31 C
Phnom Penh

នគរបាល​ខេត្ត​ឧត្តរមានជ័យ​បំបែក​ការ​ជួបជុំ​រវាង​អង្គការ​និង​អ្នកត្រូវ​គេ​បណ្តេញ​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃពុធ នគរបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​បំបែក​ការ​ជួបជុំ​គ្នា​នៅ​លំនៅ​ដ្ឋាន​ឯកជន​មួយ​កន្លែង រវាង​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​គ្រួសារ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ក្រុមហ៊ុន​មួយ ហើយ​នគរបាល​អះអាង​ថា អង្គការ​មិនមែន​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​មាន​ការអនុញ្ញាត​ពី​ថ្នាក់ខេត្ត ដើម្បី​សម្ភាសន៍​អ្នក​ត្រូវ​គេ​បណ្តេញ​ចេញ​ទាំង​នោះ។

អង្គការ សមធម៌កម្ពុជា Equitable Cambodia បាន​បញ្ជូន​ក្រុម​ការងារ​មួយ​មាន​គ្នា​៤​នាក់​ទៅ​ខេត្ត​នេះ ដើម្បី​សម្ភាសន៍​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ផ្ទះ​សំបែង​និង​ដី​ស្រែ​ចម្ការ​របស់​ខ្លួន​កាលពី​ឆ្នាំ​២០០៩​ទៅ​លើ​ក្រុមហ៊ុន​ស្ករសអង្គរ Angkor Sugar ដែល​បើ​តាម​គ្រួសារ​ទាំង​នោះ​ឲ្យ​ដឹង​ថា បាន​ដាំ​តែ​ដំឡូងមី​ប៉ុណ្ណោះ​លើ​ដី​នោះ។

អ្នកស្រី ហ៊ុយ ម៉ី ដែល​អះអាង​ថា បាន​បាត់​បង់​ផ្ទះ​និង​ដីស្រែ​ចម្ការ​២៥​ហិកតា​​របស់​អ្នក​ស្រី​ទៅ​លើ​ក្រុមហ៊ុន​ស្ករសអង្គរ បាន​និយាយថា ក្រុមការងារ​នេះ​កំពុង​ជួប​ប្រជុំ​ជាមួយ​ពលរដ្ឋ​ប្រហែល​២០​គ្រួសារ​ក្នុង​លំនៅ​ដ្ឋាន​ឯកជន​មួយ​របស់​អ្នក​ត្រូវ​គេ​បណ្តេញ​ចេញក្នុង​ក្រុង​សំរោង ពេល​នោះ​ស្រាប់តែ​នគរបាល​និងកម្លាំង​កងរាជអាវុធហត្ថ​បាន​មក​ដល់។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀតថា “អាជ្ញាធរ​បាន​ប្រាប់​អង្គការ​នេះ​ថា​ត្រូវ​មាន​លិខិត​អនុញ្ញាត​ពី​ថ្នាក់​ខេត្ត បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​សម្ភាសន៍​ឡើយ”។

អ្នក​ស្រី ម៉ី បាន​និយាយ​ថា បុគ្គលិក​អង្គការ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចាកចេញ ហើយ​ថា បន្ទាប់​មក​គ្រួសារ​ប្រជាពលរដ្ឋ​ក៏​បាន​រំសាយ​ដែរ។

លោក ម៉ែន ម៉ាលី ស្នងការ​នគរបាល​ខេត្ត​បាន​ទទួល​ស្គាល់​ថា មិនមាន​ច្បាប់​ណា​ដែល​តម្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត​សម្រាប់​ការ​ជួបជុំ​ក្នុង​លំនៅ​ដ្ឋាន​ឯកជន​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា ទោះជា​យ៉ាងនេះ​ក្តី អង្គការ​នេះ​ត្រូវតែ​មាន​ការ​អនុញ្ញាត។

ដោយ​បន្ត​ចោទ​អង្គការសមធម៌​កម្ពុជា​ថា​បាន​ញុះញង់​អ្នកភូមិ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​សង​ទូទាត់​រួច​ហើយ​នោះ លោក​ស្នងការ​បាន​មាន​ប្រសាសន៍​ថា “មិនមែន​ជា​រឿង​ច្បាប់ដែល​ត្រូវ​តែ​មាន​លិខិត​អនុញ្ញាត​ដើម្បី​សម្ភាសន៍​អ្នក​ភូមិ​នោះ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​ឲ្យ​អាជ្ញាធរ​របស់​យើង​ដឹង ពីព្រោះ​តំបន់​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្ញុំ”។

អ្នកស្រី ម៉ី បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​ដែល​ទទួល​បាន​សំណង​អ្វី​ទេ ហើយ​​បាន​ទៅ​ស្នាក់​នៅ​ជាមួយ​កូនស្រី​របស់​អ្នកស្រី បន្ទាប់ពី​ត្រូវ​បាន​គេ​បណ្តេញ​ចេញ។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ សមធម៌កម្ពុជា បាន​មាន​ប្រសាសន៍​ថា នគរបាល​បាន​បញ្ឈប់​ការ​ជួបជុំ​គ្នា​នោះជា​ការ​ល្មើស​ច្បាប់​ ហើយ​ថា​ អង្គ​ការ​នេះ​គ្មាន​បំណង​សុំ​រដ្ឋាភិបាលដើម្បី​សម្ភាសន៍​គ្រួសារ​ទាំង​នោះ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​នឹង​មិន​សុំការ​អនុញ្ញាត​ទេ​ ពី​ព្រោះ​វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ និង​ផ្ទុយ​ពីសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ និង​សិទ្ធិ​សេរីភាព​ដើរ​ហើរ​របស់​ពួក​គេ​​…។ យើង​មាន​សេរីភាព​ធ្វើ​កិច្ច​ការ​នេះ”។

លោក វុទ្ធី មាន​ប្រសាសន៍​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​កំពុង​រៀប​ចំ​ដាក់​ពាក្យ​បណ្តឹង​ផ្លូវ​ការ​មួយ​ទៅ​ក្រសួង​មហាផ្ទៃ​ ប្តឹង​អាជ្ញាធរ​នេះ។

អាជ្ញាធរ​ខេត្ត​ឧត្តរមាន​ជ័យ​បាន​រំខាន​អ្នក​ដែល​ព្យាយាម​សម្ភាសន៍​ប្រជាពល​រដ្ឋ​ដែល​ត្រូវ​គេ​បណ្តេញ​ពី​មុន។

បុគ្គលិក​អង្គការ​សមធម៌​កម្ពុជា​ពីររូប​ត្រូវបាន​នគរបាល​ឃាត់​ខ្លួន​មួយ​យប់​ ពេល​ចុះ​ទៅ​ជួប​គ្រួសារ​ដែល​គេ​បណ្តេញ​កាលពី​ខែ​មុន​ ហើយ​ត្រូវ​បង្ខំ​ឲ្យ​ត្រឡប់មក​ភ្នំពេញ​វិញ។

កាលពីខែ​មីនា សវនករ​មក​ពី​ក្រុម​ហ៊ុន​កូកាកូឡា​ ដែល​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ស្ករស​របស់​ខ្លួន​ បាន​ផ្អាក​ជំនួប​ជាមួយ​ប្រជាពល​រដ្ឋ​ដែល​គេ​បណ្តេញ​ចេញ​ បន្ទាប់​ពី​ត្រូវ​បាន​នគរបាល​តាម​ដាន​៕ មានិត

(រាយ​ការណ៍​បន្ថែម​ដោយ​ ZsomborPeter)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស