កាលពីម្សិលមិញ តំណាងមួយរូបដែលតំណាងឲ្យរោងចក្រកាត់ដេរនានានៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា សេចក្ដីសម្រេចនៅនាទីចុងក្រោយរបស់រដ្ឋាភិបាលដើម្បីពន្យារពេលបោះឆ្នោតសម្រេចលើប្រាក់ខែគោលថ្មីសម្រាប់វិស័យកាត់ដេរ ទំនងជាមិនអាចដោះស្រាយបញ្ហារវាងរោងចក្រ និងសហជីពបានឡើយ ហើយវាប្រាកដជាអាចធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មនេះតាមរយៈការធ្វើឲ្យក្រុមហ៊ុនបញ្ជាទិញនានាបាត់បង់ទំនុកចិត្តលើប្រទេសនេះ។
គណៈកម្មាធិការប្រឹក្សាការងារ ដែលមានសមាសភាពតំណាងមកពីរដ្ឋាភិបាល រោងចក្រ និងសហជីពនានា គ្រោងនឹងបោះឆ្នោតនៅថ្ងៃសុក្រនេះដើម្បីសម្រេចថា តើត្រូវដំឡើងប៉ុន្មានលើប្រាក់ខែគោល១០០ដុល្លារនាពេលបច្ចុប្បន្ន។ ប៉ុន្តែនៅក្នុងចំណាត់ការមួយដែលបានធ្វើឲ្យម្ចាស់រោងចក្រកាន់តែមានការភ្ញាក់ផ្អើលជាងនេះទៀតនោះ គឺក្រសួងការងារបានប្រកាសកាលពីថ្ងៃច័ន្ទថា គណៈកម្មាធិការនេះនឹងកោះប្រជុំនៅពេលណាមួយក្នុងខែវិច្ឆិកា ”ដើម្បីឲ្យភាគីពាក់ព័ន្ធមានពេលវេលាគ្រប់គ្រាន់សម្រាប់ពិភាក្សា និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីឈានទៅដល់ការឯកភាពគ្នាមួយ ដែលភាគីទាំងអស់អាចទទួលយកបាន”។
ប៉ុន្តែលោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានមានប្រសាសន៍ថា ” គ្មានផ្លូវ” ដែលរោងចក្រ និងសហជីពព្រមព្រៀងគ្នាឡើយចំពោះចំនួនប្រាក់ខែគោលថ្មីដែលត្រូវដំឡើង និងការពន្យារពេលនេះ។ បណ្តាសហជីពកំពុងជំរុញឲ្យដំឡើង៧៧ដុល្លារលើប្រាក់ខែគោលបច្ចុប្បន្ន ចំណែកឯរោងចក្រចង់ដំឡើងតែ១០ដុល្លារប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ទៀតថា “វាអាស្រ័យលើភាគីនីមួយៗថា តើត្រូវធ្វើយ៉ាងណាអំឡុងពេលនេះ។ បើយើងមិនធ្វើអ្វីសោះ តើវាជួយម៉េចនឹងបាន? ឬក៏យើងទាំងគ្នាមកជួបគ្នានិយាយរឿងដដែលៗម្ដងហើយម្ដងទៀត?”។
លើកឡើងពីបទពិសោធកន្លងមក និងឥរិយាបថនៃការចរចានាពេលបច្ចុប្បន្ន លោក កែន លូ បានមានប្រសាសន៍ថា លោកមិនរំពឹងថាទទួលបានជោគជ័យទេ។ ប្រសិនបើអ្វីដែលលោកបានលើកឡើងជាការពិតមែននោះ គណៈកម្មាធិការប្រឹក្សាការងារនឹងបោះឆ្នោតជាសម្ងាត់នៅខែវិច្ឆិកា ហើយក្រសួងការងារនឹងយកចំនួនដែលត្រូវដំឡើងនោះទៅពិចារណា ហើយកំណត់ប្រាក់ខែគោលថ្មី ដែលនឹងចូលជាធរមាននៅខែមករា។
លោក កែន លូ បានមានប្រសាសន៍ថា ចំណាត់ការដ៏គួរឲ្យភ្ញាក់ផ្អើលរបស់រដ្ឋាភិបាលក្នុងការពន្យារពេលសេចក្ដីសម្រេច មិនអាចជួយដោះស្រាយបញ្ហាបានឡើយ ពោលគឺបានត្រឹមតែបន្ថែមអ្វីដែលក្រុមហ៊ុនបញ្ជាទិញស្អប់បំផុតប៉ុណ្ណោះទៅវិញទេ នោះគឺភាពមិនប្រាកដប្រជា។
លោកបានមានប្រសាសន៍ទៀតថា ” តម្លៃ យើងតែងតែអះអាងថា វាជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗបំផុត ហើយវាជាការពិត។ ប៉ុន្តែមុនពេលក្រុមហ៊ុនបញ្ជាទិញអាចពិចារណាតម្លៃរបស់អស់លោកបាន ពួកគេចាំបាច់ត្រូវមានទំនុកចិត្តថា យើងអាចប្រគល់ទំនិញបាន។ ប្រសិនបើពួកគេគ្មានទំនុកចិត្តលើការសន្យារបស់យើងក្នុងការការពារកិច្ចសន្យាទេ យើងអាចនឹងថោកដូចអស់លោកចង់បាន។ ហើយអស់លោកពន្យារពេលកាន់តែយូរ បើអស់លោកគ្មានផែនការច្បាស់ទេ វានឹងបង្កឲ្យមានភាពមិនប្រាកដប្រជាបន្ថែមទៀត”។
លោក កែន លូ បានមានប្រសាសន៍ថា ប្រសិនបើមានអ្នកផ្លាស់ប្ដូរចិត្តគំនិត គឺមិនមែនរោងចក្រជាអ្នកផ្លាស់ប្ដូរឡើយ។ លោកលើកឡើងថា និយោជកនៅតែប្រកាន់យកការដំឡើង១០ដុល្លារ ពីព្រោះវាជាចំនួនដែលពួកគេទាំងអស់សុទ្ធតែអាចមានលទ្ធភាព។
ចំណូលនាំចេញក្នុងវិស័យកាត់ដេរសម្រាប់ឆមាសទី១ដើមឆ្នាំ២០១៤នេះ បានកើនឡើងឆ្នាំធៀបឆ្នាំ។ ប៉ុន្តែ GMAC និយាយថា ការស្ទង់មតិមួយធ្វើឡើងនៅពេលថ្មីៗនេះលើសមាជិកប្រហែលពាក់កណ្ដាលក្នុងចំណោមរោងចក្រជាសមាជិកប្រហែល៦០០ បានរកឃើញថា រោងចក្រជាសមាជិកជាច្រើនបានចាប់ផ្ដើមរងផលប៉ះពាល់ដោយសារការធ្លាក់ចុះការបញ្ជាទិញពីក្រុមហ៊ុនបញ្ជាទិញសូម្បីនៅដំណាក់កាលប្រាក់ខែគោលនាពេលបច្ចុប្បន្នក្តី។
លោក កែន លូ បានមានប្រសាសន៍ថា “សូម្បីតម្លៃបច្ចុប្បន្ន ហេតុអ្វីបានជារោងចក្រគ្មានសមត្ថភាពពេញលេញ? ដោយសារតែពួកគេមិនទទួលបានការបញ្ជាទិញ។ យើងមិនទាំងអាចបំពេញបានផងនៅកម្រិតបច្ចុប្បន្ន ដូច្នេះស្រមៃទៅមើលថា តើវានឹងទៅជាយ៉ាងណាបើដំឡើងបន្ថែមទៀត?”។
បណ្ដាសហជីពដែលកំពុងជំរុញឲ្យដំឡើង៧៧ដុល្លារលើប្រាក់ខែគោលបច្ចុប្បន្នលើកឡើងថា ការព្រមានស្រដៀងគ្នានាពេលកន្លងមក មិនដែលចេញជាលទ្ធផលពិតប្រាកដទេ។ ពួកគេនិយាយថា រោងចក្រអាចមានលទ្ធភាពដំឡើងប្រាក់ខែគោល ហើយគួរតែតម្រូវឲ្យពួកគេដំឡើង។ ក្រុមហ៊ុនសម្លៀកបំពាក់មួយចំនួនថែមទាំងបានស្ម័គ្រចិត្តដំឡើងថ្លៃទំនិញទិញពីរោងចក្រទៀតផងដើម្បីឲ្យរោងចក្រទាំងនោះទទួលយកការដំឡើងប្រាក់ខែគោល ប៉ុន្តែរោងចក្រភាគច្រើនមិនបានធ្វើដូច្នេះទេ។
ប្រតិកម្មរបស់សហជីពចំពោះសេចក្ដីសម្រេចរបស់ក្រសួងការងារក្នុងការពន្យារពេលបោះឆ្នោតសម្រេចលើប្រាក់ខែគោលថ្មីនេះ មានចម្រុះគ្នា។
លោក អាត់ ធន់ ដែលជាសមាជិកគណៈកម្មាធិការក្រុមប្រឹក្សាការងារ និងជាប្រធានសហជីពឯករាជ្យធំបំផុតនៅកម្ពុជា បានស្វាគមន៍ការពន្យារពេលនេះ។ លោកមានប្រសាសន៍ថា ការចរចាចំនួនពីរលើកមុនរវាងភាគីទាំងបី គឺមិនគ្រប់គ្រាន់ និងមិនទាន់ទទួលបានសេចក្តីលម្អិតស្តីពីគោលជំហររបស់ភាគីនីមួយៗនៅឡើយទេ ហើយសង្ឃឹមថា ពេលវេលាបន្ថែមទៀតនឹងធ្វើឲ្យមានការខុសប្លែក ប៉ុន្តែលោកនៅតែបដិសេធមិនពិចារណាប្រាក់ខែគោលថ្មីណាមួយ ដែលមានចំនួនតិចជាង១៥០ដុល្លារឡើយ។
លោកបានមានប្រសាសន៍ទៀតថា ” ប្រសិនបើពួកគេនៅតែធ្វើសេចក្ដីសម្រេចនៅថ្ងៃទី១០ ខែតុលា មុខជាមានការតវ៉ា និងអំពើហិង្សា ពីព្រោះមានការចរចាតែពីរលើកប៉ុណ្ណោះ ហើយយើងមិនទាន់បានពិភាក្សាអំពីសេចក្ដីលម្អិតនៅឡើយទេ ហើយយើងឮថា ប្រាក់ខែគោល[ថ្មី] ទាប។ យើងសង្ឃឹមថា ពេលនេះ សហជីព និយោជក និងក្រសួងនឹងមានពេលវេលាបន្ថែមទៀតដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយមួយដែលអ្នកគ្រប់គ្នាអាចទទួលយកបាន”។
សហជីពចំនួនប្រាំមួយបានជូនដំណឹងទៅសាលារាជធានីភ្នំពេញកាលពីម្សិលមិញថា ខ្លួនមានបំណងធ្វើពិធីជួបជុំមួយនៅទីលានប្រជាធិបតេយ្យ ហើយហែក្បួននៅក្នុងរាជធានីនៅថ្ងៃអាទិត្យនេះ ជាមួយសមាជិករហូតដល់ទៅ៣.០០០នាក់ ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាល រោងចក្រ និងក្រុមហ៊ុនបញ្ជាទិញបំពេញតាមការទាមទារដំឡើងប្រាក់ខែគោលរបស់ខ្លួន។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីមានប្រសាសន៍ថាទទួលបានសេចក្ដីជូនដំណឹងនេះហើយ ហើយនឹងប្រគល់ជូនអភិបាលរាជធានី៕ សុខុម