28 C
Phnom Penh

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ សន្យា​​​ថា នឹង​​​ជំរុញ​​​ឲ្យ​​​មាន​​​​​​ការ​​​អនុម័ត​​​ច្បាប់​​​សហជីព​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ជួប​​​ជា​​​មួយ​​​ម្ចាស់​​​រោង​​​ចក្រ​​​ និង​​​វិនិយោគិន​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​កាល​​​ពី​​​ម្សិលមិញ​​​ ដោយ​​​ផ្ដល់​​​ការ​​ធានា​​​ថា រដ្ឋាភិបាល​​​នឹង​​​អនុម័ត​​ច្បាប់​​​សហ​​​ជីព​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​​មួយ​​​ ដើម្បី​​​រក្សា​​​សណ្ដាប់​​​ធ្នាប់​​​នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​ដ៏​​​ធំ​​​បំផុត​​​​​របស់​​​ប្រទេស​​​កម្ពុជា​​​នេះ ដែល​​​ផ្ដល់​​​ការ​​​ងារ​​​ឲ្យ​​​កម្មករ​​​ប្រមាណ​​​៦០០.០០០នាក់​​​។

លោក ស ខេង បាន​​​លើក​​​ឡើ​​​ង​​​ថា កង​​​កម្លាំង​​​ដែល​​​ស្ថិត​​​ក្រោម​​​ការ​​​បញ្ជា​​​របស់​​​លោក​​​នឹង​​​មិន​​​ប្រើ​​​កម្លាំង​​​ដើម្បី​​​​​​ឲ្យ​​​កម្មករ​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​ឡើយ​​​ ប៉ុន្តែ ថា លោក​​​នឹង​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​ក្រសួង​​​ការងារ​​​ ដើម្បី​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​អនុម័ត​​​​​​ច្បាប់​​​​​​ ដែល​​​នឹង​​​អាច​​​ជួយ​​​ឲ្យ​​​រដ្ឋាភិបាល​​​ អាច​​​គ្រប់​​​​​​គ្រង​​​លើ​​​សហជីព​​​បាន​​​កាន់​​​តែ​​​មាន​​​ប្រសិទ្ធ​​​ភាព​​​​​​ជាង​​​មុន​​​ ហើយ​​​នឹង​​​ផ្តល់​​​ឲ្យ​​​តុលាការ​​​នូវ​​​សិទ្ធិ​​​​​​អំណាច​​​ដើម្បី​​​ដក​​​អាជ្ញាប័ណ្ណ​​​ណា​​​ដែល​​​ខ្លួន​​​គិត​​​ថា ប្រើ​​​តួនាទី​​​ដោយ​​​ខុស​​​ច្បាប់​​​​​​។

លោក ស ខេង បាន​​​ប្រាប់​​​តំណាង​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ (GMAG) អំឡុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ថា ​​​​​​ “ជួន​​​កាល​​​ខ្ញុំ​​​អាច​​​ចូល​​​រួម​​​ទប់​​​ស្កាត់​​​​​​បាតុកម្ម​​​ និង​​​រក​​​ដំណោះ​​​ស្រាយ​​​ជួ​​​ន​​​បាតុករ​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​អាច​​​ប្រើ​​​កម្លាំង​​​​​​ បាញ់​​​បោះ​​​ ឬក៏​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​កម្មករ​​​បាន​​​ឡើយ​​​”។

លោក ស ខេង បាន​​​បន្ត​​​​​​ថា “ខ្ញុំ​​​ទទួល​​​ស្គាល់​​​ថា ពិត​​​ជា​​​មាន​​​សហជីព​​​ច្រើន​​​ខ្លាំង​​​ណាស់​​​” ។លោក​​​បាន​​​ប៉ាន់​​​ប្រមាណ​​​ថា មាន​​​សហជីព​​​ចំនួន​​​៤.០០០​​​និង​​​សហព័ន្ធ​​​សហជីព​​​ចំនួន​​​៩០​​​ដែល​​​កំពុង​​​មាន​​​ប្រតិបត្តិការ​​​នៅ​​​ក្នុង​​​ប្រទេស។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា វា​​​គឺ​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ ហើយ​​​ខ្ញុំ​​​នឹង​​​សហការ​​​ជាមួយ​​​ឯកឧត្ដម​​​ អិុត​​​ សំហេង [រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​ងារ] ដើម្បី​​​រៀប​​​ចំ​​​ច្បាប់​​​នេះ។ យើង​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ធ្វើ​​​វា​​​។ វា​​​គឺ​​​ជា​​​រឿង​​​ចាំ​​​បាច់​​​ទោះ​​​បី​​​វា​​​ជា​​​រឿង​​​ដ៏​​​ចម្រូង​​​ចម្រាស​​ក៏​​​​​​ដោយ​​​”។

សេចក្ដី​​​ព្រាង​​​ច្បាប់​​​សហជីព​​​ដែល​​​ត្រូវ​​​បាន​​​ប្រកាស​​​ឲ្យ​​​សាធារណជន​​​ដឹង​​​​​​ឮ​​​កាល​​​ពី​​​ខែ​​​ឧសភា ត្រូវ​​​បាន​​​ត្រួត​​​ពិនិត្យ​​​មើល​​​ដោយ​​​អង្គការ​​​ពល​​​កម្ម​​​​​​អន្តរ​​ជាតិ​​​​​​​​​​​​ (ILO) ដែល​​លើក​​​ឡើង​​​ថា សេចក្ដី​​​ព្រាង​​​ច្បាប់​​​នេះ​​​នៅ​​​​​​មិនទាន់​​​ឆ្លើយ​​​តប​​​គ្រប់​​​​​​គ្រាន់​​​ទៅ​​​នឹង​​​អនុសញ្ញា​​​អន្តរ​​​ជាតិ​​​ ដែល​​​​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ប្រទេស​​​កម្ពុជា​​​ ដើម្បី​​​​​ធានា​​​នូវ​​​​​​សិទ្ធិ​​​ជួប​​​ជុំ​​​គ្នា​​​ និង​​​សិទ្ធិ​​​ក្នុង​​​ការ​​​បង្កើត​​​សហជីព​​​​​​នៅ​​​ឡើយ​​​ទេ​​​។

ច្បាប់​​​ដែល​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​នេះ​​​ផ្តល់​​​ឲ្យ​​​តុលាការ​​​ ដែល​​​​​​​​​​​​កាល​​​ពី​​​ខែ​​​មុន​​​បាន​​​ដាក់​​​មេដឹក​​​នាំ​​​សហជីព​​​ដ៏​​​លេច​​​ធ្លោ​​​បំផុត​​​មួយ​​​ចំនួន​​​ស្ថិត​​​ក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​របស់​​​តុលាការ​​​​​​​​​នូវ​​​សិទ្ធិ​អំណាច​​​​​ដ៏​​​ទូលំទូលាយ​​​ ដើម្បី​​​ដក​​​អាជ្ញាប័ណ្ណ​​​របស់​​​សហជីព​​​។ សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ក៏​​​បាន​​​ចែង​​​ផង​​​ដែរ​​​ថា កម្មករ​​​យ៉ាង​​​តិច​​​២០​​​ភាគ​​​រយ​​​នៅ​​​​​​ក្នុង​​​រោង​​​ចក្រ​​​មួយ​​​ ដាច់​​​ខាត​​​​​​ត្រូវ​​​យល់​​​ព្រម​​​​​​ចូល​​​រួម​​​ជា​​​មួយ​​​​​​សហជីព​​​មុន​​​ពេល​​​សហជីព​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចុះ​​​ឈ្មោះ​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​។

មេ​​​ដឹក​​​នាំ​​​សហជីព​​​ និង​​​អ្នក​​​តស៊ូ​​​មតិ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ងារ​​​ព្រួយ​​​បារម្ភ​​​ថា ច្បាប់​​​នេះ​​​នឹង​​​ត្រូវ​​​បាន​​​ប្រើ​​​ដើម្បី​​​គាប​​​​​​សង្កត់​​​សកម្មជន​​​សហជីព ហើយ​​​រារាំង​​​មិន​​​ឲ្យ​​​សហជីព​​​ថ្មី​​​ចុះ​​​ឈ្មោះ​​​ ដែល​​​រដ្ឋាភិបាល​​​​​​ពេញ​​​ចិត្ត រីឯ​​​វិនិយោគិន​​​ក្នុង​​​វិស័យ​​​នេះ​​​វិញ​​​ជំទាស់​​​ថា ការ​​​ដែល​​​មាន​​​សហ​​​ជីព​​​ច្រើន​​​វា​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​ចរចា​​​គ្នា​​​ ឬ​​​​​​ក្នុង​​​ការ​​​រក្សា​​​សន្តិភាព​​​ក្នុង​​​វិស័យ​​​ឧស្សាហកម្ម​​​នេះ​​​។

កិច្ច​​​ប្រជុំ​​​រវាង​​​លោក ស ខេង និង​​​ GMAC ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ចំ​​​ពេល​​​មាន​​​ភាព​​​តាន​​​តឹង​​​ក្នុង​​​ការ​​​ចរចា​​​គ្នា​​​ទាក់​​​ទិន​​​នឹង​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ ដែល​​​គ្រោង​​​នឹង​​​បោះ​​​ឆ្នោត​​​នៅ​​សប្ដាហ៍​​​នេះ​​​ ប៉ុន្តែ ត្រូវ​​​បាន​​​​​​ក្រសួង​​​ការ​​​ងារ​​​ពន្យារ​​​ពេល​​​ដល់​​​ខែ​​​វិច្ឆិកា​​​ ​​​ដោយ​​​គ្មាន​​​ការ​​​ពន្យល់​​​នៅ​​​ក្នុង​​​សប្ដាហ៍​​​​​​នេះ​​​។

កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន ជា​​​ពេល​​​ចុង​​​ក្រោយ​​​​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​​​​​​​ដំឡើង​​​​​​​​​​​​​​​​​​ប្រាក់​​​ខែ​​​គោល​​​របស់​​​កម្មករ​​​ សហជីព​​​ចំនួន​​​ប្រាំ​​​មួយ​​​បាន​​​ធ្វើ​​​បាតុកម្ម​​​ទូ​​​ទាំង​​​ប្រទេស ដែល​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​វិស័យ​​​នេះ​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ចប់​​​ទៅ​​​វិញ​​​នៅ​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា នៅ​​​ពេល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​លើ​​​ក្រុម​​​អ្នក​​​តវ៉ា​​​គប់​​​ដុំ​​​ថ្ម​​​ ដោយ​​​បណ្ដាល​​​ឲ្យ​​​កម្មករ​​​ចំនួន​​​ប្រាំ​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​ និង​​​រាប់​​​សិប​​​នាក់​​​ផ្សេង​​​ទៀត​​​រង​​​របួស​​​។

លោក ស ខេង បាន​​​ធានា​​​ចំពោះ​​​ម្ចាស់​​​រោង​​​ចក្រ​​​ថា លោក​​​​​នឹង​​​ធ្វើ​​​អ្វី​​​ៗ​​​គ្រប់​​​យ៉ាង​​​​​​ដែល​​​លោក​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​ ដើម្បី​​​រារាំង​​​កុំ​​​ឲ្យ​​​មាន​​​ភាព​​​ចលាចល​​​ម្តង​​​ទៀត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​នឹង​​​ព្យាយាម​​​ឲ្យ​​​អស់​​​ពី​​​សមត្ថភាព​​​​​​ក្នុង​​​ការ​​​ដឹក​​​នាំ​​​កង​​​កម្លាំង​​​ដើម្បី​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​ រក្សា​​​សន្តិសុខ​​​ និង​​​រារាំង​​​កុំ​​​ឲ្យ​​​​​​មាន​​​អំពើ​​​ហិង្សា​​​ ឬ​​​ការ​​​បាញ់​​​ប្រហារ​​​”៕​​​ ស៊ុយ​​​ឈាង​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស