ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា អាជ្ញាធរខេត្តក្រចេះបានរកឃើញឈើប្រណីតជិត៩០ដុំកាលពីយប់ថ្ងៃសៅរ៍ ដែលគេគរទុកនៅខាងក្រៅបន្ទាយកងយោពលខេមរភូមិន្ទក្នុងស្រុកឆ្លូង ដែលគេជឿថា ឈើនេះបម្រុងនឹងដឹកទៅខេត្តត្បូងឃ្មុំទៅភាគខាងត្បូង។
លោក សោម សារិទ្ធ អភិបាលស្រុកបានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានបានអមដំណើរនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកទៅកាន់បន្ទាយកងយោធពលខេមរភូមិន្ទក្នុងឃុំឆ្លូងកាលពីយប់ថ្ងៃសៅរ៍ ដោយទទួលបានដំណឹងអំពីការគរទុកឈើខុសច្បាប់នេះ។
លោក សារិទ្ធ បានមានប្រសាសន៍ថា “យើងបានឃើញឈើនេះនៅមុខបន្ទាយទាហានស្រុកនៅម៉ោងប្រហែល១១យប់ ហើយក្រុមរបស់យើងបានដឹកឈើនេះនៅយប់ថ្ងៃដដែលទៅការិយាល័យរដ្ឋបាលព្រៃឈើស្រុក”។ លោកបានបន្ថែមថា ឈើប្រភេទធ្នង់សរុប៨៩ដុំត្រូវបានរឹបអូស ដែលមួយដុំៗមានប្រវែងពីបីទៅបួនម៉ែត្រ និងមានមុខកាត់២៥ទៅ៣០សង់ទីម៉ែត្រ សរុបចំនួន១៤ម៉ែត្រគូប។
លោក សារិទ្ធ បានមានប្រសាសន៍ថា ឈើទាំងនេះទំនងជាដឹកតាមទូកមកកាន់បន្ទាយនេះតាមស្ទឹងឆ្លូង ហើយគ្រោងនឹងដឹកទៅស្រុកតំបែរ ខេត្តត្បូងឃ្មុំនៅយប់នោះ។ លោកបានមានប្រសាសន៍ថា ប៉ុន្តែដោយសារអាជ្ញាធរមកដល់កន្លែងនោះ គ្មាននរណាម្នាក់មកយកឈើនេះទេ។ លោកបានមានប្រសាសន៍ថា “គ្មាននរណាម្នាក់ទាក់ទងមកយើង ឬមកជួបយើងដើម្បីអះអាងពីភាពជាម្ចាស់នៃឈើនេះឡើយ ប៉ុន្តែឈើនេះត្រូវបានគរទុកនៅមុខបន្ទាយទាហានត្រៀមដឹកចេញនៅអំឡុងពេលយប់”។
បើទោះជាកន្លែងគរឈើនោះនៅក្បែរបន្ទាយកងយោធពលភូមិន្ទក៏ដោយ ក៏លោក សយ សារិទ្ធ ប្រធានរដ្ឋបាលព្រៃឈើខេត្តបានមានប្រសាសន៍ថា មិនមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបន្ទោសមន្ត្រីយោធាឡើយ។ លោកបានមានប្រសាសន៍ថា ” យើងមិនហា៊នសន្និដ្ឋានថា ឈើនេះជារបស់យោធាឡើយ…ពីព្រោះយើងគ្មានភ័ស្តុតាងដើម្បីបង្ហាញថា ពួកគេជាប់ពាក់ព័ន្ធ”។
លោក សារិទ្ធ បានមានប្រសាសន៍ថា បន្ទាប់ពីអាជ្ញាធរបានមកដល់កន្លែងនោះបន្តិចមក លោក ប្រាក់ វណ្ណា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទស្រុកបានលេចមុខ ហើយបានអះអាងថា ឈើនេះជារបស់មន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ ហេង គន្ធា។ លោកបានមានប្រសាសន៍ថា “លោក វណ្ណា បានមកដល់កន្លែងនោះ ហើយបានប្រាប់យើងថា ឈើនេះជារបស់លោក គន្ធា ប៉ុន្តែយើងមិនដឹងថា គាត់ជានរណាឡើយ”។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា លោកមិនស្គាល់ឈ្មោះលោក ហេង គន្ធា ទេ។
លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដែលបានអមដំណើរនគរបាល និងមន្ត្រីក្នុងមូលដ្ឋានទៅកាន់បន្ទាយនោះកាលពីយប់ថ្ងៃសៅរ៍ បានអះអាងថា លោក វណ្ណា បានមកដល់នៅពេលឈើនេះត្រូវបានរឹបអូស ប៉ុន្តែបានមានប្រសាសន៍ថា លោកទៅទីនោះដើម្បីជួយតែប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា ” ខ្ញុំទទួលស្គាល់ថា លោក វណ្ណា មានវត្តមាននៅកន្លែងនោះ ប៉ុន្តែគាត់មកជួយយើង និងផ្ដល់រថយន្តពីរគ្រឿងដើម្បីដឹកឈើនោះ”។ គេមិនអាចទាក់ទងលោក វណ្ណា បានទេ៕ សារុន