33 C
Phnom Penh

ការ​ទៅ​រក​សេវា​ប្រឹក្សា​ជំងឺ​ផ្លូវ​ចិត្ត​ទៀង​ទាត់​អាច​ជួយ​ព្យាបាល​របួស​ផ្លូវ​ចិត្ត​​បាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កែនសុធារី អាយុ​២០​ឆ្នាំបាន​ដឹង​យ៉ាង​ច្រើន​អំពី​គ្រោះ​ថ្នាក់​ដ៏ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្លូវ​ចិត្ត។សុធារីគឺ​ជា​និស្សិត​ឆ្នាំ​ទី២​ផ្នែក​ចិត្ត​វិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញហើយ​​បាន​​សិក្សា​មុខ​វិជ្ជា​​បញ្ហា​សុខភាព​ផ្លូវចិត្តដែល​ជាផ្នែក​មួយ​នៃ​មុខ​វិជ្ជា​ដទៃ​ទៀត​ប៉ុន្តែ​នាង​ខ្លួនឯង​ផ្ទាល់​ក៏​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ដែរ​។

នាង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ” ខ្ញុំ​មាន​បញ្ហា​​ដោយ​សារ​តែ​​សម្ពាធ​ពី​ការ​សិក្សា​ប៉ុន្តែ​​វា​មិន​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ធ្វើ​អត្តឃាត​ដូច​អ្នក​​ផ្សេង​ៗទៀត​នោះ​ទេ​”។ជាមួយ​នឹង​និស្សិត​មិន​ទាន់​​បញ្ចប់​ការ​សិក្សា​រាប់​រយ​នាក់​ផ្សេង​ទៀត​សុធារី បាន​ចូលរួម​ទិវា​សុខភាព​ផ្លូវ​ចិត្ត​យុវជន​លើក​ទី២​នៅ​​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។ទិវា​នេះ​មាន​គោល​បំណង​លុប​បំបាត់​​​របួស​​ផ្លូវ​ចិត្ត​ដែល​កើត​ឡើង​យ៉ាង​ច្រើន​​នៅ​ក្នុង​សង្គម​កម្ពុជា​។

លោកស្រីសេក ស៊ីសុខុមប្រធាន​ដេបា៉តឺម៉ង់​ចិត្ត​វិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នេះ​បាន​ឲ្យ​ដឹង​ថាមនុស្ស​ជាច្រើន​តែង​តែ​វាយ​តម្លៃ​ចំពោះ​អ្នក​ផ្សេង​ៗ​ទៀត​ដែល​ស្វែង​រក​ជំនួយ​​ដើម្បី​ដោះ​ស្រាយ​​ការ​កៀបសង្កត់​ផ្នែក​ផ្លូវ​ចិត្ត​និង​ជំងឺ​ផ្លូវ​ចិត្ត​ផ្សេងៗ​ទៀត​របស់​ខ្លួន​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” នៅ​ពេល​ពួកគេ​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ពួកគេ​មិន​ហ៊ាន​ទៅ​រក​សេវា​ប្រឹក្សា​នោះ​ទេព្រោះ​ពួកគេ​ខ្លាច​ក្រែង​ថាអ្នក​ផ្សេងៗ​ទៀត​ហៅ​ខ្លួន​ថាឆ្កួត”។

លោកស្រី​បាន​លើក​ឡើង​ទៀត​ថាភាពក្រីក្រ ភាព​គ្មាន​ការ​ងារ​ធ្វើនិង​​ការ​ទទួល​បន្ទុក​ក្នុង​ការ​ផ្គត់​ផ្គង់គ្រួសារ​របស់​ខ្លួន​បូករួម​ទាំង​ការ​ងាយ​ស្រួល​ក្នុង​​ការ​ចាប់​យក​គ្រឿងញៀននិង​​គ្រឿង​ស្រវឹង​ផង​នោះបាន​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​ងាយ​រង​​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​។

ហើយ​ទំហំនៃ​បញ្ហា​នេះ​គឺ​កើត​មាន​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា។ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​កាលពី​ឆ្នាំ​២០១២​បង្ហាញ​ថាអត្រា​ធ្វើ​អត្តឃាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​​៤២,៥​ភាគរយ​ក្នុង​ចំណោម​មនុស្ស​១០០.០០០​នាក់​គឺ​ខ្ពស់​ជាង​ឆ្ងាយ​ណាស់​ពី​អត្រា​ជា​មធ្យម​នៅទូទាំង​​ពិភព​លោក​ដែល​មាន​​ត្រឹម​តែ​១៦ភាគរយ​។

លោកស្រី Elizabeth Hogger Klaus អ្នក​ជំនាញ​ខាង​ចិត្ត​វិទ្យា​នៅ​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​ GIZ របស់​អាល្លឺម៉ង់ដែល​រៀបចំ​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​សុក្របាន​លើក​ឡើង​​ថាកង្វះ​​សេវា​សុខភាព​ផ្លូវ​ចិត្ត​​បូករួម​ទាំង​ភាព​ឈឺចាប់​ដែល​បន្សល់​ពី​របប​ខ្មែរ​ក្រហម​ផង​នោះគឺ​ជា​កត្តា​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​នេះ​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” ប្រវត្តិ​ក្នុង​ពេលថ្មីៗ​ដែល​នរណា​ក៏​ដឹង​ដែរ​នោះ​បាន​ជះឥទ្ធិពល​អាក្រក់​​ដល់​គ្រួសារ​​មួយ​ចំនួន​។អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ​ជា​បញ្ហា​មួយហើយ​​កត្តា​ឪពុក​ម្ដាយ​ក៏​ជា​បញ្ហា​មួយ​ដែរព្រោះ​ថា ឪពុក​ម្ដាយ​ភាគច្រើន​មិន​មាន​គំរូ​ល្អ​ទេ​ព្រោះ​ពួកគាត់​បាន​ស្ថិត​នៅ​ក្នុង​ពេល​វេលា​ដែល​មាន​សង្គ្រាមហើយ​ពួកគាត់​ប្រហែល​ជាមាន​បញ្ហា​ផ្លូវ​ចិត្ត​ដោយ​សារ​ស្ថិត​ក្នុង​អំឡុង​ពេល​បែប​នោះ​”។

សុធារីដែល​​បាន​ទៅ​រក​សេវា​ប្រឹក្សា​ដើម្បី​ដោះ​ស្រាយ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​របស់​នាង​បាន​និយាយ​ថា​ការ​ទៅ​រក​សេវា​ទៀង​ទាត់​ដើម្បី​​ដោះ​ស្រាយ​បញ្ហានេះ​​អាច​ជួយ​ឲ្យ​យុវជន​ផ្សេងៗ​ទៀត​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​របស់​ខ្លួន​បាន​។

នាង​បាននិយាយ​ថា ” ការ​មើល​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​របស់​ខ្លួន​ឯង​គឺ​វា​មិន​ដូច​នឹង​ការ​ធ្វើតេស្ត​ឈាម​នោះ​ទេព្រោះ​បញ្ហា​ទាំង​នេះ​បង្ក​ឡើង​ដោយ​សង្គមកត្តាផ្ទៃ​ក្នុង ឬគ្រួសារ”៕ស៊ុយឈាង​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស