្រង​យក​វិនិយោគិន​ដែល​រក​កន្លែង​វិនិយោគ​ថ្មី”។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​ត្រូវ​ខិតខំ​ច្រើនទៀត​ដើម្បី​តាម​ឲ្យ​ទាន់​ប្រទេស​ជិតខាង​របស់​ខ្លួន ចាប់ពី​ការធ្វើ​ប្រព័ន្ធ​ផ្លូវថ្នល់​របស់​ខ្លួន​រហូត​ដល់​ការ​បន្ទាប​តម្លៃ​អគ្គិសនី ដែល​ថ្លៃ​បំផុត​ក្នុង​តំបន់។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​ក៏​បាន​ខាតបង់​សមត្ថភាព​អគ្គិសនី​២៤៦​មេហ្គាវ៉ាត់​ដែរ​នៅ​រដូវ​វស្សា​នេះ ពីព្រោះ​ប្រទេស​កម្ពុជា​ខ្វះ​បណ្តាញ​បញ្ជូន​ចរន្ត​អគ្គិសនី​ដើម្បី​ចែកចាយ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “នោះ​បង្ហាញ​ថា យើង​មាន​រថយន្ត ប៉ុន្តែ​គ្មាន​ផ្លូវ​ថ្នល់​បើកបរ”។

ទាក់ទង​នឹង​ផ្លូវថ្នល់​នេះ​វិញ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា គឺ​មាន​សារៈ​សំខាន់​ណាស់​ដែល​ប្រទេស​កម្ពុជា​ក្លាយ​ជា​ច្រក​ធ្វើ​ដំណើរ​ឆ្លងកាត់​រវាង​ក្រុង​បាងកក​និង​ក្រុង​ហូជីមិញ នៅ​ពេល​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​លេច​ជា​រូបរាង​នៅ​ដំណាច់​ឆ្នាំ​២០១៥ ហើយ​របាំង​ពាណិជ្ជកម្ម​ចាប់​ផ្តើម​ដក​ចេញ។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​តភ្ជាប់​ប៉ូល​ទាំងពីរ​នឹង​បង្កើត​ឱកាស​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​សមាហរណ​កម្ម​ទៅ​ក្នុង​ខ្សែ​សង្វាក់ផលិត​កម្ម​ថ្នាក់​តំបន់​និង​ថ្នាក់​ពិភព​លោក ហើយ​រួម​ចំណែក​ដល់​កំណើន​វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា។ ហើយ​ក្រុម​វិនិយោគិន​អាច​ទទួល​បាន​ប្រយោជន៍​ពី​កម្លាំង​ការងារ​ថ្មី​ថ្មោង​និង​មិន​សូវ​មាន​ជំនាញ​នៅ​ប្រទេស​កម្ពុជា”។

វាគ្មិន​ថ្លែង​សុន្ទរកថា​បើក​ក្នុង​ព្រឹត្តិការណ៍​នោះ លោក ដូណាល់ កាណាក ប្រធាន​ក្រុមហ៊ុន ប្រូដិនស្យល អេស៊ា បាន​មាន​ប្រសាសន៍​ថា ភាគលាភ​ប្រជាសាស្ត្រ​របស់​ប្រទេស​កម្ពុជា (កម្លាំង​ការងារ​ច្រើន​តែ​ក្មេងៗ) នឹង​ជា​ប្រយោជន៍​សំខាន់​សម្រាប់​ប្រទេស​នេះ រួម​ជាមួយ​នឹង​ចំណូល​កើន​ឡើង និងបរិយាកាស​វិនិយោគ​អនុគ្រោះ​ផង។

លោក​មាន​ប្រសាសន៍​ថា “កត្តា​ទាំង​នេះ​សុទ្ធ​តែបូក​ផ្សំ​គ្នា។ ប្រវត្តិ​របស់​ប្រទេស​កម្ពុជា​គឺ​ពិសេស​…​ហើយ​ប្រាកដ​ណាស់​ថា ពាក្យ​នេះ​នឹង​ខ្ច័រ​ខ្ចាយ។ បើ​អ្នក​ប្រឹងប្រែង ផលិតផល​របស់​ប្រទេស​កម្ពុជា​នឹង​លូតលាស់។

លោក ហ្វាយសាល អាមេដ តំណាង​ប្រចាំ​ប្រទេស​របស់​អង្គការ​មូលនិធិរូបិយ​វត្ថុ​អន្តរ​ជាតិ បាន​យល់​ស្រប​ថា “ប្រវត្តិ​ម៉ាក្រូ​របស់​ប្រទេស​នេះ គឺ​ថ្មីថ្មោង​និង​សកម្ម”។

លោក អាមេដ មាន​ប្រសាសន៍​ថា ដើម្បី​រក្សា​កំណើន​ដ៏​ឆាប់​នេះ​ក្នុង​ពេល​សេដ្ឋ​កិច្ច​សាកល​លោក​ដែល​គេទស្សទាយថា​នឹងមិន​សូវ​មាន​សកម្ម​ភាព​នោះ អាទិភាព​របស់​រដ្ឋាភិបាល​គួរ​ផ្តោត​លើ​ការ​បង្កើន​ប្រាក់​ចំណូល ដែល​នៅ​ទាប​នៅ​ឡើយ​បើ​ធៀប​នៅ​ក្នុង​តំបន់​នេះ។

លោក​មាន​ប្រសាសន៍​ថា “វិនិយោគិនសម្លឹង​មើល​គុណភាព​នៃ​សេដ្ឋកិច្ច ហើយ​ការ​ប្រើ​ប្រាស់​ប្រាក់ចំណូល​នៅ​ក្នុង​ការ​វិនិយោគ​ដំណើរការ​ទៅ​យ៉ាង​លឿន និងរបៀប​ប្រើប្រាស់​ទុន​ក៏មាន​ភាព​ងាយ​ស្រួល​ដែរ”។

លោក អេមេដ បាន​លើក​ឡើង​ថា ប្រាក់​ឈ្នួល​ទាប​ដែល​ជា​កត្តា​ពឹងផ្អែក​របស់​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​នោះ ទំនង​ជាលែង​សូវ​ជា​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ទៀត​ហើយ ដោយសារ​តែ​កត្តា​ពេលវេលា ហើយ​លោក​បាន​បន្ត​ថា ប្រទេស​នេះ​ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​របស់​ខ្លួន។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជាបាន​លើក​ឡើង​ថា កង្វះ​ខាត​របស់​ប្រទេស​កម្ពុជាតាំងពី​ហេដ្ឋារចនា​សម្ពន្ធ​ចាស់ៗ​រហូត​ដល់​កម្លាំង​ពលកម្ម​គ្មាន​ជំនាញ ជាក់ស្តែង​គឺជា​រឿង​ដែល​ត្រូវ​ខ្វល់ខ្វាយ ពីព្រោះ​កត្តា​ទាំង​នេះ​ធ្វើ​ឲ្យ​វិនិយោគិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​មក​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​មាន​ច្រើន​ណាស់ ពីព្រោះ​អ្វីៗ​គ្រប់យ៉ាង​នៅ​បាត់​បង់​យ៉ាង​ច្រើន ហើយ​ប្រទេស​នេះ​ត្រូវការ​អ្វីៗ​គ្រប់​យ៉ាង”។

លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ផ្នត់​គំនិត​របស់​ប្រជាជន​កម្ពុជា​ក៏​ប្លែក​ផងដែរ ពួកគេ​ចូល​ចិត្ត​រៀន​សូត្រ។ ពួកគេ​ដឹងថា ពួកគេ​ចាប់​ផ្តើម​ពី​ឆ្នាំ​សូន្យ ដូច្នេះ​អ្នក​អាច​បង្រៀន​ពួកគេ​អំពី​រឿងតូចៗ​គ្រប់​យ៉ាង ពីព្រោះ​ពួកគេ​ចង់​រៀន​សូត្រ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស