31 C
Phnom Penh

ការ​តវ៉ា​របស់​ខ្មែរ​កម្ពុជា​ក្រោម​បញ្ចប់​ចំពេល​មាន​ការ​គំរាម​សម្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ពេល​ដែល​ការ​តវ៉ា​ប្រឆាំង​វៀតណាម​រយៈ​ពេល​៥​ថ្ងៃ​បាន​បញ្ចប់​កាលពី​ម្សិលមិញ មេដឹកនាំ​ម្នាក់​នៃ​ការ​តវ៉ា ដែល​ឈាន​ដល់​មាន​ការ​ដុត​ទង់​ជាតិ​វៀតណាម​ជា​បន្ត​បន្ទាប់​នៅ​មុខ​ស្ថានទូត​វៀតណាម​នោះ បាន​និយាយ​ថា លោក​បាន​ទទួល​ការ​គំរាម​សម្លាប់​ជា​ច្រើន​លើក។ront

តាំងពី​ថ្ងៃ​សៅរ៍​មក ក្រុម​អ្នក​តវ៉ា​បាន​ដើរ​កាត់​ទី​ក្រុង និង​សំដៅ​ទៅ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​សុំ​អភ័យ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ ចំពោះ​សម្តី​កាលពី​ខែ​កក្កដា របស់​លោក ត្រាន វ៉ានថុង អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម​នៅ​ពេល​នោះ ដែល​បាន​បដិសេធ​ការ​អះអាង​ដែល​ថា បណ្តា​ខេត្ត​កម្ពុជា​ក្រោម ឥឡូវ​ជា​ប្រទេស​វៀតណាម​ខាង​ត្បូង​នោះ ជា​របស់​ប្រទេស​កម្ពុជា​មុន​អាណានិគម​បារាំង​ប្រគល់​ឲ្យ​ពួកគេ​ក្នុង​ឆ្នាំ​១៩៤៩។

លោក ថាច់ សេដ្ឋា ជា​អ្នក​ដឹកនាំ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​ចេញ​មុខ​ជាងគេ​ក្នុង​ការ​តវ៉ា​នេះ បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​៣​ថ្ងៃ​កន្លង​មក​នេះ លោក​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​គំរាម​កំហែង​ពី​បុរស​ម្នាក់​ដែល​និយាយ​ភាសា​វៀតណាម។

លោក សេដ្ឋា មាន​ប្រសាសន៍​ថា “[អ្នក​ហៅ​ទូរស័ព្ទ]​បាន​គំរាម​បាញ់​ខ្ញុំ ប្រសិន​បើ​ខ្ញុំ​មិន​បញ្ឈប់​ការ​តវ៉ា​នៅ​ស្ថានទូត​[វៀតណាម] ពីព្រោះ​គាត់​មាន​ទាហាន​របស់​គាត់​ច្រើន​ណាស់​នៅ​ប្រទេស​កម្ពុជា”។

លោក សេដ្ឋា បាន​មាន​ប្រសាសន៍​ថា ការ​ហៅ​ទូរស័ព្ទ​ភាគ​ច្រើន គឺ​ចេញ​ពី​ទូរស័ព្ទ​មិន​បង្ហាញ​លេខ ប៉ុន្តែ​ថា ប៉ុន្មាន​លេខ​ដំបូង​មាន​កូដ​តំបន់ អនតារីយ៉ូ ប្រទេស​កាណាដា។ ពេល​ដែល​អ្នក​កាសែត​ម្នាក់​ហៅ​ទូរស័ព្ទ​លេខ​នោះ​កាលពី​ម្សិលមិញ បុរស​និយាយ​ភាសា​អង់គ្លេស​ម្នាក់​ដែល​ប្រាប់​ថា​ឈ្មោះ ទួន (Tuan) បាន​និយាយ​ថា គាត់​មិន​បាន​ដឹងអ្វី​អំពី​ការ​គំរាម​សម្លាប់​នេះ​ទេ។

មុន​ពេល​បិទ​ទូរស័ព្ទ លោក ទួន បាន​និយាយ​ថា គាត់​មក​ពី​ប្រទេស​វៀតណាម​រស់នៅ​ក្នុង​ប្រទេស​កាណាដា​នេះ​២០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​បាន​ត្រឡប់​ទៅ​វិញ​ទេ​តាំងពី​ពេល​នោះ​មក ហើយ​ក៏​មិន​ដែល​បាន​ឮ​អំពី​ខ្មែរ​ក្រោម​ដែរ។

លោក សេដ្ឋា បាន​ឲ្យ​ដឹង​ទៀត​ថា លោក​មិន​បារម្ភ​អំពី​ការ​គំរាម​នេះ​ទេ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី លោក​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​រួច​ហើយ។

លោក បាន​បន្ត​ទៀត​ថា “យើង​បាន​ធ្វើ​ការ​តវ៉ា​ក្នុង​ទឹកដី​ខ្មែរ។ យើង​បាន​បង្ហាញ​ភាព​ក្លាហាន​របស់​យើង ហើយ​យើង​នឹង​មិន​រាថយ​ឡើយ”។

លោក សេដ្ឋា បាន​មាន​ប្រសាសន៍​ថា ជំហាន​បន្ទាប់​របស់​ក្រុម​លោក​គឺ​ត្រូវ​រង់​ចាំ​ការ​ឆ្លើយ​តប​ចំពោះ​ញត្តិ ដែល​ក្រុម​អ្នក​តវ៉ា​បាន​ដាក់​ទៅ​អង្គការ​សហ​ប្រជាជាតិ​និង​សភា​ជាតិ​កាលពី​ថ្ងៃ​អង្គារ ដោយ​ស្នើ​ឲ្យ​មាន​ការ​សុំ​អភ័យ​ទោស​ពី​ស្ថានទូត​វៀតណាម៕

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស