40.6 C
Phnom Penh

សន្ត​ិសុខ​រោងចក្រ​វាយ​ដំកម្មករ​ខណៈពេល​ពួកគេ​ធ្វើការ​តវ៉ា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនរងគ្រោះ​ និង​នគរ​បាល​បាន​លើកឡើង​កាលពី​ម្សិលមិញ​ថា កម្មករ​ម្នាក់​​នៅ​រោងចក្រ​កាត់ដេរដែល​​កាន់​កាប​់​ដោយជនជាតិ​ចិន​​ក្នុង​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​សន្តិ​សុខ​ក្រុម​ហ៊ុន​វាយ​ដំ​កាលពី​ថ្ងៃ​ពុធ ខណៈ​ពេល​កំពុង​តវ៉ា​នៅ​ខាង​ក្រៅ​រោងចក្រ​។

មឿន ប្រុស អាយុ​១៩​ឆ្នាំ​បាន​និយាយ​ថា គាត់​បាន​រងរបួស​ក្បាល​បន្ទាប់​​ពី​សន្តិសុខ​បួន​នាក់​ដែលធ្វើ​ការ​នៅ​រោងចក្រកាត់​ដេរ​ Y&W ទាត់​គាត់​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​បន្ទាប់​មក​បាន​យក​វិទ្យុ​ទាក់​ទង​វាយ​គាត់ បន្ទាប់ពី​គាត់​បាន​គប់​​សម្បក​ដប​ដាក់​ខ្លោង​ទ្វារ​រោងចក្រ​ដោយ​មាន​កំហឹង​។

មឿន ប្រុស ជា​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​១.៥០០​នាក់​ ដែល​បាន​ធ្វើ​កូដកម្ម​នៅ​រោងចក្រ​នេះ​តាំង​ពីថ្ងៃ​ទី​២៩ ខែ​កញ្ញា​មក ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ និង​ទាម​ទារ​ឲ្យ​យក​តំណាង​សហជីព​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ចូល​បម្រើការ​ងារ​វិញ​នោះ បាននិយាយ​ថា ក្រុមសន្តិសុខ​បាន​​ជិះ​ម៉ូតូ​ដេញ​តាម​គាត់ និង​មិត្តភក្ដិ​ម្នាក់​។

កម្មករ​រូប​នេះ​បាន​និយាយ​ថា ” ពួកគេ​បាន​ទាត់​យើង​ ហើយ​យើង​បាន​ធ្លាក់​នៅ​ក្បែរ​ផ្លូវ​ បន្ទាប់​មក​សន្តិសុខ​ម្នាក់​បាន​យក​វិទ្យុទាក់​ទង​វាយ​ក្បាល​ខ្ញុំ”។

មឿង​ ប្រុស បាន​និយាយ​ថា​ នៅ​ពេល​គាត់​ព្យាយាម​រាយការណ៍​ពី​ការ​បង្ក​របួស​ស្នាម​នេះ​ទៅ​នគរ​បាលឃុំ​ព្រែកកំពឹស​កាលពី​ថ្ងៃ​ពុធ ពួកគេ​បាន​ច្រាន​ចោល​ ដោយ​និយាយ​ថា គាត់​បាន​បង្ក​រឿង​ដាក់​សន្តិសុខ​​ដោយ​គប់​សម្បក​ដប​។ ប៉ុន្តែ​បន្ទាប់​ពី​គាត់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​ស្រុក​កាលពី​ម្សិលមិញ នគរ​បាល​ឃុំ​បាន​ហៅ​គាត់​មក​ប៉ុស្តិ៍​នគរ​បាល​ ហើយ​សន្តិសុខ​ម្នាក់​​ក្នុង​ចំណោម​សន្តិសុខ​ទាំង​នោះ​បាន​ផ្ដល់​សំណង​ដល់​គាត់​ចំនួន​១០០​ដុល្លារ​។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​តាម​ទូរស័ព្ទ​ លោក មាស វណ្ណថុន នាយ​ប៉ុស្តិ៍​ឃុំ​បាន​បដិសេធ​ការ​ដែល​​ថា ​​កូនចៅ​របស់​លោកមិន​ព្រមទទួល​យក​ពាក្យ​បណ្ដឹង​របស់​ មឿន ប្រុស។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​ទទួល​ស្គាល់​ថា គាត់​បាន​មក​ប៉ុស្តិ៍​នគរ​បាល​ ដោយ​​ក្បាល​ប្រឡាក់​ឈាម​កាលពី​ម្សិលមិញមែន។ វា​មិន​ពិត​ទេ​ ដែលថា​យើង​មិន​បាន​ទទួល​យក​ពាក្យ​បណ្ដឹង​នោះ ពីព្រោះ​យើង​បាន​ហៅ​សន្តិសុខ​ទាំង​នោះ​មក​សាក​សួរ​”។

លោក អេរិក យ៉ាង អ្នក​គ្រប់​គ្រង​រោងចក្រ​បាន​លើក​ឡើង​ថា លោក​មិន​ដឹង​អំពី​ហេតុ​ការណ៍​នេះ​ទេ​។ លោក​បាន​បន្ថែម​ថា ” ខ្ញុំ​ស្រឡាញ់​កម្មករ​របស់​ខ្ញុំ​។ មិនគួរមាន​​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ណាមួយ​ឡើយ​”៕ សារុន​

(រាយការណ៍​បន្ថែម​ដោយ HollyRobertson)​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស