38 C
Phnom Penh

នគរបាល​រក​ឃើញ​សាកសព​ស្ត្រី​ម្នាក់​អណ្តែតទឹក​បឹងទន្លេសាប​ដោយ​សង្ស័យ​ត្រូវ​គេ​រំលោភ ហើយ​សម្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​លើក​ឡើង​កាលពី​ម្សិលមិញថា ​ស្ត្រី​អាយុ​២០​ឆ្នាំ​ម្នាក់ ដែល​សាក​សព​ត្រូវ​បាន​ប្រទះឃើញ​អណ្ដែត​ទឹក​​​ទន្លេសាប​កាលពី​ថ្ងៃ​អង្គារ ហើយ​គេ​ជឿថា​ត្រូវបាន​​ធ្វើ​ទារុណ​កម្ម និង​រំលោភ​មុន​ពេល​សម្លាប់​។

លោក យិន ចន្ថា នាយប៉ុស្តិ៍​រង​សង្កាត់​ជ្រោយ​ចង្វា បាន​មាន​ប្រសាសន៍​ថា នគរ​បាល​រក​ឃើញ​សាក​សព​ សុង ដាវីន និស្សិត​ឆ្នាំទី​១​នៃវិទ្យាស្ថាន​វ៉ាន​់​ដា​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​ធ្វើ​ការ​ក្រៅ​ម៉ោង​​​នៅ​កន្លែង​ប្ដូរ​​ប្រាក់​មួយ​​ក្បែរ​មាត់​ទន្លេ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វានៅ​ម៉ោង​ប្រហែល​៦​ព្រឹក​ថ្ងៃ​អង្គារ​។

លោក ចន្ថា បាន​មាន​ប្រសាសន៍​ថា “នគរ​បាល​សន្និដ្ឋាន​ថា ជន​រងគ្រោះ​ត្រូវ​បានធ្វើ​ទារុណ​កម្ម​លើរាង​កាយ​រហូត​ដល់​ស្លាប់ ពីព្រោះ​សាក​សព​របស់​នាង​មាន​ស្នាម​ជាំ ដូច្នេះ​នាង​​អាច​ត្រូវ​គេ​វាយ​នឹង​វត្ថុ​រឹង​”។

លោក អេង សោភា នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ក្រុម​ស៊ើប​អង្កេត​សង្ស័យ​ថា សុង ដាវីន ត្រូវ​បាន​រំលោភ​មុ​ន​​ពេល​សម្លាប់ ហើយ​ថា សាកសព​របស់​នាង​ត្រូវ​គេ​យក​ទៅ​ទម្លាក់​ក្នុង​ទន្លេ​ដើម្បី​បំបាត់​ភ័ស្តុតាង​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិនទាន់​រកឃើញ​​ឃាតករ​នៅ​ឡើយ​ទេ ប៉ុន្តែ​កម្លាំង​របស់​យើង​កំពុង​ស៊ើប​អង្កេត​នៅឡើយ​”។

លោក សោភា បាន​មាន​ប្រសាសន៍​ថា នគរ​បាល​កំពុង​ស្វែង​រក​មិត្ត​ប្រុស​របស់ស្ត្រី​រង​គ្រោះ ដើម្បី​រក​ឲ្យឃើញ​ថា តើ​បុរស​រូប​នេះ​ជាប់​ពាក់​ព័ន្ធ​ឬយ៉ាង​ណា​។

លោក តេង សុង ​ឪពុក​របស់​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា សុង ដាវីន ដែល​បាន​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ចំការមន បាន​បាត់​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ​នាង​នៅ​ក្នុង​ខេត្ត​​ព្រះវិហារ​កាលពី​ល្ងាច​ថ្ងៃច័ន្ទ​។

លោក សុង បាន​និយាយ​ថា ” ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​កូនស្រី​របស់​ខ្ញុំ​នៅ​ម៉ោង​១០​យប់ ហើយ​ទូរស័ព្ទបាន​រោទ៍ ប៉ុន្តែ​​១នាទី​ក្រោយ​មក​ទូរស័ព្ទ​របស់​នាង​ត្រូវ​បាន​គេ​បិទ ហើយ​ក្រោយមកខ្ញុំ​មិន​អាច​ទាក់​​ទង​នាង​បាន​ឡើយ​។

លោក​បាន​និយាយ​ថា ” ក្រុម​គ្រួសារ​របស់យើង​ពិត​ជា​ព្រួយ​បារម្ភ​ជាខ្លាំង​។ កាល​ពីព្រឹក​ថ្ងៃ​អង្គារ នៅ​ពេល​យើង​​កំពុង​មើល​ទូរទស្សន៍ យើង​បាន​​ឃើញ​សាក​សព​ និង​សម្លៀកបំពាក់​របស់​នាង ហើយ​យើង​ស្គាល់​ថា​ជា​រូប​នាង​”។

លោក សុង បាន​និយាយ​ថា លោក​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​យក​ជន​ដៃដល់​​ទៅ​ផ្ដន្ទា​ទោស​​។ លោក​បាន​បន្ថែម​ថា កំពុង​រៀបចំ​បញ្ជូន​សព​កូនស្រីរបស់​​លោក​ទៅ​ខេត្ត​ព្រះវិហារ​ដើម្បី​ធ្វើ​បុណ្យ​៕ សារុន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស