27 C
Phnom Penh

លោក ហ៊ុនសែន សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើថ្វាយ​ព្រះមហាក្សត្រ​ទាក់​ទិន​នឹងវិទ្យាស្ថាន​​ពុទ្ធសាសន​បណ្ឌិត្យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​បដិសេធ​របស់​រដ្ឋាភិបាល​ចំពោះ​​ពាក្យ​ចចាមអារ៉ាម​ដែល​ថាមាន​ការ​អភិវឌ្ឍ​លើ​បរិវេណ​​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​នោះ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ថ្វាយព្រះ​មហាក្សត្រ​ដើម្បី​​ទូល​ព្រះ​អង្គ​ថាដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​មិន​មែន​សម្រាប់​លក់​នោះ​ទេ​។

នៅ​ក្នុង​លិខិត​ដែល​ផ្ញើថ្វាយព្រះ​មហាក្សត្រ​នរោត្តម សីហមុនី ចុះ​ថ្ងៃ​ទី​៦​ខែ​តុលា នឹង​ដែល​​ទទួល​បាន​​កាលពី​ថ្ងៃ​សុក្រ​លោក ហ៊ុន សែន បាន​ស្ដី​បន្ទោសលើ ” ការ​ញុះញង់​ពី​មនុស្ស​អគតិ​” ចំពោះ​ការ​ធ្វើ​ឲ្យ​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថាវិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ដែល​កំពុង​ព័ទ្ធ​ជុំជិត​ដោយអគារ​កាស៊ីណូរបស់​​ណាហ្គាវើលនឹង​ត្រូវ​លក់​ឬក៏ជួល​ទៅ​ឲ្យ​ក្រុម​ហ៊ុន Naga Corp នោះ​។

លោកហ៊ុន សែន បាន​លើក​ឡើង​ថាលោក​កំពុង​ឆ្លើយ​តប​ទៅ​នឹង​​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​​ដែល​ផ្ញើមក​លោក​កាលពី​ថ្ងៃ​ទី៣ខែ​តុលាដើម្បី​ចង់​បាន​ចម្លើយ​អំពី​ពាក្យ​ចចាម​អារ៉ាម​ដែល​ថាមាន​ការ​លក់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​។មន្ត្រី​ព្រះបរម​រាជ​វាំង​មិន​អាច​ទាក់​ទង​សុំ​ការ​​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។

សកម្មជន​ជា​ព្រះសង្ឃ​មួយ​ក្រុម​បាន​ធ្វើ​ការ​តវ៉ា​អស់​ជាច្រើន​ខែ​មក​ហើយ​ដោយ​សារ​តែ​​មាន​ការ​សង្ស័យ​ថាបរិវេណ​នេះ​ត្រូវ​បាន​លក់​ឬក៏ដោះ​ដូរ​ទៅ​ឲ្យ​ណាហ្គាវើល​។

កាលពី​ខែ​ឧសភាខ្លោង​ទ្វារ​មុខ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ត្រូវ​បាន​វាយ​កម្ទេច​ចោលដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាង​សង់​នៅ​ក្រោម​ដី​ហើយ​ថ្មីៗ​នេះ​ក្រុម​ហ៊ុន​ឯកជន​មួយ​បាន​សង់​របង​បេតុង​លើ​ផ្ទៃដី​ទំហំ​៣០ម៉ែត្រ​គុណនឹង​១០០​ម៉ែត្រ​នៅ​ចំកណ្ដាល​បរិវេណ​នៃ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​នេះដោយ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ថាដី​នេះ​ត្រូវ​បាន​លក់​រួច​ទៅ​ហើយ។

នៅ​ក្នុង​លិខិត​របស់​លោក​ផ្ញើ​ថ្វាយព្រះមហាក្សត្រសីហមុនី លោក ហុ៊ន សែនបាន​លើក​ឡើង​ម្តង​ទៀត​​ពីការ​បដិសេធ​ជា​សាធារណៈ​លើក​មុន​ដោយ​ក្រសួង​ធម្មការ និង​សាសនាហើយ​លោក​បាន​បន្ថែម​ថារដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​បរិវេណ​នេះ​។លោក​បាន​សរសេរ​នៅ​ក្នុង​លិខិត​នោះ​ថា ” ក្រសួង​ធម្មការនិង​សាសនា​បាន​ដាក់​ចេញ​នូវ​ផែន​ការ​រយៈ​ពេល​បីឆ្នាំគិត​ចាប់​ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៧រួច​ហើយ​ដោយ​ប្រើ​ទឹក​ប្រាក់​ប្រមាណ​៤,៦​លាន​ដុល្លារ​ដើម្បី​សាង​សង់​អគារ​កម្ពស់​បួន​ជាន់​ឬ​ប្រាំ​ជាន់​នៅ​ក្នុង​បរិវេណ​នៃ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ”។

កាលពី​ថ្ងៃ​ព្រហស្បតិ៍លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការនិង​សាសនា បាន​បង្ហាញ​ខ្លួន​ចំពោះ​គណៈកម្មការអប់រំយុវជន​ កីឡា ធម្មការ កិច្ចការ​សាសនាវប្បធម៌ និង​ទេសចរណ៍​នៅ​ក្នុង​រដ្ឋសភា​ដើម្បី​ឆ្លើយ​សំណួរ​អំពី​ពាក្យ​ចចាមអារ៉ាម​ដែល​ថាបរិវេណ​នេះ​ត្រូវ​បាន​លក់។លោក​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​​ NagaCorp ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាង​សង់​ឃ្លាំង​​ផ្ទុក​សម្ភារ​បណ្ដោះ​អាសន្ន​មួយ​លើ​បរិវេណ​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ដោយ​មិន​យក​​ថ្លៃ​ឈ្នួល​​អ្វី​ឡើយ​។

លោកយ៉ែម បុញ្ញឫទ្ធិសមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិដែល​​ជា​ប្រធាន​នៃ​គណៈកម្មការ​នេះ​​​បាន​លើក​ឡើង​ថាលោក​បានឃើញ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ហើយ​ហើយ​បាន​ស្វាគមន៍​ចំពោះ​ខ្លឹមសារ​នៃ​លិខិត​នេះ”៕ស៊ុយឈាង​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស