28.4 C
Phnom Penh

លោក មិន ឃិន ប្រាប់​សមាជិក​សភាថា វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យមាន​សុវត្ថិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា​បាន​ប្រាប់​គណៈកម្មការ​សភា​កាលពី​ម្សិល​មិញ​ថា បើទោះ​ណា​ជា​ត្រូវ​បានហ៊ុមព័ទ្ធ​ដោយ​ការ​សាង​សង់​គ្រប់​ផ្នែក​ទាំង​អស់​ ខណៈ​ដែល​កាស៊ីណូណាហ្គាវើល​បាន​ពង្រីក​បរិវេណ​កាស៊ីណូ​របស់​ខ្លួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ក៏ដោយ ក៏​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​នឹង​មិន​ត្រូវ​បាន​លក់​ ឬក៏ជួល​ដែរ​។

កាលពី​ខែ​ឧសភា ខ្លោង​ទ្វារ​មុខ​របស់​ពុទ្ធសាសនបណ្ឌិត្យ​ត្រូវ​បាន​វាយ​កម្ទេច​ដើម្បី​សម្រួល​ដល់​ការ​សាង​សង់​ផ្លូវ​ក្រោម​ដី ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​ក្រុម​ហ៊ុន​ឯកជន​មួយ​បាន​សង់របង​បេតុង​លើ​ផ្ទៃដី​​៣០​ម៉ែត្រគុណនឹង​១០០​ម៉ែត្រ​នៅ​ចំ​កណ្ដាល​បរិវេណ​​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​តែ​ម្ដង​ ដោយ​ធ្វើ​ឲ្យ​មាន​កង្វល់​ថា ដី​នេះ​ត្រូវ​បាន​លក់​។

ព្រះសង្ឃ​បាន​ធ្វើ​ការ​តវ៉ា​​នៅ​តាម​ផ្លូវ​កាលពី​ដើម​សប្ដាហ៍​នេះអំពី​លទ្ធភាព​នៃ​ការ​លក់​វិទ្យា​ស្ថាន​នេះ​ ដោយ​ហែក្បួន​កាត់​រាជ​ធានី​ភ្នំពេញ និង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា។

ដោយ​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ឆ្លើយ​សំណួរ​អំពីស្ថានភាព​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ចំពោះ​មុខ​គណៈកម្មការ​សភា​ទទួល​បន្ទុក​អប់រំ យុវជន​ កីឡា និង​កិច្ច​ការ​សាសនា លោក មិន ឃិន បាន​ធានា​អះអាង​កាលពី​ម្សិលមិញ​ថា វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​មិន​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ទេ​។

លោក​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​បន្ទាប់ពី​ចេញ​ពី​ប្រជុំ​ថា ” ចំពោះ​វិទ្យាស្ថាន​ពុទ្ធសា​សនបណ្ឌិត្យនេះ យើង​មិន​បាន​ជួល​ លក់ ឬ​អភិវឌ្ឍ​សម្រាប់​ការ​វិនិយោគ​ឡើយ​”។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​បានអនុវត្តតាម​នីតិវិធី​ដើម្បី​រុះរើ [របងបេតុងនោះ]​ឆាប់​ៗ​តាម​ដែល​អាច​ធ្វើ​ទៅបាន​”។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​បញ្ជាឲ្យ​ផ្អាក​ការ​សាង​សង់​សំណង់ផ្សេង​ៗទៀតនៅ​ក្នុង​បរិវេណ​នេះ​។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យគណបក្ស​ប្រឆាំង​ និងជា​ប្រធាន​គណៈកម្មការ​នេះ​បាន​មាន​ប្រសាសន៍​ថា សមាជិក​គណៈកម្មការ​នឹង​ចុះទៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នៅពេល​ដ៏​ខ្លី​ខាង​មុខ​នេះ និង​ពិនិត្យ​មើល​ស្ថានភាព​នោះ​រហូត​ដល់​ក្រសួង​នេះ​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន។

នៅ​ក្នុង​ការ​សាក​សួរ​ដេញដោលរបស់​គណៈកម្មការ​ លោក មិន​ ឃិន បាន​មាន​ប្រសាសន៍​ថា ណាហ្គា​ខប​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​សាង​សង់​សំណង់​បេតុង​នៅ​លើ​ដី​របស់​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​ដើម្បី​ទុក​សម្ភារ​តែ​ប៉ុណ្ណោះ​។

នៅ​ពេល​ត្រូវ​បាន​សួរ​ដោយ​លោក បុញ្ញឫទ្ធិ ថាតើ​ក្រុម​ហ៊ុន​បាន​ចំណាយ​ប្រាក់​ប៉ុន្មាន​ដើម្បី​បាន​សិទ្ធិ​នេះ លោក មិន ឃិន បាន​មាន​ប្រសាសន៍​ថា វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​មិន​បានជួល​កន្លែង​នេះ​ទេ ប៉ុន្តែ​ក្រុម​ហ៊ុន “​គ្រាន់​តែ​ខ្ចី​ដី​នេះ​​ប៉ុណ្ណោះ”។

លោក បុញ្ញឫទ្ធិ បាន​ឆ្លើយ​តប​ថា ក្រសួង​អី​ក៏ចិត្ត​ល្អ​ម្លេ៉ះ។ តើណាហ្គាវើល​ទទួល​បាន​ប្រាក់​ចំណេញ​ប៉ុន្មាន​លាន​ទៅ​ក្នុង​មួយខែៗ​”?​

ជា​ការ​ឆ្លើយ​តប​លោក មិន ឃិន បាន​បញ្ជាក់ជាថ្មីថា ក្រសួង​បាន​បញ្ជា​​ឲ្យ​រុះ​រើ​សំណង់​ទាំង​នោះ​ហើយ៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស