អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា កាលពីម្សិលមិញប្រជាពលរដ្ឋជាង១.០០០នាក់បានប្រមូលផ្ដុំគ្នានៅខាងមុខផ្ទះរបស់លោក អុី ឈាន ក្នុងក្រុងប៉ៃលិន ដើម្បីទាមទារឲ្យលោកនៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តដដែល ទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយក្ដី។
ឧត្តមសេនីយ៍ឯក អុី ឈាន វ័យ៦៣ឆ្នាំ បានកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តចាប់តាំងពីខែមិថុនាមក នៅពេលលោកចុះចេញពីមុខតំណែងជាអភិបាលខេត្ត ដែលលោកបានកាន់ចាប់តាំងពីប៉ៃលិន ត្រូវបានកាត់ផ្តាច់ចេញពីខេត្តបាត់ដំបងនៅក្នុងឆ្នាំ១៩៩៦មក។
ពេលទាក់ទងកាលពីម្សិលមិញ លោក កើត សុធា អតីតអភិបាលរងខេត្តនេះ ដែលបានចូលជំនួសតំណែងលោក អុី ឈាន កាលពីខែមិថុនា បានមានប្រសាសន៍ថា លោកមិនដឹងពីផែនការដកអតីតមេកើយរបស់លោកចេញពីតំណែងបច្ចុប្បន្នរបស់លោកទេ។ លោកបានមានប្រសាសន៍ទៀតថា ” ខ្ញុំមិនបានឮថា ឯកឧត្តម អុី ឈាន បានលាលែងពីតំណែងទេ។ ខ្ញុំកំពុងតែតាមដានដំណឹងនេះ”។
លោក លី សាមិទ្ធ មន្ត្រីមួយរូបនៅមន្ទីរព័ត៌មានខេត្តបានមានប្រសាសន៍ថា ក្នុងរយៈពេលពីរបីថ្ងៃមកនេះ មានពាក្យចចាមអារ៉ាមសុះសាយនៅក្នុងខេត្តភាគពាយព្យដាច់ស្រយាលនេះថា លោក អុី ឈាន ដែលជាអតីតអង្គរក្សរបស់ ប៉ុល ពត នឹងមកកាន់តំណែងមួយនៅរាជធានីភ្នំពេញ។
លោកបានបន្តថា លោកទទួលបានដំណឹងថា រដ្ឋាភិបាលបានបញ្ជាឲ្យឧត្តមសេនីយ៍ឯក អុី ឈាន លាលែងពីមុខតំណែង ហើយថា អ្នកដែលត្រូវជំនួសតំណែងត្រូវបានជ្រើសរើសរួចហើយ ប៉ុន្តែមិនទាន់មានការប្រកាសជាផ្លូវការ។ លោកបានលើកឡើងបន្ថែមទៀតថា “ឯកឧត្ដម អុី ឈាន នឹងត្រូវជំនួសដោយលោក ឡៃ ចាន់ឆៃ” នេះបើតាមមន្ត្រីជាច្រើនរូបនៅក្នុងជួររដ្ឋាភិបាលប្រាប់លោក។
ឧត្ដមសេនីយ៍ត្រី ឡៃ ចាន់ឆៃ អតីតស្នងការខេត្តប៉ៃលិនដែលបានចូលនិវត្តកាលពីខែឧសភា មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ចំណែកឯឧត្តមសេនីយ៍ឯក អុី ឈាន និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃក៏មិនអាចទាក់ទងបានដែរ។
លោក ឌុច សុន អគ្គនាយកអគ្គនាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការលាលែងពីតំណែងរបស់ឧត្តមសេនីយ៍ឯក អុី ឈាន គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ហើយបានគូសបញ្ជាក់ថា ប្រធានក្រុមប្រឹក្សាគឺជាមន្ត្រីជ្រើសតាំងតាមរយៈការបោះឆ្នោត ហើយការបង្ខំលោកឲ្យចុះចេញពីតំណែងគឺជារឿងខុសច្បាប់។ លោកថ្លែងថា ” វាគ្រាន់តែជាពាក្យចចាមអារ៉ាមនិយាយពីមាត់មួយទៅមាត់មួយប៉ុណ្ណោះ”។
លោកបានលើកឡើងទៀតថា ពេលនិយាយទូរស័ព្ទជាមួយអភិបាលខេត្ត កើត សុធា លោកទទួលបានដំណឹងថា លោក អុី ឈាន បានវិលត្រឡប់ទៅផ្ទះរបស់លោកវិញនៅម៉ោងប្រហែល៥ល្ងាចម្សិលមិញ ហើយលោក អីុ ឈាន បានសួរទៅអ្នកគាំទ្ររបស់លោកថា ” ហេតុអ្វីបានជាបងប្អូនទាំងអស់គ្នាមកប្រមូលផ្ដុំនៅមុខផ្ទះរបស់ខ្ញុំ? ខ្ញុំមិនបានចាកចេញពីបងប្អូនទេ”។
នៅរយៈពេលប៉ុន្មានខែមុនពេលលោកចុះចេញពីតំណែងជាអភិបាលខេត្ត លោក អុី ឈាន ត្រូវបានទាញទម្លាក់ឲ្យជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីមួយ នៅពេលក្រុមហ៊ុនមួយរបស់លោកស្រី បាន ស្រីមុំ ដែលជាភរិយាទី២របស់លោក និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យអ្នកភូមិចាកចេញពីដីដែលពួកគាត់អះអាងថា បានប្រើប្រាស់ធ្វើកសិកម្មចាប់តាំងពីឆ្នាំ១៩៩៩មក។
លោក លី សាមិទ្ធ ដែលជាមន្ត្រីព័ត៌មាន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្តដែលជាអតីតទីតាំងដ៏រឹងមាំរបស់ខ្មែរក្រហមនេះ មិនចូលចិត្តលោកស្រី បាន ស្រីមុំ យ៉ាងខ្លាំង ហើយលោកយល់ថា រឿងនេះអាចពាក់ព័ន្ធនឹងការដកស្វាមីរបស់លោកស្រីចេញពីតំណែង។
លោកបានមានប្រសាសន៍ទៀតថា ” ភរិយារបស់លោក អុី ឈាន បានប្រើប្រាស់អំណាចរបស់លោក អុី ឈាន ច្រើនពេក ហើយបានធ្វើឲ្យអតីតគ្រួសារខ្មែរក្រហមខកចិត្តចំពោះទង្វើរបស់គាត់។ កាលពីមុននៅក្នុងសម័យខ្មែរក្រហម លោក អុី ឈាន មានអំបិលតែមួយគ្រាប់ យើងចែករំលែកគ្រប់គ្នាបរិភោគបាយអស់មួយចានធំ។ ប៉ុន្តែបន្ទាប់ពីភរិយារបស់លោកមកដល់ យើងទៅផ្ទះរបស់គាត់លែងបានទៀតហើយ”៕ សុខុម