បុគ្គលិកអង្គការសិទ្ធិមនុស្សម្នាក់បាននិយាយកាលពីម្សិលមិញថា ទាហានថៃបានបាញ់ និងធ្វើឲ្យអ្នកកាប់ឈើខុសច្បាប់យ៉ាងតិចបួននាក់រងរបួសធ្ងន់ ដែលបានឆ្លងចូលទឹកដីថៃពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីសប្ដាហ៍មុន។
យោងតាមលោក ស្រី ណារិន អ្នកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តឧត្តរមានជ័យ បានឲ្យដឹងថា អ្នកកាប់ឈើមួយក្រុមមានគ្នាប្រហែល១០នាក់បានស្វែងរកឈើគ្រញូង ដែលជាប្រភេទឈើប្រណីតបានឆ្លងកាត់ព្រំដែនក្នុងខេត្តស៊ីសាកេត ប្រទេសថៃកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅពេលនោះទាហានបានប្រទះឃើញពួកគេ ហើយបានចាប់ផ្តើមបាញ់តែម្តង។
លោក ណារិន បានមានប្រសាសន៍ថា បួននាក់ក្នុងចំណោមពួកគេ គឺ កាន់ កឿន អាយុ៣៤ឆ្នាំ អាល់ បូរី អាយុ៣៥ឆ្នាំ សុខ មឿន អាយុ២១ឆ្នាំ និងបុរសម្នាក់ដែលស្គាល់តែឈ្មោះថា ប៉ាន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយស្ថិតក្នុងស្រុកអន្លង់វែង ចំណែកអ្នកទី៥ ឈ្មោះ ឈុន ឡាស់ អាយុ៣៥ឆ្នាំ បានបាត់ខ្លួន។
លោក ណារិន បានមានប្រសាសន៍ថា “ខ្ញុំបានទៅជួបពួកគាត់នៅមន្ទីរពេទ្យបង្អែកអន្លង់វែង [កាលពីថ្ងៃសុក្រ] ខណៈដែលពួកគាត់មកសម្រាកព្យាបាល ហើយទទួលព័ត៌មានពីពួកគាត់”។លោកបានបន្ថែមថា អ្នកកាប់ឈើមួយចំនួនត្រូវបានបាញ់ជាច្រើនលើក។
លោក ណារិន បានមានប្រសាសន៍ថា ” ក្រុមអ្នកភូមិបន្តលួចចូលក្នុងទឹកដីថៃ ដើម្បីរកកាប់ឈើគ្រញូង ពីព្រោះទាហាននៅព្រំដែនកម្ពុជា…អនុញ្ញាតឲ្យពួកគាត់ឆ្លងកាត់ ប្រសិនបើពួកគាត់បង់ប្រាក់សំណូក”។
លោកបានបន្ថែមថា ឈ្មួញកណ្ដាលដែលប្រចាំការនៅក្បែរព្រំដែនបានជំរុញឲ្យអ្នកភូមិក្រីក្រប្រថុយប្រថានអាយុជីវិតដើម្បីទៅរកកាប់ឈើដ៏មានតម្លៃនេះ។
ឧត្តមសេនីយ៍ត្រី នួន នៅ មេបញ្ជាការរងយោធភូមិភាគ៤នៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍កាលពីម្សិលមិញថា វាពិបាករកឲ្យឃើញថា នរណាបានបាញ់អ្នកកាប់ឈើណាស់ ពីព្រោះហេតុការណ៍នេះបានកើតឡើងក្នុងប្រទេសថៃឯណោះ។
លោកបានមានប្រសាសន៍ថា ” ការបាញ់នេះបានកើតឡើងនៅក្នុងព្រៃរបស់ថៃ ដូច្នេះយើងមិនដឹងពីអ្វីដែលបានកើតឡើងចំពោះពួកគាត់ឡើយ។ យើងបានដឹងថា ពួកគាត់រងរបួសបន្ទាប់ពីពួកគាត់បានរត់ចេញពីព្រៃរបស់ថៃតែប៉ុណ្ណោះ”។
ឧត្តមសេនីយ៍ត្រី នួន នៅ បានមានប្រសាសន៍ថា កងកម្លាំងរបស់យើងល្បាតនៅតំបន់នោះរាល់ថ្ងៃ ប៉ុន្តែមិនអាចនៅពេលយប់បានទេ ដោយសារភូមិសាស្ត្រមានលក្ខណៈចោតនៅតាមព្រំដែន។
លោកបានមានប្រសាសន៍ថា ” យើងមិនអាចឈរជើងនៅទីនោះទាំងថ្ងៃទាំងយប់ ដើម្បីរារាំងមិនឲ្យមានការឆ្លងចូលខុសច្បាប់បានទេ ពីព្រោះមិនមានការផ្គត់ផ្គង់ទឹកសម្រាប់ទាហានរបស់យើងដែលយកតែបាយកញ្ចប់ និងទឹកទៅតំបន់ព្រំដែននៅវេលាព្រឹក ហើយត្រឡប់មកបន្ទាយវិញនៅពេលល្ងាចតែប៉ុណ្ណោះ”៕ សារុន