29 C
Phnom Penh

សំណើ​​​សុំ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​​​សង្គ្រោះ​​​ជាតិ​នៅ​​​ក្រៅ​ឃុំ​ត្រូវ​បាន​បដិសេធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​របស់​លោក ស៊ំុ វុទ្ធី បាន​និយាយ​ថា សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​​​សង្គ្រោះ​ជាតិ​រូប​នេះ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​និង​ដាក់​ពន្ធនាគារ ទាក់ទិន​នឹង​ការ​សង្ស័យ​អំពី​តួ​​​នាទី​​​របស់​​​លោក​​​ក្នុង​ការ​តវ៉ា​​​របស់​គណបក្ស​ប្រឆាំង​កាល​​ពី​​​ខែ​​​កក្កដា ដែល​​​បាន​​​ប្រែ​​​​​​ក្លាយ​​​ទៅ​ជា​​ហិង្សា​នោះ ត្រូវ​បាន​សាលា​​​ដំបូង​រាជ​​​ធានី​​​ភ្នំពេញ​​​​​​​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​កាល​​​ពី​​​ម្សិល​​​មិញ។

លោក ស៊ំុ វុទ្ធី សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​ច្បារអំពៅ ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩​ខែ​កញ្ញា បាន​ក្លាយ​ជា​មន្ត្រី​គណបក្ស​​​សង្គ្រោះ​ជាតិ​ទី​១២ ដែល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា ដែល​បាន​កើត​ឡើង ពេល​ដែល​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​បាន​វាយ​តប​វិញ​ទៅ​លើ​ក្រុម​សន្តិសុខ​ដែល​កាន់​ដំបង ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិនតេយ្យ ដែល​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​លួស​បន្លា និង​យាម​ការពារ​ដោយ​នគរបាល​រាជធានី​អស់​រយៈ​ពេល​៦​ខែ។

មន្ត្រី​គណបក្ស​​​សង្គ្រោះ​ជាតិ​ទាំង​អស់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​បន្ទាប់ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នោះ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ហើយ ប៉ុន្តែ​លោក វុទ្ធី មិន​ទទួល​បាន​វាសនា​ដូចគ្នា​នេះ​ទេ​កាលពី​ម្សិលមិញ។

លោក សំ សុគង់ ជា​​​មេធាវី​របស់​លោក វុទ្ធី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “ខ្ញុំ​បាន​ទៅ​យក​ដីកា​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ព្រឹកមិញ ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​បាន​បដិសេធ​មិន​ដោះលែង​កូនក្តី​របស់​ខ្ញុំ​ទេ”។ លោក សុគង់ បាន​មាន​ប្រសាសន៍​ថា នឹង​ដាក់​បណ្តឹង​មួយ​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​នេះ​ទៀត។

លោក វុទ្ធី រង​ការ​ចោទ​ប្រកាន់​ថា​បាន​ចូលរួម​ក្នុង​កុបកម្ម ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​អំពើ​ហិង្សា​លើ​មន្ត្រី​សាធារណៈ ជា​បទល្មើស​ដែល​អាច​មាន​ទោសជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស