27 C
Phnom Penh

ឧត្តម​សេនីយ៍​យោធា​ម្នាក់​សារ​ភាព​នៅ​តុលាការ​ថា បាន​សម្លាប់​ប្រពន្ធ និង​កូនស្រី​របស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ឧត្តម​សេនីយ៍​​យោធា​ផ្កាយពីរ​ម្នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​ប្រពន្ធ​ និង​កូនស្រី​អាយុ​៦​ឆ្នាំ​របស់​ខ្លួន​បាន​សារ​ភាព​កាលពី​ម្សិលមិញ នៅ​ពេល​ត្រូវ​បាន​សាក​សួរ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ជា​លើក​ទី១​ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មុន​។

លោក គឹម ម៉ារិនថា ឧត្តម​សេនីយ៍ទោ​​កង​យោធពល​ខេមរភូមិន្ទ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ខណៈ​ពេលព្យាយាម​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ឡាវ​តាម​រថយន្ត​ រយៈ​ពេល​៦​ខែ​បន្ទាប់ពីត្រូវ​បាន​ចោទប្រកាន់ថា​ បាន​សម្លាប់​អ្នកស្រី វ៉ា ដារី អាយុ​៣០​ឆ្នាំ ជា​ប្រពន្ធ​និង​កូនស្រីរបស់​ខ្លួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។

លោក ឃី ឆៃ ចៅក្រម​ស៊ើបសួរ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ឧត្តម​សេនីយ៍រូប​នេះ​ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ពីបទ​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជាមុន​​ បាន​សារភាព​ចំពោះ​បទ​ឧក្រិដ្ឋ​នោះ ខណៈ​ពេល​​ត្រូវ​បាន​សាក​សួរ​នៅ​តុលាការ​។

ចៅក្រម​ ឃី ឆៃ បាន​មានប្រសាសន៍​កាលពី​ម្សិលមិញ​ថា ” គាត់​សារភាព​ថា បាន​សម្លាប់​ប្រពន្ធ​ និង​កូនស្រី​របស់​ខ្លួនមែន ហើយ​បាន​បន្ថែម​ថា មាន​តែ​គាត់ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​សម្លាប់​ពួកគេ​ទាំង​ពីរ​នាក់ ហើយ​អ្នកផ្សេង​ទៀត​មិនជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​នេះ​ទេ។ គាត់​បាន​និយាយ​ថា គាត់​បាន​ឈ្លោះប្រកែកជាមួយ​ប្រពន្ធ​របស់​គាត់ ដោយ​សារ​គាត់​ប្រចណ្ឌ​”។

នគរ​បាល​លើក​ឡើង​ថា ឧត្ដមសេនីយ៍ទោ ម៉ារិនថា បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ ជា សុខសំណាង ត្រូវ​ជា​កូន​ប្រសា​របស់​ខ្លួន​ជួយ ហើយ​ គឹម សែមរិទ្ធី ត្រូវ​ជា​កូន​ប្រុស​របស់​គាត់​ឲ្យ​យក​សាក​សព​ពួកគេ​ទាំង​ពីរ​នាក់ទៅ​បោះ​ចោល​ក្នុង​ព្រៃ​មួយក្នុង​ខេត្ត​កំពង់ស្ពឺ ដោយ​រុំថង់​ប្លាស្ទិក​ និង​ដាក់​ក្នុង​ធុង​ទឹកកក​ ដែល​គាត់​បាន​ទិញ​ទុក​ជាមុន​​។

សុខ​សំណាង កំពុង​ត្រូវ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ ​ក្នុង​នាមជា​អ្នក​សម​គំនិត​ចំពោះ​អំពើ​មនុស្ស​ឃាត​នោះ ចំណែក​ សែមរិទ្ធី ដែល​ត្រូវបាន​ចោទ​ប្រកាន់ថា​បាន​បិទបាំងសាក​សព និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់នោះ កំពុង​រត់គេច​ខ្លួន​នៅ​ឡើយ​។

យោង​តាមក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ឧត្តម​សេនីយ៍ទោ ម៉ារិនថា បានប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​នៅ​ពេល​គាត់​ដឹង​ថា ប្រពន្ធ​របស់​គាត់​មាន​ទំនាក់​ទំនង​ជាមួយ​បុរស​ខ្មែរ​ម្នាក់​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​តាម​ប្រព័ន្ធ​អុីនធើណិត​។

លោក ប៊ុន កែវលីន មេធាវី​របស់​ឧត្តមសេនីយ៍រូប​នេះ​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ការ​សាក​សួរ​កូនក្ដី​របស់​លោក​នៅ​សាលា​ដំបូង​រាជ​ធានី​មាន​រយៈ​ពេល​២​ម៉ោង ហើយ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មិន​អាច​និយាយ​លើសពីនេះបានទេ ពីព្រោះ​ខ្ញុំ​ជាមេធាវី​ចុង​ចោទ​”។

ដោយ​ចាក​ចេញ​ពី​តុលាការ​កាលពី​ម្សិលមិញ ឧត្តមសេនីយ៍​ទោ ម៉ារិន​ថា ដែល​ស្លៀក​ពាក់​សម្លៀកបំពាក់​អ្នក​ទោស​ពណ៌ទឹក​ក្រូច និង​ពាក់​ម៉ាសពណ៌ខៀវ​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា ធិប្បាយ​ផង​ដែរ​៕ សារុន​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស