29.3 C
Phnom Penh

​ជន​ជាប់​ចោទ​ពី​​​​​បទ​ឆបោក​​សុំ​​ដក​ចៅក្រម​មួយ​រូប​ដែល​មិន​គោរព​តាម​វិធាន​​របស់​​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ តុលាការ​កំពូល​បាន​ពន្យារ​ពេល​សវនាការ​របស់​ខ្លួនជុំវិញ​សំណើរបស់​​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ឈ្មោះ ហ្គ្រេក ហ្វ្រីយ៉េត (Gregg Fryett) ដែល​ជា​ជន​ជាប់ចោទ​ពី​​​បទ​ឆបោក​​សុំ​​ដក​ចៅក្រម​មួយ​រូប​​ក្នុង​សំណុំរឿង​នេះ​ចេញ បន្ទាប់ពី​ដើម​ចោទ​​​បាន​ចោទ​ប្រកាន់​តុលាការ​ថា មិន​បាន​គោរព​តាម​វិធាន​​របស់​​តុលាការ​។fryett

លោក ហ្គ្រេក ហ្វ្រីយ៉េត អាយុ​៤៧​ឆ្នាំ​ ដែល​កំពុង​ប្រឈម​ការ​ជាប់ពន្ធនាគារ​រយៈ​ពេល​១៥​ឆ្នាំពីបទ​ក្លែង​ឯកសារ​សាធារណៈ បាន​ដាក់​ញត្តិ​​មួយ​ទៅ​តុលាការ​កំពូល​កាលពី​ខែ​មេសា ដោយ​ចោទ​ប្រកាន់​លោក អាំង មាលតី ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​​ថា​​ធ្វើ​ការ​មិន​ត្រឹម​ត្រូវ​​ ហើយ​បាន​ស្នើ​ឲ្យ​​ទុក​ជា​មោឃៈ​នូវ​រាល់​ភ័ស្តុតាង​​ទាំង​អស់​ដែល​ប្រមូល​បាន​ក្រោម​សមត្ថកិច្ច​របស់​លោក​។

កាលពី​ម្សិលមិញ លោក ហ្គ្រេក ហ្វ្រីយ៉េត ​បាន​ដើរ​ចូល​ទៅក្នុង​តុលាការ​កំពូល ហើយ​បាន​ដាក់​ញត្តិ​ស្នើ​សុំ​ឲ្យ​ពន្យារ​ពេល​បើក​សវនាការ​​ដោយ​​លើក​ហេតុ​​ផល​ថា លោក​ទើប​តែ​ទទួល​បានព័ត៌​មាន​ស្ដីពី​សវនា​ការ​កាលពី​ម្សិលមិញ​នៅ​រសៀល​ម្សិលម្ងៃ​ប៉ុណ្ណោះ បន្ទាប់​មក​បាន​ដើរ​ចេញ​មក​វិញ​។

ក្រឡាបញ្ជី​ ថូ ណាវី បាន​​ព្យាយាម​បញ្ចុះ​បញ្ចូល​ឲ្យ​លោក ​ហ្គ្រេក ហ្វ្រីយ៉េត ​ត្រឡប់​ទៅ​សាល​ជំនុំ​ជម្រះ​វិញ ដោយ​លើក​ឡើង​ថា​​តុលាការ​បាន​​អនុវត្ត​តាម​នីតិវិធី​​ត្រឹម​ត្រូវ​ ប៉ុន្តែ​បុរស​ជនជាតិ​អង់គ្លេស​រូប​នេះ​មិន​ព្រម​។

បន្ទាប់ពី​បើក​សវនាការ​សំណុំរឿង​មួយ​ផ្សេង​ទៀត​ ​ទី​បំផុតចៅក្រម សាលី ធារ៉ា ដែល​ស្ថិត​នៅ​​ក្នុង​ចំណោម​​អង្គ​ចៅក្រម​ប្រាំរូប​នៅ​តុលាការ​កំពូល បាន​ស្វាគមន៍​​ការ​ចាក​ចេញ​របស់​លោក ហ្គ្រេក ហ្វ្រីយ៉េត។ ចៅក្រមរូប​នេះ​បាន​មាន​ប្រសាសន៍​ថា ” តុលាការ​កំពូល​បាន​សម្រេច​ពន្យារពេល​សវនាការ​នេះ​ ពីព្រោះ​ [លោក ហ្វ្រីយ៉េត​] ឈឺ​ ហើយ​គ្មាន​អ្នក​បកប្រែ​”។

នៅ​ខាង​ក្រៅ​តុលាការ​ លោក ហ្គ្រេក ហ្វ្រីយ៉េត បាន​ប្រាប់​បណ្ដា​អ្នក​យក​ព័ត៌មាន​ថា លោក​ទើប​តែ​ទទួល​បាន​​សេចក្ដី​ជូន​ដំណឹង​ឲ្យ​ចូល​ខ្លួន​មក​តុលាការ​នៅ​ម៉ោង​៤រសៀល​ថ្ងៃ​អង្គារ​ប៉ុណ្ណោះ។

មាត្រា​ ៤៦៦​ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា រយៈ​ពេល​អប្បបរមា​​ចន្លោះ​ពី​ការ​បញ្ជូន​ដីកា​ និង​កាលបរិច្ឆេទ​ចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ គឺ​មាន​រយៈ​ពេល​១៥​ថ្ងៃ​។

លោក ហ្គ្រេក ហ្វ្រីយ៉េត បាន​លើក​ឡើង​នៅ​ខាង​​ក្រៅ​សាល​សវនាការ​ថា ” ខ្ញុំ​ទើប​តែ​ដឹង​ពី​សវនាការ​នេះ​ប៉ុណ្ណោះ គឺ​នៅពេល​ឆ្មាំ​ពន្ធនាគារ​ម្នាក់​បាន​មក​កាន់​បន្ទប់​របស់​ខ្ញុំ​កាលពី​រសៀល​ [ថ្ងៃ​អង្គារ​] បាន​ប្រគល់​​ឯកសណ្ឋាន​​ឲ្យ​ខ្ញុំ ហើយ​បាន​និយាយ​ថា ខ្ញុំ​ត្រូវ​ទៅ​តុលាការ​នៅពេល​ព្រឹក​។ ​ពេល​វេលា​មិន​​គ្រប់​គ្រាន់​​សម្រាប់​រៀបចំ​ក្រុមអ្នក​ច្បាប់ និង​អ្នក​បក​ប្រែ​របស់​ខ្ញុំ​ទេ​ ខ្ញុំ​មិន​ព្រមអង្គុយ​ក្នុង​តុលាការ​ណាមួយ​ដែល​គ្មាន​ការ​អនុវត្ត​តាម​នីតិវិធី​ត្រឹម​ត្រូវ​ឡើយ​។ ប្រសិន​បើ​ខ្ញុំ​ទៅ​ទីនោះ​ដោយ​គ្មាន​អ្នក​បក​ប្រែ អ្វី​ក៏អាច​កើត​ឡើង​បាន​ដែរ​”។

ទោះបី​ជា​ដីកាកោះ​ហៅ​លោក ហ្គ្រេក ហ្វ្រីយ៉េត​ ​ឲ្យ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​កាលពីម្សិល​មិញ ​​ចុះ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ពោល​គឺ​រយៈ​ពេល​៨ថ្ងៃ​មុន​សវនាការ​ក្ដី​ ក៏​ព្រះរាជ​អាជ្ញា​តុលាការ​កំពូល ចាន់​ តារារស្មី បាន​មាន​ប្រសាសន៍​ថា ” យើង​ពិត​ជា​បាន​អនុវត្ត​តាម​នីតិវិធី​ត្រឹម​ត្រូវ​” ហើយលោក​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​បន្ថែម​ទៀត​ទេ​៕ សុខុម​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស