38.1 C
Phnom Penh

ជនសង្ស័យពីរ​​​នាក់​​​ត្រូវ​​​​​បាន​​​ឃាត់​​​ខ្លួន​​​ទាក់​​​ទិន​​​នឹង​​​ការ​​​គប់​​​គ្រាប់​​​បែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​គេ​​​បាន​​​ឃាត់​​​ខ្លួន​​​បុរស​​​ពីរ​​​នាក់​​​ ដើម្បី​​​សាក​​​សួរ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​គប់​​​គ្រាប់​​​បែក​​​មួយ​​​គ្រាប់​​​នៅ​​​ខណ្ឌ​​​សែនសុខ រាជ​​​ធានីភ្នំពេញ ដែល​​​បណ្ដាល​​​ឲ្យ​​​ក្មេង​​​​​​ប្រុស​​​ម្នាក់​​​ស្លាប់ និង​​​មនុស្ស​​​ប្រាំ​​​នាក់​​​ផ្សេង​​​ទៀត​​​រង​​​របួស។

លោក ស៊ន ស៊ីន អាយុ​​​៥៦​​​ឆ្នាំ កំពុង​​​អង្គុយ​​​ជាមួយ​​​កូនៗ​​​ និង​​​មិត្ត​​​ភក្ដិ​​​របស់​​​គាត់​​​នៅ​​​ទីធ្លា​​​មុខ​​​ផ្ទះ​​​ក្នុង​​​សង្កាត់​​ឃ្មួញ ពេល​​​នោះ​​​​​​ម៉ោង​​​ប្រហែល​​​៧​​​យប់​​​ មាន​​​បុរស​​​ពីរ​​​នាក់​​​ជិះ​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​មក​​​ដល់​​​ ហើយ​​​គប់​​​គ្រាប់​​​បែក​​​សំដៅ​​​ពួកគាត់​​​។

លោក​​​ ជួន ណារិន ស្នង​​​ការ​​​រង​​​នគរ​​បាល​​​រាជធានី​​​ភ្នំពេញ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ចាត់​​​ទុក​​​ហេតុការណ៍​​​នេះ​គឺ​​​​ជា​​​ការ​​​សង​​​សឹក។

លោក​​​ ណារិន បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​រសៀល​​​ថ្ងៃ​​​សុក្រ​​​ថា ” យប់​​​មិញ​​​ [ថ្ងៃ​​​ព្រហស្បតិ៍] យើង​​​បាន​​​ឃាត់​​​ខ្លួន​​​មនុស្សពីរ​​​នាក់​​​ដើម្បី​​​សាក​​​សួរ​​​ ហើយ​​​ឥឡូវ​​​នេះ​​​ពួកគេ​​​កំពុង​​​ត្រូវ​​​សាក​​​សួរ​​​នៅ​​​​អធិការដ្ឋាន​នគរ​​​បាល​​​ខណ្ឌ​​​នៅ​​​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ” មិន​​​មែន​​​ជា​​​ភេរវកម្ម​​​ទេ វា​​​ជា​​​ករណី​​​សង​​​សឹក​​​គ្នា​​​ ហើយ​​​នគរ​​​បាល​​​នឹង​​​បន្ត​​​ស៊ើបអង្កេត​​​តទៅ​​​ទៀត​​​”។

ស៊ីន ដារ៉ា អាយុ​​​១១​​​ឆ្នាំ ជា​​​កូន​​​ប្រុស​​​របស់​​​លោក ស៊ន ស៊ីន បាន​​​ស្លាប់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​គន្ធបុប្ផា កាលពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍ ដោយ​​​សាររបួស​​​ក្នុង​​​ការ​​​ផ្ទុះ​​​គ្រាប់​​​បែ​​​ក​​​នោះ។ សាច់​​​ញាតិ​​​ម្នាក់​​​ឈ្មោះ តារារិទ្ធ ខាន់លន់​ អាយុ​​​១២​​​ឆ្នាំ ដែល​​​ដំបូង​​​ឡើយ​​​គេ​​​ស្គាល់​​​ថា ឈ្មោះ ស៊ន ដារ៉ា នៅ​​​សម្រាក​​​ព្យាបាល​​​​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​គន្ធបុប្ផានៅ​​​ឡើយ​​​ បន្ទាប់ពី​​​ការ​​​វះ​​​កាត់​​​យក​​​អំបែង​​​ចេញ​​​ពី​​​ពោះ និង​​​ជើង​​​ទាំង​​​ពីរ។

លោក ស៊ីន ​និង​ក្មួយ​​​ប្រុស​​​ឈ្មោះ ដួង សុខ អាយុ​​​៣៨​​​ឆ្នាំ ព្រមទាំង​អ្នក​រង​របួស​ម្នាក់​ទៀត​ឈ្មោះ សំ បាស អាយុ​​​២០​​​ឆ្នាំ កំពុង​សម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់ម៉ែត បន្ទាប់ពី​​​ការ​​​វះ​​​កាត់​​​យក​​​អំបែង​​​ចេញ​​​ពី​​​ដង​​​ខ្លួន និង​​​ជើង​​​។

អ្នកស្រី ហាក់ ប៉េងលាង អាយុ​​​៤០​​​ឆ្នាំ ដែល​ស្ថិត​​​នៅ​​​ទីធ្លា​​​មុខ​​​ផ្ទះ​​​​របស់​ខ្លួន​​ទល់​នឹង​ផ្ទះ​ដែល​គេ​គប់​​​​គ្រាប់​​​បែក​ចូល​​​​ក៏បាន​​​រង​​​របួស​​​ដៃ​​​ស្រាល​​​ដែរ​​​។

ញៀន ណន មេប៉ុស្តិ៍​​​សង្កាត់​​ឃ្មួញ បាន​​​ប្រាប់​​​ឈ្មោះជន​​​រងគ្រោះ​​​ទាំង​​​នោះ​​​មុន​​​ពេល​​​បង្វែរ​​​សំណួរ​​​ទៅ​​​នគរ​​​បាល​​​ខណ្ឌ​​​។ លោក ម៉ក់ ហុង អធិការ​​​នគរ​​​បាល​​​ខណ្ឌ​​​សែន​​​សុខ និង​​​អធិការ​​​រង​​​ ញឹម សាវុធ ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​អធិប្បាយ​​​ទេ។

ពេល​​​ត្រូវ​​​គេ​សម្ភាស​​​​​​នៅ​​​ក្នុង​មន្ទីរ​​​ពេទ្យ​​​កាលពី​​​ថ្ងៃ​​​សុក្រ លោក ស៊ីន បាន​​​រៀបរាប់​​​ហេតុ​​​ការណ៍​​​នោះ​​​ ហើយ​​​បាន​​​និយាយ​​​ថាគាត់​​​រក​​​នឹក​​​មិន​​​ឃើញ​​​សោះ​អំពី​​​មូលហេតុ​​​ណាមួយ​​​ ដែល​ធ្វើ​ឲ្យ​​​​គេ​​​បោក​​​គ្រាប់​​​បែក​​​ចូល​ក្នុង​​ផ្ទះ​​​គ្រួសារ​​​របស់​​​លោក។

លោក​​​បាន​​​និយាយ​​​ថា ” មុន​​​ពេល​​​គ្រាប់​​​បែក​​​នោះ​​​ផ្ទុះ ខ្ញុំ​​​បាន​​​ឃើញ​​​បុរស​​​ពីរ​​​នាក់​​​ជិះ​​​ម៉ូតូ​​​​​​ Suzuki Smash Revo​ ពណ៌​​​ក្រហម​មួយ​គ្រឿង​​ឈប់​​​ខាង​​​ក្រៅ​​​ផ្ទះ​​​របស់​​​ខ្ញុំ”។

លោក​​​ ស៊ីន បាន​​​និយាយ​​​ថា បុរស​​​ម្នាក់​​​ទំនង​​​ជា​​​ដោះអាវ​​​ចេញ​​​ ប៉ុន្តែ​​​រឿង​​​បន្ទាប់​​​មក​​​ទៀត​​​ដែល​​​គាត់​​​ដឹង​​​ គឺ​​​មាន​​​គ្រាប់​​​បែក​​​មួយ​​​គ្រាប់​​​លាន់​​​ស៊ឺៗៗក្បែរ​​​ជើង​​​របស់​​​គាត់។

លោក​​​បាន​​​និយាយ​​​ថា ” ភ្លើង​​​ពី​ការ​​​ផ្ទុ​​ះ​​​នោះ​​​ជះ​​​ត្រូវ​​​ភ្នែក​​​ខ្ញុំ ហើយ​​​ខ្ញុំ​​​ក៏​​​​​​បាន​​​ឮ​​​សូរ​​​ផ្ទុះ​​​តែ​​​ម្ដង។ ខ្ញុំ​​​ងឿង​​​ឆ្ងល់​​​ណាស់​​​ហេតុអ្វី​​​ពួកគេ​​​បោក​​​គ្រាប់​​​បែក​​នៅ​ផ្ទះ​ខ្ញុំ​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​ធ្លាប់​​​មាន​​ជម្លោះ​​​ណាមួយ​​​ទេតាំង​​​ពី​​​ផ្លាស់​មក​​​រស់​​​នៅ​ទីនេះហើយ​បាន​​​​​បើក​​​លក់​គ្រឿង​​​ទេស ប្រហែល​​​ពីរ​​​ឬបី​​​ខែ​​​មក​នេះ​​​”។ មុន​​​នេះ លោក ស៊ីន និង​​​គ្រួសារ​​​របស់​​​លោក​​​រស់​​​នៅ​​​ក្នុង​​​​​​សង្កាត់​​​គោក​​​រកា ខណ្ឌ​​​ព្រែក​​​ព្នៅ៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស