លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងកាលពីថ្ងៃពុធថា ភ្ញៀវទេសចរជនជាតិកូរ៉េ និងជប៉ុនកំពុងបង្វែរគោលដៅរបស់ខ្លួនពីសណ្ឋាគារក្នុងក្រុងសៀមរាប ដោយសារតែការកក់បន្ទប់ពីសំណាក់ភ្ញៀវទេសចរជនជាតិចិនមានការកើនឡើង។
ថ្លែងនៅក្នុងពិធីតាំងពិព័រណ៍ចំនួនបីថ្ងៃរបស់ក្រសួងទេសចរណ៍នៅកោះពេជ្រកាលពីថ្ងៃពុធ លោក ថោង ខុន បានអំពាវនាវឲ្យវិនិយោគិនសាងសង់សណ្ឋាគារបន្ថែមទៀតក្នុងក្រុងសៀមរាប ដើម្បីផ្តល់កន្លែងស្នាក់នៅឲ្យបានគ្រប់គ្រាន់ដល់ភ្ញៀវទេសចរជនជាតិជប៉ុន និងកូរ៉េ ដែលជារឿយៗតែងតែកក់បន្ទប់ជាក្រុមៗ ហើយលំបាកក្នុងការស្វែងរកកន្លែងស្នាក់នៅអំឡុងរដូវដែលសម្បូរទៅដោយភ្ញៀវទេសចរ។
លោក ថោង ខុន បានមានប្រសាសន៍ថា “នៅក្នុងវេទិកាក្នុងពេលថ្មីនេះក្នុងប្រទេសកូរ៉េ និងជប៉ុន ក្រុមហ៊ុនទេសចរណ៍ជប៉ុនបានលើកឡើងដោយចំៗថា ពួកគេមិនអាចកក់បន្ទប់សណ្ឋាគារក្នុងក្រុងសៀមរាបនៅរដូវដែលសម្បូរទៅដោយភ្ញៀវទេសចរបានឡើយ ព្រោះចំនួនភ្ញៀវទេសចរជនជាតិចិនមានការកើនឡើងយ៉ាងខ្លាំង”។
លោកបានមានប្រសាសន៍បន្តថា “ខ្ញុំចង់អំពាវនាវឲ្យវិនិយោគិនទាំងអស់ផ្តោតការចាប់អារម្មណ៍ឲ្យបានកាន់តែខ្លាំងជាងមុន ហើយវិនិយោគនៅក្នុងការសាងសង់សណ្ឋាគារនៅក្នុងតំបន់ទេសចរណ៍ដ៏សំខាន់នេះជាទីដែលខ្វះបន្ទប់សម្រាប់ភ្ញៀវទេសចរស្នាក់នៅ”។
យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ ភ្ញៀវទេសចរជនជាតិចិនមកខេត្តសៀមរាបបានកើនឡើង១៤,៨ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺបានកើនឡើងពីភ្ញៀវទេសចរចំនួន១៨១.២២៤នាក់ ដល់២០៨.១៨០នាក់។ ចំណែកឯភ្ញៀវទេសចរជនជាតិកូរ៉េ និងជប៉ុនវិញបានកើនឡើងពី២,៩៤ភាគរយដល់២៥០.៩២៦នាក់ និងពី៤,៥ភាគរយដល់៩៩.៣៩៩នាក់។
កាលពីឆ្នាំកន្លងទៅ ការហោះហើរដោយផ្ទាល់រវាងប្រទេសចិននិងកម្ពុជា មានការកើនឡើងដោយសារតែការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទាក់ទាញភ្ញៀវទេសចរជនជាតិចិនឲ្យបានច្រើន។
យោងតាមរបាយការណ៍កាលពីខែកក្កដា ដែលត្រូវបានចេញដោយមជ្ឈមណ្ឌលអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Centrefor Asia Pacific Aviation) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងស៊ីដនី មានខ្លឹមសារថា “ប្រទេសកម្ពុជា គឺជាប្រទេសដែលនៅជិតប្រទេសចិន អ្វីៗមានតម្លៃថោក ហើយមានវប្បធម៌ស្រដៀងគ្នា ដោយធ្វើឲ្យជនជាតិចិនងាយស្រួលក្នុងការទទួលទាននិងធ្វើដំណើរទូទាំងប្រទេសកម្ពុជា។ អត្ថប្រយោជន៍មួយទៀតសម្រាប់ប្រទេសកម្ពុជា គឺថាភ្ញៀវទេសចរជនជាតិចិនភាគច្រើនដែលមកកម្សាន្តក្នុងប្រទេសកម្ពុជា គឺកម្សាន្តតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ”៕ស៊ុយឈាង