25 C
Phnom Penh

មនុស្ស​​​ពីរ​​​នាក់​​ស្លាប់ ម្នាក់​​​រង​​​របួស​​​ធ្ងន់​​​ខណៈ​​​​​​បើក​​​រថ​​​យន្ត​​​គេ​​ច​​​ពី​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យរបស់​នគរបាល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​​​ពីរ​​​នាក់​​​​​​​​បាន​ស្លាប់​ និង​ម្នាក់​ទៀត​បាក់​ជើង​ទាំង​ពីរ​កាលពី​ថ្ងៃ​សុក្រ នៅ​​​ពេល​រថយន្ត​វ៉ែន​របស់​ពួកគេ​ដែល​ដឹក​ឈើ​មាន​តម្លៃ​បាន​ក្រឡាប់ ខណៈ​ដែល​បាន​ព្យាយាម​បើក​គេច​ពី​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​​របស់​​​​​​នគរបាល​​តាម​ផ្លូវ​ជាតិ​លេខ​៧​​​​ក្្នុង​ខេត្ត​ក្រចេះ។

យោង​តាម​លោក យឿន ផាន នាយរង​នគរ​បាល​ចរាចរ​ស្រុក​​បាន​​ឲ្យ​ដឹង​ថា រថយន្ត​វ៉ែន​ម៉ាក​ Ssang Yong ផលិត​នៅ​ប្រទេស​កូរ៉េ​ ដែល​​ដឹក​ឈើ​​សុក្រំ និង​ផ្ចឹក ជា​ប្រភេទ​ឈើ​​លេខ​១​បាន​បែក​កង់​មុន​ពេល​រេ​​​ចង្កួត​ធ្លាក់​ផ្លូវ​ ហើយ​បាន​បុក​របង​បេតុង​មួយ​នៅ​ក្នុង​ឃុំ​​​ស្នួល ស្រុក​ស្នួល កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។

លោក យឿន ផាន បាន​​មាន​ប្រសាសន៍​ថា លោក កឹម អាត អាយុ​៣០​ឆ្នាំ ដែល​ជា​អ្នក​បើក​បរ​រថយន្ត​វ៉ែន​​​នោះ​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​លោក​ ឆន សូ អាយុ​៣១​ឆ្នាំ​បាន​រង​​​របួស​ ហើយ​​ត្រូវ​បាន​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​។

លោក​បាន​បន្ថែម​ថា លោក កឹម វ៉ាត អាយុ​២៨​ឆ្នាំ​បាន​រង​​​របួស​បាក់​ជើង​ទាំង​ពីរ​ និង​បាក់​ដៃ​ម្ខាង​ ហើយ​​​កំពុង​សម្រាក​​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​កំពង់ចាម។

លោក យឿន ផាន បាន​មាន​ប្រសាសន៍​ថា ” នៅ​ពេល​​​ពួកគេ​បាន​ឃើញ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​​នគរ​បាល​ ពួកគេ​បាន​ព្យាយាម​បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​ដើម្បី​គេច​ខ្លួន​”។ លោក​បាន​បន្ថែម​ថា នគរ​បាល​បាន​ព្យាយាម​ឃាត់​រថយន្ត​នោះ​នៅ​ពេល​ពួកគេ​សង្កេត​ឃើញ​ថា រថយន្ត​នេះ​ដឹក​ជន្លង់​ឈើ​​​តែ​​​ប៉ុណ្ណោះ​។

លោក យឿន ផាន និង​លោក ថៃ​ លីថុន នាយ​​​ប៉ុស្តិ៍​ឃុំ​បាន​ច្រាន​ចោល​របាយការណ៍​​របស់​បណ្ដាញ​ផ្សព្វ​ផ្សាយ​​​ក្នុងស្រុក​ ដោយ​លើក​ឡើង​​​ពី​​​អ្នក​ភូមិ​មិន​​​ចេញ​ឈ្មោះ​ដែល​អះអាង​ថា នគរ​បាល​​បាន​ដេញ​តាម​រថយន្ត​នោះ​នៅ​​​ពេល​រថយន្ត​នោះ​បាន​ជួប​​​គ្រោះ​​​ថ្នាក់​ចម្ងាយ​ប្រហែល​​២គីឡូ​ម៉ែត្រ​ពី​ប៉ុស្តិ៍​​​ត្រួត​ពិនិត្យ​។

លោក លីថុន បាន​មាន​ប្រសាសន៍​ថា ជនរងគ្រោះ​ទាំង​អស់​មកពី​ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​ដឹក​ឈើ​៣០​ដុំ​​យក​ទៅ​​ធ្វើ​ជន្លង់​​នៅ​ចម្ការ​ម្រេច​​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ពួកគេ​ព្យាយាម​​ជួញដូរ​ជន្លង់​​​ឈើទាំងនេះ​ពី​ស្រុក​ស្នួល​ទៅ​គោល​ដៅ​របស់​ខ្លួន គឺ​ចម្ការ​ម្រេច​ក្នុង​ខេត្ត​​ត្បូងឃ្មុំ។ នគរ​បាល​បាន​ព្យាយាម​ឃាត់​​ពួកគេ​ដើម្បី​ពិនិត្យ​​ឈើ​នោះ ប៉ុន្តែ​ពួកគេ​បាន​បើក​គេច ហើយ​ជួប​គ្រោះ​ថ្នាក់​ដោយ​ខ្លួន​ឯង​”។

លោក ចាន់ សុគីម អធិការ​នគរ​បាល​ស្រុក​ស្នួល​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ព្យាយាម​ជួយ​សង្គ្រោះ​​​លោក ឆន សូ ជា​អ្នក​ដំណើរ​ដែល​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​។ លោក​បាន​មាន​ប្រសាសន៍​ថា “អ្នក​បើកបរ​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ហើយ​​នគរ​បាល​បាន​ដឹក​​​អ្នក​​​រង​​​របួស​​ទៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​ស្លាប់​”៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស