កៀនស្វាយ, ខេត្តកណ្ដាល-អតីតសមាជិករណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និងក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ បានជួបជុំគ្នាកាលពីម្សិលមិញ ដើម្បីធ្វើពិធីរំឭកខួប៣៥ឆ្នាំនៃការកកើតរណសិរ្សនេះ ដោយកោតសរសើរចំពោះឧត្តមគតិនៃចលនានយោបាយប្រដាប់អាវុធនេះ ដែលបានក្រោកឡើងប្រឆាំងរបបកុម្មុយនីស្តគាំទ្រដោយរដ្ឋាភិបាលក្រុងហាណូយ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិដែលស្ថិតក្នុងចំណោមអ្នកនយោបាយប្រឆាំងមួយក្រុម ដែលបានចូលរួមពិធីនេះ បានថ្លែងទៅកាន់អ្នកចូលរួមប្រហែល២០០នាក់អំឡុងពិធីនេះដែលធ្វើឡើងនៅស្តូបរំឭកវិញ្ញាណក្ខន្ធ សឺន សាន ក្នុងខេត្តកណ្ដាល ដែលដាក់ឈ្មោះតាមអតីតនាយករដ្ឋមន្ត្រី ដែលបានបង្កើតរណសិរ្សនេះនៅក្នុងឆ្នាំ១៩៧៩។
លោក កឹម សុខា ដែលជាអតីតសមាជិកមួយរូបរបស់រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរនៅដើមទសវត្សរ៍ឆ្នាំ១៩៨០ មានប្រសាសន៍បន្ទាប់ពីពិធីនេះថា ” បើសិនគ្មានចលនាតស៊ូរបស់ខ្មែរយើង ដែលក្រោកឡើងក្រោយពីការឈ្លានពានរបស់យួននៅឆ្នាំ១៩៩៩ទេ គឺយើងអត់មានបានដល់ថ្ងៃនេះទេ។ រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរចង់ឲ្យប្រជាពលរដ្ឋខ្មែរចាកផុតពីការឈ្លានពានរបស់បរទេស ចាកផុតពីពួកកុម្មុយនីស្តផ្ដាច់ការ និងចាកផុតពីអំពើពុករលួយ ដើម្បីកសាងប្រទេសឯករាជ្យមួយដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលបានចូលរួមពិធីនេះដែរ បានកោតសរសើរ ” ការបូជារបស់រណសិរស្សរំដោះប្រជាពលរដ្ឋខ្មែរ ដើម្បីការពារទឹកដី យុត្តិធម៌ និងប្រឆាំងបរទេសឈ្លានពាន” ហើយបានមានប្រសាសន៍ថា កម្ពុជាគួរតែរក្សាស្មារតីប្រុងប្រយ័ត្នចំពោះប្រទេសជិតខាងភាគខាងកើតរបស់ខ្លួន។ លោកបានមានប្រសាសន៍ទៀតថា ” វៀតណាមមិនដែលមានបំណងល្អជាមួយយើងទេ។ នៅក្នុងប្រវត្តិសាស្ត្រ ពួកគេគឺជាអ្នកដែលឈ្លានពាន និងត្រួតត្រាកម្ពុជា”។
ជំរឿនបច្ចុប្បន្នលើជនបរទេសដែលបានឈានទៅដល់ការបណ្ដេញជនជាតិវៀតណាមជាង១៦០នាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ទៅស្រុកវិញ ក៏ជារបៀបវារៈដែលត្រូវបានលើកឡើងក្នុងពិធីនេះដែរ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា ” យើងមើលឃើញជនជាតិវៀតណាមមួយចំនួនត្រូវបានបញ្ជូនទៅប្រទេសរបស់ពួកគេវិញ ហើយនេះគឺជាជំហានវិជ្ជមាន ប៉ុន្តែបើប្រៀបធៀបទៅនឹងចំនួនអ្នកដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជាវាតិចតួចណាស់”។
លោក លឺ ឡាយស្រេង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននៃគណបក្សហ្វុ៊នស៊ីនប៉ិច ក៏បានរិះគន់ជំរឿនបច្ចុប្បន្ននេះដែរ។ លោកបានមានប្រសាសន៍ថា ” ខ្ញុំគិតថា គេនឹងលើកឡើងថា មានជនជាតិវៀតណាម២០០.០០០នាក់នៅក្នុងជំរឿននេះ ប៉ុន្តែវាមានរាប់លាននាក់ឯណោះ”។ លោកបានអំពាវនាវឲ្យអ្នកដែលចូលរួមនៅក្នុងពិធីនេះ ” អនុវត្តតាមគោលការណ៍ដើមរបស់អ្នកដែលបានស្លាប់ទៅ”៕ សុខុម