31.8 C
Phnom Penh

កន្លែង​​​កម្សាន្ត​​​នានា​​​នឹង​​​ស្ថិត​​​នៅ​​​ក្រោម​​​ច្បាប់​​​ការ​​​ងារ​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ច្បាប់​​​ថ្មី​​​របស់​​​រដ្ឋាភិបាល​​​សម្រាប់​​​ឧស្សាហកម្ម​​​កម្សាន្ត​​​ ដែល​​​ត្រូវ​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ម្សិល​​​មិញ មាន​​​គោល​​​ដៅ​​​​​​ផ្តល់​​​ឲ្យ​​​ស្ត្រី​​​រក​​​ស៊ី​​​ផ្លូវ​​​ភេទ និង​​​អ្នក​​​​​​ងាយ​​​រង​​​គ្រោះ​​​ផ្សេង​​​ៗទៀត​​​​​​​​​នូវ​​​ការ​​​ការ​​​ ពារ​​​បន្ថែម​​​តាម​​​​​​ច្បាប់​​​ការ​​​ងារ​​​ ប៉ុន្តែ អ្នក​​​ជំនាញ​​​បាន​​​រំឭក​​​ដាស់តឿន​​​ថា ការអនុវត្ត​​​ច្បាប់​​​នេះ​​​​​​នឹង​​​​​ជា​​​ការ​​​ងារ​​​ដ៏​​​លំបាក​​​ ហើយ​​​ចំណាយ​​​ពេល​​​យូរ។

អំឡុង​​​ព្រិត្តិការណ៍​​​​​​​​​មួយ​​​​​​​​​​​​​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​ លោក អិុត សំហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​ប្រកាស​​​ច្បាប់​​​ថ្មី​​​នេះ​​​ ដល់​​​ម្ចាស់​​​រង្គសាល ម្ចាស់​​​ខារ៉ាអូខេ​​​ និង​​​ម្ចាស់​​​កន្លែង​​​កម្សាន្ត​​​សម្រាប់​​​មនុស្ស​​​ពេញ​​​វ័យ​​​ក្នុង​​​គោល​​​បំណង​​​លើក​​​កម្ពស់​​​ជីវិត​​​ និង​​​ការ​​​ការ​​​ពារ​​​​​​តាម​​​ផ្លូវ​​​ច្បាប់​​​ដល់​​​បុគ្គលិក​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​ស្ត្រី​​​​​​នៅ​​​ក្នុង​​​​​​ឧស្សាហកម្ម​​​នេះ​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ប្រសើរ​​​។

នៅ​​​ក្នុង​​​ប្រកាស​​​នេះ​​​រួម​​​មាន​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ ការ​​​គាំពារ​​​សុខភាព​​​ និង​​​សុវត្ថិភាព និង​​​ការ​​​ផ្តល់​​​​​សេវា​​​កម្ម​​​ការ​​​ពារ​​​មេរោគ​​​អេដស៍​​​ដល់​​​ស្ត្រី​​​រក​​​ស៊ី​​​ផ្លូវ​​​ភេទ​ ហើយ​​​វា​​​នឹង​​​​​​ជា​​​ការ​​​ផ្តល់​​​ការ​​​ការ​​​ពារ​​​ជា​​​​​​លើក​​​ដំបូង​​​តាម​​​ច្បាប់​​​ការងារ​​​ដល​​​់បុគ្គលិក​​​​​​នៅ​​​ក្នុង​​​វិស័យ​​​នេះ​​​ដែល​​​​​​​​​​​​​​​​​​ លោក អិុត សំហេង លើក​​​ឡើង​​​ថា កំពុង​​​ទទួល​​​ជោគ​​​ជ័យ​​​។

លោក អិុត សំហេង បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​ពិធី​​​ប្រកាស​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ខ្ញុំ​​​ប៉ាន់​​​ប្រមាណ​​​ថា ក្នុង​​​មួយ​​​ឆ្នាំ​​​ៗ​​​មនុស្ស​​​ភាគច្រើន​​​ទៅ​​​កន្លែង​​​កម្សាន្ត​​​ម្តង​​​ឬ​​​ក៏​​​ពីរ​​​ដង​​​រួម​​​ទាំង​​​ខ្ញុំ​​​ផង​​​ដែរ​​​”។ លោក​​​បាន​​​បញ្ជាក់​​​ចំពោះ​​​អ្នក​​​ចូល​​​រួម​​​ដែល​​​កំពុង​​​តែ​​​សើច​​​ថា “សេវា​​​កម្សាន្ត​ទាំង​​​នេះ​​​​​រួម​​​មាន​​​ ក្លឹប​​​ឌីស្កូ​​​ជា​​​ដើម​​​”។ ​​​

លោកស្រី ចាន់​​​ ឌីណា ​​​ជា​​​តំណាង​​​បណ្តាញ​​​កម្មករ​​​និយោជិក​​​ផ្នែក​​​សេវា​​​កម្សាន្ត​​​ថ្នាក់​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​រង់​​​ចាំ​​​ជា​​​យូរ​​​មក​​​ហើយ​​​។ លោក​​​ស្រី ឌីណា បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​សេចក្តី​​ថ្លែង​​​ការណ៍​​​​​​មួយ​​​ថា ​​​​​​”​​​ទី​​​បំផុត​​​រដ្ឋាភិបាល​​​បាន​​​ទទួល​​​ស្គាល់​​​ថា បុគ្គលិក​​​កន្លែង​​​កម្សាន្ត​​​ គឺជា​​​បុគ្គលិក​​​ដូច​​​កន្លែង​​​ផ្សេង​​​ៗ​​​ដែរ​​​ ហើយ​​​​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​តាម​​​ច្បាប់​​​ការងារ​​​។ ម្ចាស់​​​កន្លែង​​​​​​កម្សាន្ត​​​នានា​​​មាន​​​កាតព្វកិច្ច​​​យក​​​ចិត្ត​​​ទុក​​​​​​ដាក់​​​ចំពោះ​​​បុគ្គលិក​​​របស់​​​ខ្លួន ហើយ​​​ទប់​​​ស្កាត់​​​បញ្ហា​​​សំខាន់​​​ៗ​​​​​​ដូច​​​ជា​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​រំលោភបំពាន​​​ផ្លូវ​​​ភេទ​​​ជា​​​ដើម​​​”។

ប៉ុន្តែ ​​​ខណៈ​​​ច្បាប់​​​ថ្មី​​​នេះ​​​កំពុង​​​តាក់​​​តែង​​​​​​​​​នៅ​​​ឡើយ​​​នោះ​​​ លោក អិុត សំហេង បាន​​​លើក​​​ឡើង​​​ថា  ដំបូង​​​ឡើង​​​ការ​​​អនុវត្ត​​​​​​ច្បាប់​​​នេះ​​​​​​តម្រូ​​វ​​​ឲ្យ​​​មាន​​​ការ​​​ស្ម័គ្រ​​​ចិត្ត​​​ជា​​​មុន​​​សិន​​​នៅ​​​ពេល​​​វិធាន​​​ការ​​​ត្រូវ​​​បាន​​​​​​ដាក់​​​ចេញ​​​។

លោក​​​​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ក្រៅ​​​ព្រឹត្តិការណ៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “យើង​​​តម្រូវ​​​ឲ្យ​​​និយោជក​​​ ក៏​​​ដូច​​​ជា​​​និយោជិក [ទទួល​​​ស្គាល់]​​​ ថា ខ្លួន​​​​​មាន​​​កាតព្វកិច្ច​​​ត្រូវ​​​អនុវត្ត​​​ច្បាប់​​​នេះ​​​ ប៉ុន្តែ ជំហាន​​​ដំបូង​​​នឹង​​​ជា​​​គោល​​​ការណ៍​​​អប់​​​រំ​​​តាម​​​ការ​​​ស្ម័គ្រ​​​ចិត្ត​​​​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ពួក​​​គាត់​​​យល់​​​ដឹង​​​អំពី​​​ច្បាប់​​​នេះ​​​ ហើយ​​​លើក​​​ទឹក​​​ចិត្ត​​​ពួក​​​គាត់​​​ឲ្យ​​​គោរព​​​ច្បាប់​​​នេះ​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត​​​”។

លោក អិុត សំហេង បាន​​​លើក​​​ឡើង​​​ថា នៅ​​​ពេល​​​ច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ ម្ចាស់​​​កន្លែង​​​កម្សាន្ត​​​ណា​​​ដែល​​​មិន​​​អនុវត្ត​​​តាម​​​ច្បាប់​​​នេះ​​​នឹង​​​ត្រូវ​​​ផាក​​​ពិន័យ​​​។

ប៉ុន្តែ ការ​​​អនុវត្ត​​​ច្បាប់​​​ថ្មី​​​នេះ​​​នៅ​​​ក្នុង​​​វិស័យ​​​សេដ្ឋកិច្ច​​​​​​ក្រៅ​​​ផ្លូវ​​​ការ​​​នឹង​​​មិន​​​មែន​​​ជា​​​ការ​​​ងាយ​​​ស្រួល​​​នោះ​​​ទេ​​​។

យោង​​​តាម​​​​​​ លោក ថោង ខុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ទេសចរណ៍​​​បាន​​​ឲ្យ​​​ដឹង​​​ថា បច្ចុប្បន្ន​​​កន្លែង​​​កម្សាន្ត​​​សម្រាប់​​​មនុស្ស​​​ពេញ​​​វ័យ​​​នៅ​​​ទូទាំង​​​ប្រទេស​​​មាន​​​ចំនួន​​​៦៥៩កន្លែង​​​ ដោយ​​​ជួល​​​បុគ្គលិក​​​ជាង​​​១១.០០០​​​នាក់​​​។ លោក​​​បាន​​​លើក​​​ឡើ​​​ង​​​ថា ក្នុង​​​ចំណោម​​​កន្លែង​​​កម្សាន្ត​​​ទាំង​​​នោះ​​​បើ​​​និយាយ​​​ត្រឹម​​​តែ​​​បួន​​​កន្លែង​​​វិញ​​​មាន​​​លើស​​​ពី​​​មួយ​​​​​​​​​​​​​​​​​​ទៅ​​​ហើយ​​​ដែល​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​។

លោក​​​ Neil Poetschka អ្នក​​​ផ្តល់​​​ប្រឹក្សា​​​ផ្នែក​​​សុខាភិបាល​​​នៅ​​​សហជីព​​​ UnionAid Abroad-APHEDA ជា​​​ទី​​​ភ្នាក់​​​ងារ​​​ផ្តល់​​​ជំនួយ​​​ក្រៅ​​​ប្រទេស​​​នៃ​​​ក្រុម​​​ប្រឹក្សា​​​ប្រទេស​​​អូស្ត្រាលី​​​ ដែល​​​បាន​​​ធ្វើ​​​ការ​​​សិក្សា​​​លើ​​​ការ​​​រក​​​ស៊ី​​​ផ្លូវ​​​ភេទ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ឆ្នាំ ២០១០ បាន​​​លើក​​​ឡើង​​​ថា ស្ត្រីក្រ​​​លំបាក​​​នៅ​​​ក្នុង​​​វិស័យ​​​នេះ​​​ជា​​​រឿយ​​​ៗ​​​គ្មាន​​​ជម្រើស​​​នោះ​​​ទេ​​​ ទើប​​​ពួក​​​​​​គាត់​​​ទទួល​​​យក​​​ការ​​​ងារ​​​ដែល​​​មាន​​​​​ប្រាក​​​់​​​ខែ​​​ទាប និង​​​លក្ខខណ្ឌ​​​​​​​​​ការ​​​ងារ​​​ដែល​​​​​​​​​​​​មាន​​​ការ​​​រំលោភ​​​បំពាន​​​។

លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​ថា “កង្វះ​​​ការ​​​ការ​​​ពារ​​​​​​លើ​​​ការ​​​ងារ​​​ គឺ​​​មាន​​​ន័យ​​​ថា និយោជក អាច​​​ផ្តល់​​​ប្រាក់​​​ខែ​​​ទាប​​​ទៅ​​​ឲ្យ​​​បុគ្គលិក​​​​​​ តាម​​​ដែល​​​ខ្លួន​​​អាច​​​ធ្វើ​​​បាន​​​ ហើយ​​​ផ្តល់​​​ឲ្យ​​​ពួក​​​គាត់​​​នូវ​​​​​​កិច្ច​​​សន្យា​​​រយៈ​​​ពេល​​​ខ្លី (ឬគ្មាន​​​កិច្ច​​​សន្យា​​​ណា​​​មួយ​​​) ហើយ​​​ធ្វើ​​​ឲ្យ​​​បុគ្គលិក​​​បង្ខំ​​​ចិត្ត​​​ទទួល​​​យក​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ដ​​​៏គ្រោះ​​​ថ្នាក់​​​ និង​​​រំលោភ​​​បំពាន​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “បុគ្គលិក​​​ជា​​​រឿយ​​​ៗ​​​តែង​​​តែ​​​រង​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​កាយ​​​ ការ​​​ជេរ​​​ស្តី ការ​​​យាយី​​​ផ្លូវ​​​ភេទ​​​ និង​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ទទួល​​​ទាន​​​គ្រឿង​​​ស្រវឹង​​​ដើម្បី​​​កំដរ​​​​​​ភ្ញៀវ​​​អំឡុង​​​ពេល​​​​​​ធ្វើ​​​ការ​​​ ហើយ​​​ក្នុង​​​ករណី​​​ជា​​​ច្រើន​​​ទៀត​​​ពួក​​​​​​គាត់​​​ត្រូវ​​​បង្ខំ​​​ចិត្ត​​​រក​​​ស៊ី​​​ផ្លូវ​​​ភេទ​​​ដើម្បី​​​ផ្គត់​​​ផ្គង់​​​ខ្លួន​​​ឯង និង​​​គ្រួសារ​​​”។

លោក Poetschka បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ប្រកាស​​​ថ្មី​​​នេះ​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​​​​គឺ​​​វា​​​អាស្រ័យ​​​លើ​​​ការ​​​តាំង​​​ចិត្ត​​​របស់​​​រដ្ឋាភិបាល និង​​​និយោជក​​​ក្នុង​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា ការ​​​ផ្លាស់​​​ប្តូរ​​​​​​ជា​​​លើក​​​ដំបូង​​​នឹង​​​មាន​​​​​​ដំណើរ​​​ការ​​​យឺត​​​ ព្រោះ​​​ថា​​​​​​ម្ចាស់​​​ និង​​​អ្នក​​​គ្រប់​​​គ្រង​​​នានា​​​នៅ​​​រង់​​​ចាំ​​​ការ​​​ផ្លាស់​​​ប្តូរ​​​ជា​​​ទូទៅ​​​នៅ​​​ក្នុង​​​វិស័យ​​​នេះ​​​ ជា​​​មុន​​​សិន​​​ដោយ​​​ពួក​​​គេ​​​នៅ​​​តែ​​​ផ្តល់​​​ប្រាក់ខែ​​​ និង​​​លក្ខខណ្ឌ​​​ការងារ​​​ទាប​​​ តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​ដើម្បី​​​ប្រកួត​​​ប្រជែង​​​ជា​​​មួយ​​​ដៃគូ”។

លោក​​​ Richard Howard អ្នក​​​ជំនាញ​​​ជាន់​​​ខ្ពស់​​​​​​ស្តី​​​ពី​​​មេរោគ​​​អេដស៍​​​នៅ​​​អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​ដែល​​​ធ្វើ​​​ការ​​​ជាមួយ​​​រដ្ឋាភិបាល​​​ ដើម្បី​​​ធ្វើ​​​សេចក្តី​​​ព្រាងនៃ​​​​​​ប្រកាស​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​នឹង​​​ផ្តល់​​​ឲ្យ​​​បុគ្គលិក​​​​​​តាម​​​កន្លែង​​​កម្សាន្ត​​​នានា​​​នូវ​​​គោល​​​ការណ៍​​​មួយ ដែល​​​អាច​​​ធ្វើ​​​ឲ្យ​​​ពួក​​​​​​គាត់​​​​​​មាន​​​សិទ្ធិ​​​ចរចា​​​ជាមួយ​​​ថៅកែ​​​របស់​​​ខ្លួន​​​ ដើម្បី​​​ទទួល​​​បាន​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ល្អ​​​។

លោក​​​ Howard បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​លំបាក​​​ខ្លាំង​​​បំផុត គឺ​​​ការ​​​អនុវត្ត​​​វិធាន​​​ការចំពោះ​​​ស្ត្រី​​​ដែល​​​​​​រក​​​ស៊ី​​​ផ្លូវ​​​ភេទ​​​លាក់​​​មុខ​​​លាក់​​​ក្រោយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​ព្រឹត្តិការណ៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ជា​​​ការ​​​ពិត​​​ បញ្ហា​​​ប្រឈម​​​​​​​​​នៅ​​​ក្នុង​​​ការ​​​​​​រក​​​ស៊ី​​​ផ្លូវ​​​ភេទ​​​គឺ​​​លំបាក​​​ណាស់។ អ្នក​​​ទាំង​​​នោះ​​​ភាគ​​​ច្រើន​​​ជា​​​ស្ត្រី​​​ដែល​​​ងាយ​​​រង​​​គ្រោះ​​​ ហើយ​​​ពួក​​​​​​គាត់​​​ពិត​​​ជា​​​ត្រូវ​​​ការ​​​ការ​​​ពារ​​​។ យើង​​​ត្រូវ​​​តែ​​​ធ្វើ​​​​​​ការ​​​ងារ​​​​​​​​​​​​ ដើម្បី​​​សម្រេច​​​ឲ្យ​​​បាន​​​នូវ​​​អ្វី​​​ដែល​​​ពួក​​​គាត់​​​ចង់​​​បាន​​​”៕ស៊ុយ​​​ឈាង​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស