40.6 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ឃ្លាំមើល​ការ​ដោះ​ដូរ​អំណោយធំៗ​ក្នុង​ចំណោម​អ្នក​មាន​អំណាចនិង​​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​​ឲ្យ​ដឹង​ថាខ្លួន​ប្រហែល​ជា​ចាប់​ផ្ដើម​ឃ្លាំមើល​​ការ​ដោះ​ដូរ​អំណោយ​ធំៗ​ដែល​ជារឿយៗ​ត្រូវ​បានធ្វើ​ឡើង​ក្នុង​ចំណោម​អ្នកជំនួញ​និង​អ្នក​នយោបាយមានអំណាច​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ពិធី​មួយ​ចំនួន​ដូចជា​ពិធី​មង្គលការ ខួប​កំណើតនិង​ពិធី​ផ្សេងៗ​ទៀត​ជា​ដើម​។

ថ្លែង​នៅ​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគយល់​​គ្នា​មួយ​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយនិង​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ Prudential (Cambodia) Life Insurance PLC ដែល​ប្ដេជ្ញា​ថានឹង​រក​ស៊ី​ដោយ​ស្មោះ​ត្រង់​លោក ឃាង សេងអនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ថ្លែង​ថាកម្មវិធី​នេះ​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ហើយ​។

ដោយ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​យកព័ត៌មាន​ម្នាក់​ដែល​និយាយ​​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្លាប់​លើក​ឡើង​ពី​គំនិត​បែប​នេះ​ម្ដង​រួច​មក​ហើយ​កាលពី​លើក​មុននិង​ដែល​សួរ​ថាតើ​នៅ​ពេល​ណា​គំនិត​នេះ​នឹង​ក្លាយ​ជា​ការ​ពិតលោក ឃាង សេង បាន​លើក​ឡើង​ថាជំហាន​ដំបូង​​គឺ​ត្រូវ​ធ្វើ​សិក្ខាសាលា​មួយ​ស្ដីអំពី​ប្រធាន​បទ​នេះ​ជាមុន​សិន។

លោកឃាង សេង បាន​មាន​ប្រសាសន៍​ថា ” យើង​ធ្លាប់​មើល​ឃើញ​មក​ហើយ​ថាពលរដ្ឋ​ខ្មែរ​របស់​យើង​​តែង​តែ​ផ្ដល់​អំណោយ​នៅ​ក្នុង​ពិធី​ផ្សេងៗ​”។

លោក​បាន​សួរ​ថា ” យើង​ត្រូវ​តែ​គិត​ថា​តើ​សង្គម​របស់​យើង​ចង់​ឲ្យ​បញ្ហា​នេះ​បន្ត​បែប​នេះ​ទៀត​​ឬថា​តើ​សង្គម​អាច​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​នេះហើយ​សម្រេច​ថាយើង​ចាំបាច់​ត្រូវ​តែ​កំណត់​អំពី​តម្លៃ​​ពិត​ប្រាកដ​នៃ​អំណោយ​ឬយ៉ាង​ណា​?”។លោក​បាន​បន្ត​ថា ” ​តើ​អំណោយ​សមរម្យ​នោះ​មាន​ទំហំ​ប៉ុណ្ណាទៅ​? វា​ទាមទារ​​ឲ្យ​មាន​ការ​ស្ទង់មតិ​ដោយ​ផ្អែក​លើ​គំនិត​នេះ​។យើង​ប្រហែល​ជា​ធ្វើ​ក្នុង​ពេល​ឆាប់ៗ”។

នៅ​ពេល​ទាក់​ទង​កាលពី​ថ្ងៃ​សុក្រលោក ព្រាប កុលនាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​​បាន​លើក​ឡើង​ថាវា​មាន​វប្បធម៌​យ៉ាង​ជាក់​លាក់​​មួយ​ក្នុង​ការ​ដោះ​ដូរ​អំណោយធំៗ​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​​ដែល​មាន​ឋានៈ​ខ្ពស់។

លោកព្រាប កុល បាន​មាន​ប្រសាសន៍​ថា ” នៅពេល​កូនៗ​របស់​មន្ត្រី​ដែល​មាន​ឋានៈ​ខ្ពស់​រៀបចំពិធី​ជប់​លៀង​ណាមួយ​មន្ត្រី​ដែល​ចូល​រួម​​បាន​ឲ្យ​អំណោយ​ដូច​ជា​រថយន្ត​ស៊េរី​ទំនើបផ្ទះ និង​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីជាដើម​។តើ​លុយ​ទាំង​នេះ​បាន​មក​ពី​ណា?”។

លោកព្រាប កុលដែល​អង្គការ​របស់​លោក​បាន​ដាក់​ចំណាត់​ថ្នាក់​ឲ្យ​ប្រទេស​កម្ពុជា​ជាប់​លេខ​ទី១៦០​ក្នុង​ចំណោម​ប្រទេស​១៧៧​ក្នុង​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៤​​របស់​ខ្លួន​បាន​លើក​ឡើង​បន្ត​ថាការ​ផ្ដល់​អំណោយ​បែប​នេះ​គឺ​ជា​ “​ ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ប្រយោល”។

លោកអំ សំអាតអ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទិ្ធមនុស្ស​លីកាដូបាន​លើក​ឡើង​ថាអំណោយធំៗ​ដែល​ត្រូវ​បាន​ដោះ​ដូរ​គ្នា​រវាង​គ្រួសារ​មាន​អំណាចគឺ​ជារឿយៗ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​លាក់​បាំង​អំពើ​ពុករលួយ​។លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​ទទួល​ស្គាល់​​ថានេះ​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់​ៗ​ក្នុង​ការ​ផ្ដល់​អំណោយ​ប៉ុន្តែ​ពួកគេ​តែង​តែ​ប្រើ​ពិធី​ទាំង​នេះ​ដើម្បី​ផ្ដល់​ឋានៈ​ឬតំណែង​ថ្មី​ផង​ដែរ​”៕ស៊ុយឈាង​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស