រយៈពេលជាង២ខែបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងពិភាក្សាអំពីកំណែទម្រង់ប្រព័ន្ធបោះឆ្នោតមក អង្គការសង្គមស៊ីវិលដែលធ្វើការលើកំណែទម្រង់បោះឆ្នោតនៅក្នុងប្រទេសកម្ពុជាកាលពីម្សិលមិញបានអំពាវនាវឲ្យមានតម្លាភាពបន្ថែមទៀតនៅក្នុងការពិភាក្សារវាងគណបក្សទាំងពីរខណៈដែលពួកគេលើកឡើងអំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា។
កាលពីសប្ដាហ៍មុន សមាជិកសភាបានបោះឆ្នោតជាឯកច្ឆន្ទឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងធ្វើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជាស្ថាប័នដែលមានហិរញ្ញប្បទានដោយឯករាជ្យ និងស្វយ័តភាពពីស្ថាប័ននីតិប្រតិបត្តិ ជាជំហានដំបូងនៅក្នុងកំណែទម្រង់ដូចដែលបានសន្យា។
ប៉ុន្តែអ្វីដែលត្រូវបញ្ចប់នោះ គឺការកែច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសសមាជិកសភា និងច្បាប់ថ្មីស្ដីពីដំណើរការគ.ជ.ប. ដែលព័ត៌មានលម្អិតនៅតែកំពុងធ្វើការពិភាក្សាដោយក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដែលជាអង្គការមួយក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលជាច្រើន ដែលធ្វើការដើម្បីលើកកម្ពស់ប្រជាធិបតេយ្យនៅក្នុងប្រទេសនោះ បានអំពាវនាវឲ្យគណបក្សទាំងពីរធ្វើការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឲ្យអ្នកជំនាញបានចូលរួមនៅក្នុងកិច្ចពិភាក្សា និងធ្វើឲ្យប្រាកដពីស្ថានភាពនៃការចរចា។
លោក សួន យុធ្យា មន្ត្រីច្បាប់នៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានមានប្រសាសន៍អំឡុងសន្និសីទកាសែតកាលពីម្សិលមិញនៅការិយាល័យរបស់អង្គការមិនមែនរដ្ឋាភិបាលនេះនៅក្នុងរាជធានីភ្នំពេញថា ” ក្រុមការងារបានចាប់ផ្ដើមពិភាក្សាបិទទ្វារ ហើយមិនទាន់មានការកំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ”។ លោកបានមានប្រសាសន៍ថា ” យើងចង់ឲ្យក្រុមការងារបើកចិត្តឲ្យទូលាយ និងមានតម្លាភាពនៅក្នុងការសម្រេចចិត្តរបស់ខ្លួន និងការពិភាក្សាស្ដីពីការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគ.ជ.ប.ថ្មី”។
លោក យុធ្យា បានមានប្រសាសន៍ថា សម្ព័ន្ធកំណែទម្រង់នេះបានដាក់ជូនសេចក្ដីព្រាងច្បាប់គ.ជ.ប. ទៅគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិជាមួយសំណើកាលពីថ្ងៃទី១២ ខែកញ្ញា សុំឲ្យមានការពិភាក្សាឲ្យបានលម្អិត ប៉ុន្តែលោកមិនបានទទួលការឆ្លើយតបពីគណបក្សណាមួយឡើយ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំាពាក្យគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមការងាររបស់គណបក្សទទួលបន្ទុកការបោះឆ្នោត បានមានប្រសាសន៍ថា គណបក្សប្រឆាំងគាំទ្រឲ្យដាក់បញ្ចូលអ្នកជំនាញមកពីខាងក្រៅនៅក្នុងការពិភាក្សាស្ដីពីកំណែទម្រង់នេះ។
លោក បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា ” យើងគាំទ្រឲ្យពួកគាត់បានចូលរួមនៅក្នុងជំនួបនោះ ដើម្បីឲ្យពួកគាត់អាចស្ដាប់ឮនូវអ្វីដែលយើងពិភាក្សា។ ប៉ុន្តែពួកគាត់ត្រូវទាក់ទងគណបក្សប្រជាជនកម្ពុជាដោយផ្ទាល់ ពីព្រោះការពិភាក្សាមិនត្រូវធ្វើឡើងដោយបក្សរបស់យើងតែម្នាក់ឯងឡើយ”។
លោក ស៊ិក ប៊ុនហុក សមាជិកសភាគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងារគណបក្សបានមានប្រសាសន៍ថា គណបក្សរបស់លោកទទួលបានសេចក្ដីព្រាងច្បាប់ស្តីពីសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហើយ ប៉ុន្តែបានបង្វែរសំណួរបន្ថែមទៅលោក ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលមិនអាចទាក់ទងបាន៕ សារុន