យោងតាមរបាយការណ៍ដែលចេញដោយអាជ្ញាធរអប្សរាកាលពីម្សិលមិញបានឲ្យដឹងថា អាជ្ញាធរអប្សរា និងនគរបាលមូលដ្ឋានកំពុងស្វែងរកភ្ញៀវទេសចរម្នាក់មកពីប្រទេសនូវែលសេឡង់ ដែលជាប់ចោទថា បានវាយបំបែករូបព្រះពុទ្ធបដិមាមួយអង្គនៅក្នុងប្រាសាទបាយ័ននៅឧទ្យានបុរាណវត្ថុអង្គរកាលពីសប្ដាហ៍មុន។
យោងតាមរបាយការណ៍ដដែលនោះបានឲ្យដឹងថា ភ្ញៀវទេសចរនោះឈ្មោះ Willemijn Vermaat អាយុ៤០ឆ្នាំ បានបាត់ខ្លួននៅក្នុងប្រាសាទបាយ័នកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយអ្នករត់រ៉ឺម៉កម៉ូតូកង់បីដឹកគាត់បានសុំឲ្យនគរបាលទេសចរជួយស្វែងរករូបគាត់។
ពួកគេបានលើកគ្នាដើររក ប៉ុន្តែមិនអាចរកគាត់ឃើញឡើយរហូតដល់ព្រឹកព្រលឹមថ្ងៃសុក្រទើបបុគ្គលិកជួសជុលប្រាសាទបានឃើញរូបគាត់ ហើយនគរបាលបានឃាត់ខ្លួនគាត់ដើម្បីធ្វើការសាកសួរ។
ដោយសារហេតុផលមិនច្បាស់លាស់ នគរបាលបានដោះលែងអ្នកស្រី Vermaat នៅល្ងាចថ្ងៃសុក្រ ប៉ុន្តែភ្លាមៗបន្ទាប់មកគេឃើញ ព្រះពុទ្ធបដិមានៅក្នុងប្រាសាទ ដែលគេរកឃើញស្រ្តីនោះ បានបែកបាក់ជាច្រើនបំណែក។ របាយការណ៍នេះបន្តថា ប៉ុន្តែនៅពេលពួកគេស្វះស្វែងនាំស្ត្រីរូបនេះទៅកន្លែងឃុំខ្លួនវិញ គាត់បានចាកចេញពីប្រទេសបាត់ទៅហើយ។
របាយការណ៍ដដែលនេះបានឲ្យដឹងថា អាជ្ញាធរអប្សរាកំពុងសហការជាមួយនគរបាលការពារបេតិកភណ្ឌ និងនគរបាលទេសចរដើម្បីស្វែងរកឧក្រិដ្ឋជន ដែលបានបំផ្លាញព្រះពុទ្ធបដិមានេះយកមកផ្ដន្ទាទោសតាមច្បាប់”។
ព្រះពុទ្ធបដិមាដែលអ្នកស្រី Vermaat ត្រូវបានចោទប្រកាន់ថា បានបំផ្លាញនោះ កសាងតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២មកម្លេ៉ះ។ ព្រះពុទ្ធបដិមាអង្គនេះ ត្រូវបានវាយបំបែកជាច្រើនបំណែករួចមកហើយនៅពេលត្រូវបានរកឃើញដំបូង ប៉ុន្តែត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៨៨ ហើយយកមកដាក់តាំងនៅប្រាសាទបាយ័ន។
លោក ម៉ាន់ ឈឿន នាយនគរបាលការពារបេតិកភណ្ឌខេត្តបានទទួលស្គាល់ថា អ្វីដែលបានកើតឡើងនៅក្នុងប្រាសាទនេះកាលពីយប់ថ្ងៃព្រហស្បតិ៍មិនច្បាស់លាស់ឡើយ ហើយថា គ្មានភ័ស្តុតាងផ្ទាល់ដើម្បីបង្ហាញថា អ្នកស្រី Vermaat ទទួលខុសត្រូវចំពោះការបំផ្លាញព្រះពុទ្ធបដិមានេះឡើយ។
លោកបានមានប្រសាសន៍ថា ” យើងមិនមានភ័ស្តុតាងដើម្បីបង្ហាញថា ស្ត្រីរូបនេះបានបំផ្លាញព្រះពុទ្ធបដិមានេះឡើយ ពីព្រោះយើងមិនបានឃើញផ្ទាល់ភ្នែកឡើយ ប៉ុន្តែយើងសង្ស័យថា ស្ត្រីរូបនេះបានធ្វើវា ពីព្រោះគាត់បាននៅទីនោះ”។
លោក ម៉ាន់ ឈឿន បានមានប្រសាសន៍ថា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានអាជ្ញាធរអប្សរានឹងជួបប្រជុំជាមួយមន្ត្រីនូវែលសេឡង់ ដើម្បីពិភាក្សាអំពីហេតុការណ៍នេះ។
អាជ្ញាធរអប្សរាបានបិទប្រាសាទបាយ័នមិនឲ្យភ្ញៀវទេសចរចូលទស្សនាជាបណ្ដោះអាសន្ន ហើយបានដឹកបំណែកព្រះពុទ្ធបដិមានោះទៅសារមន្ទីរព្រះនរោត្តម ស៊ីហនុ-អង្គរ ដើម្បីធ្វើការសិក្សា និងជួសជុល។ អ្នកស្រី Vermaat មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយឡើយ៕ សារុន