33 C
Phnom Penh

លោក​​​ អីុ​​​ ឈាន លាលែង​​​ពី​​​តំណែង​​​ តែ​​​អ្នកគាំទ្រ​​​នាំ​​​គ្នា​​​តវ៉ា​​​ជំទាស់​​​​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​មួយ​​​រូប​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន ដែល​​​​​​ជា​​​អតីត​​​អង្គរក្ស​​​របស់​​​ ប៉ុល ពត បាន​​​លា​​​លែង​​​ពី​​​តំណែង​​​​​​ជា​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ខេត្ត​​​ប៉ៃលិន។

មាន​​​ពាក្យ​​​ចចាម​​​អារា៉ម​​​លេច​​​ឮ​​​​​​សុស​​​សាយ​​​ជាច្រើន​​​ថ្ងៃ​​​មក​​​ហើយ​​​ថា  ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន អភិបាលទី​​​១នៃ​​​ខេត្ត​​​ប៉ៃលិន នឹង​​​លាលែង​​​ពី​​​តំណែង​​​របស់​​​លោក​​​ដោយ​​​ធ្វើ​​​ឲ្យ​​​អ្នក​​​គាំទ្រ​​​ប្រមាណ​​​១.០០០នាក់​​​នាំ​​​គ្នា​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​គេ​​ហ​​​ដ្ឋាន​​​របស់​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ។

កាល​​​ពី​​​យប់​​​មិញ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​​បញ្ជាក់​​​ពី​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​នេះ។ លោក សក់ សេដ្ឋា បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ទើប​​​តែ​​​ទទួល​​​បាន​​​​​​ព័ត៌​​​មាន​​​ពី​​​អភិបាល​​​ខេត្ត​​​ប៉ៃលិន​​មក​​​​ថា ​​​​​​​​​[ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន] បាន​​​ដាក់​​​លិខិត​​​លា​​​លែង​​​ពី​​​តំណែង​​​របស់​​​គាត់​​​​​​ជា​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ខេត្ត​​​។ ខ្ញុំ​​​មិន​​​ដឹង​​​អ្វី​​​បន្ថែម​​​ទៀត​​​ទេ​​​ រហូតដល់​​​ខ្ញុំ​​​បាន​​​ជួប​​​គាត់​​​”។

ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន អាយុ​​​៦៣​​​ឆ្នាំ​​​បាន​​​ក្លាយ​​​ជា​​​អភិបាល​​​ខេត្ត​​​ប៉ៃលិន​​​ នៅ​​​ពេល​​​ខេត្ត​​​នេះ​​​ត្រូវ​​​បាន​​​កាត់​​​ផ្តាច់​​​ចេញ​​​ពី​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពី​​​ឆ្នាំ​​​១៩៩៦​​​ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ លោក អៀង​​​ សារី អតីត​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​នៅ​​​សម័យ​​​ខ្មែរ​​​ក្រហម​​​យល់​​​ព្រម​​​ចុះ​​​ចូល​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​ក្រុង​​​ភ្នំពេញ ជា​​​មួយ​​​នឹង​​​កង​​​ទ័ព​​​បះបោរ​​​ប្រមាណ​​​៥.០០០នាក់​​​។

កាល​​​ពី​​​ខែ​​​មិថុនា ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន បាន​​​លា​​​លែង​​​ពី​​​តំណែង​​​នោះ​​​ ហើយ​​​ត្រូវ​​​បាន​​​ជំនួស​​​តំណែង​​​វិញ​​​ដោយ​​​​​​អភិបាល​​​រង​​​ខេត្ត​​​ គឺ​​​លោក កើត​​​ សុធា។

លោក គង់​​​ ឌួង ប្រធាន​​​មន្ទីរ​​​ព័ត៌​​​មាន​​​ខេត្ត​​​ប៉ៃលិន​​​បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​បាន​​​ឃើញ​​​លិខិត​​​លា​​​លែង​​​ពី​​​តំណែង​​​របស់​​​ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន ប៉ុន្តែ មិន​​​ច្បាស់​​​ទេ​​​ថា​​​តើ​​​ការ​​​ចូល​​​និវត្ត​​​របស់​​​លោក​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​ឡើង​​​ជា​​​ផ្លូវ​​​ការ​​​​​​ឬ​​​អត់​​​ឡើយ​​​។

លោក គង់​​​ ឌួង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ឯក​​​ឧត្តម​​​ អីុ​​​ ឈាន បាន​​​ស្នើ​​​សុំ​​​ចូល​​​និវត្ត​​​ ប៉ុន្តែ គាត់​​​ចង់​​​ឲ្យ​​​សហការី​​​​​​​​​បន្ត​​​ការ​​​ងារ​​​របស់​​​គាត់​​​ ព្រោះ​​​ពួក​​​គេ​​​ជា​​​សហការី​​​របស់​​​គាត់​​​​​​ចាប់​​​តាំង​​​ពី​​​សង្គ្រាមស៊ីវិល​​​មក​​​ម្លេ៉ះ”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កាល​​​ពី​​​ថ្ងៃ​​​ពុធ លោក លី សាមិទ្ធ ថ្នាក​​​់​​​ក្រោម​​​របស់​​​លោក​​​ គង់​​​ ឌួង នៅ​​​មន្ទីរ​​​ព័ត៌​​​មាន​​​បាន​​​លើក​​​ឡើង​​​ថា ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន ទទួល​​​បាន​​​បទ​​​បញ្ជា​​​ពី​​​រដ្ឋាភិបាល​​​ឲ្យ​​​លាលែង​​​ពី​​​តំណែង។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ដែល​​​ត្រូវ​​​ជំនួស​​​ត្រូវ​​​បាន​​​​​​ជ្រើស​​​រើស​​​រួច​​​ហើយ  គឺ​​​លោក ឡៃ ចាន់ឆៃ​​​ អតីត​​​ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​ ដែល​​​បាន​​​លា​​​លែង​​​ពី​​​តំណែង​​​កាល​​​ពី​​​ខែ​​​ឧសភា។

លោក លី សាមិទ្ធ បាន​​​ឲ្យ​​​ដឹង​​​ថា ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន បាន​​​បាត់​​​បង់​​​ការ​​​គាំទ្រ​​​ពី​​​ពល​​​រដ្ឋ​​​នៅ​​​ខេត្ត​​​ប៉ៃលិន​​​យ៉ាង​​​ច្រើន​​​ ដោយ​​​សារ​​​តែ​​​ជំនួញ​​​របស់​​​ភរិយា​​​លោក​​​ គឺ​​​លោកស្រី​​​ បាន ស្រីមុំ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ព្រោះ​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​ស្រី​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ជម្លោះ​​​​​​​​​​​​​​​​​​​​​ដី​​​ធ្លី​​​ជា​​​មួយ​​​អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​។

ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិល​​​មិញ។

លោក​​​ គង់​​​ ឌួង បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​សំដែង​​​ការ​​​​​​គាំទ្រ​​​ពី​​​សំណាក់​​​អ្នក​​​គាំទ្រ​​​យ៉ាង​​​ច្រើន​​​របស់​​​​​​ ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន​​​ កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ គឺ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា លោក​​​​​​បាន​​​ធ្វើ​​​កិច្ច​​​ការ​​​ជា​​​​​​ច្រើន​​​ជូន​​​ខេត្ត​​​ប៉ៃលិន​​​នេះ​​​ ដែល​​​ជា​​​មូល​​​​​​ដ្ឋាន​​​ដ៏​​​រឹង​​​មាំ​​​ក្នុង​​​ចំណោម​​​មូល​​​ដ្ឋាន​​​ដ៏​​​រឹងមាំ​​​ចុង​​​ក្រោយ​​​មួយ​​​ចំនួន​​​របស់​​​ខ្មែរ​​​ក្រហម​​​។

លោក គង់​​​ ឌួង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ភាគ​​​ច្រើន​​​នៃ​​​អ្នក​​​ទាំង​​នោះ​​​គឺ​​​ជា​​​កូន​​​ៗ​​​របស់​​​មិត្ត​​​ភក្តិ​​​​​​របស់​​​គាត់។ ឪពុក​​​ម្តាយ​​​របស់​​​ពួក​​​គេ​​​​​​ គឺ​​​ជា​​​អតីត​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​ក្នុង​​​សង្គ្រាម​​​ស៊ីវិល ហើយ​​​ពួក​​​គេ​​​ចង់​​​សុំ​​​កុំ​​​ឲ្យ​​​ ឯកឧត្តម​​​ អីុ ឈាន លាលែង​​​ពី​​​តំណែង​​​​​​។ ព្រោះ​​​មិត្ត​​​ភក្តិ​​​ភាគ​​​ច្រើន​​​របស់​​​គាត់​​​សុទ្ធ​​​តែ​​​មាន​​​អាយុ​​​ជាង​​​៦០​​​ឆ្នាំ​​​ពួក​​​គាត់​​​បាន​​​ប្រាប់​​​កូន​​​ៗ​​​របស់​​​ខ្លួន​​​ឲ្យ​​​ស្រឡាញ់​​​គាត់ [ ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន]”។

លោក គង់ ឌួង​​​ បាន​​​លើក​​​ឡើង​​​បន្ត​​​ថា ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន បាន​​​ធានា​​​ចំពោះ​​​អ្នក​​​គាំទ្រ​​​ថា លោក​​​នឹង​​​មិន​​​​​​ចាក​​​ចេញ​​​ពី​​​ក្រុង​​​ប៉ៃ​​​លិន​​​ឡើយ​​​ ដោយ​​​ដល់​​​ពេល​​​មួយ​​​បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​គាំទ្រ​​​​​​សម្រេច​​​ឈប់​​​តវ៉ា​​​ ហើយ​​​​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ​​​។

កុល ស្រីម៉ៅ អាយុ​​​២១​​​ឆ្នាំ​​​ជា​​​និស្សិត​​​ម្នាក់​​​ ដែល​​​ចូល​​​រួម​​​ក្នុង​​​ការ​​​សុំ​​​ឲ្យ​​​ ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន បន្ត​​​តំណែង​​​របស់​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ប្រសិន​​​បើ​​​លោក​​​ពិត​​​ជា​​​​​​លា​​​លែង​​​ពី​​​តំណែង​​​មែន​​​នោះ អ្នក​​​ប៉ៃលិន​​​នឹង​​​នាំ​​​គ្នា​​​មក​​​ជួប​​​ជុំ​​​គ្នា​​​តវ៉ា​​​ម្តង​​​ទៀត​​​។

ស្រីម៉ៅ បាន​​​និយាយ​​​ថា “យើង​​​បាន​​​ឃើញ​​​ហើយ​​​ថា ទីក្រុង​​​ប៉ៃលិន​​​ មាន​​​មន្ទីរ​​​ពេទ្យ​​​ សាលា​​​រៀន ផ្លូវ​​​ថ្នល់​​​ ហើយ​​​ជីវភាព​​​រស់​​​នៅ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​មាន​​​ភាព​​​ប្រសើរ​​​ឡើង​​​​​​ នេះ​​​ដោយ​​​សារ​​​តែ​​​ស្នាដៃ​​​របស់​​​គាត់​​​។ យើង​​​ស្រឡាញ់​​​គាត់​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស