32 C
Phnom Penh

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ពាក្យ​បណ្ដឹង​​ជុំវិញ​ករណី​គំរាម​ធ្វើ​ឃាត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​រៀបចំ​ការ​តវ៉ា​ប្រឆាំង​ជនជាតិ​វៀតណាម​​​កាលពី​សប្ដាហ៍​មុន បាន​ដាក់​ពាក្យ​បណ្ដឹង​កាលពី​ថ្ងៃ​សុក្រ​ទៅ​ក្រសួង​មហាផ្ទៃ​ជុំវិញ​ការ​គំរាមធ្វើ​ឃាត​ជាច្រើន​ ដែល​លោក​ទទួល​បាន​អំឡុង​ការ​តវ៉ា​ទាំង​នោះ​។

រយៈ​ពេល​ប្រាំថ្ងៃ​ចាប់​ពីថ្ងៃ​ទី​៦ ខែ​តុលាទៅ ​ក្រុម​​អ្នក​តវ៉ា​បាន​ហែក្បួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​​ស្ថានទូត​វៀតណាម និង​​ដុត​ទង់ជាតិ​វៀតណាម​ ហើយ​បច្ចុប្បន្ន​កំពុង​​ទាមទារ​ឲ្យ​ស្ថានទូត​នេះ​សូមអភ័យទោស​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក ត្រាន វ៉ាន់ថុង អ្នក​នាំពាក្យ​ស្ថានទូត​នេះ​នៅពេល​នោះ ដែល​នៅ​ក្នុង​បទ​សម្ភាស​មួយ​តាម​វិទ្យុ​កាលពី​ខែ​កក្កដា បាន​ច្រាន​ចោល​ការ​អះអាង​ដែល​លើក​ឡើង​ថា ខេត្ត​កម្ពុជា​ក្រោម​ដែល​សព្វ​ថ្ងៃ​ជា​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង​ ជា​របស់​កម្ពុជា​មុន​ពេល​អាណានិគម​និយមបារាំង​បាន​កាត់​វា​ឲ្យ​ទៅ​វៀតណាម​នៅ​ក្នុង​ឆ្នាំ​១៩៤៩​។

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ដឹក​នាំ​ការ​តវ៉ា​ទាំង​នោះ​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា លោក​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​បុរស​និយាយ​ភាសា​វៀតណាម​ម្នាក់ ដែល​បាន​គំរាម​ប្រើ​ “ទាហាន​វៀតណាម​របស់​ខ្លួន​” នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ធ្វើ​ឃាត​លោក​។

លោកបាន​ដាក់​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​ទៅ​ក្រសួង​​មហាផ្ទៃ​កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​ស្នើ​សុំ​ជំនួយ​ស្វែង​រកទីតាំង​ និង​កំណត់​អត្តសញ្ញាណ​បុរស​ដែល​បាន​គំរាម​ធ្វើ​ឃាត​លោក។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ លោក​បាន​បញ្ជាក់​​ថា ជា​ដំបូង​លោក​បាន​ទទួល​ “ការ​ហៅទូរស័ព្ទ​មិន​តិច​ជាង​២០​ដង​ទេ​” ពី​លេខ​មួយ​ដែល​មាន​​លេខ​កូដតំបន់​​នៅ​ក្នុង​ខេត្ត​អូនតារីអូ (Ontario) ប្រទេស​កាណាដា បន្ទាប់​មក​ពីលេខ​ Private។ ” គាត់​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ”។ ពាក្យ​បណ្ដឹង​នេះ​បញ្ជាក់​ទៀត​ថា មាន​ម្ដង​នោះ​ បុរស​រូប​នោះ​បាននិយាយ​ថា ខ្លួន​នឹង​​ឲ្យ​លោក ” ស៊ីគ្រាប់បែក” ប្រសិន​បើ​លោក​មិន​បញ្ឈប់​ការ​តវ៉ា​ទេ​។

កាលពី​ថ្ងៃ​ពុធ នៅ​ពេល​អ្នក​យកព័ត៌មាន​ម្នាក់​បាន​ទូរស័ព្ទ​​ទៅ​លេខ​នៅខេត្ត​អូនតារីអូ ដែល​លោក​ ថាច់ សេដ្ឋា បាន​ផ្ដល់​ឲ្យ​ បុរស​ម្នាក់​បាន​លើក​ទូរស័ព្ទ​​ ហើយ​និយាយ​ថា ខ្លួន​មាន​ឈ្មោះ​ ទួន (Tuan)។ បុរស​នោះ​និយាយ​ថា រូប​គេ​បាន​ចាក​ចេញ​ពី​ប្រទេស​វៀតណាម​ទៅ​រស់​នៅ​ប្រទេស​កាណាដា​២០​ឆ្នាំ​មក​ហើយ ហើយ​មិន​បាន​ដឹង​រឿង​អ្វី​ពាក់​ព័ន្ធ​នឹង​ខ្មែរ​កម្ពុជា​ក្រោម​ទេ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ថាច់ សេដ្ឋា ទទួល​បាន​អុីម៉េល​មួយ​ពី​ឈ្មោះ មិញ ង្វៀន (Minh Nguyen) ដែល​បាន​សុំ​អភ័យទោស​ចំពោះ​ការ​គំរាម​ធ្វើ​ឃាត​នេះ​។ អុីម៉េល​នោះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “ខ្ញុំ​​រស់​នៅ​ក្នុង​ប្រទេស​កាណាដា​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មកហើយ។ ខ្ញុំ​វង្វេង​ស្មារតី ភ្លេច​លេប​ថ្នាំ​​សរសៃ​ប្រសាទ​ ហើយ​ស្រវឹង​ខ្លាំង​ពេក​​នៅ​ពេល​នោះ​”។

នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ម្ដង​ទៀត​កាលពី​ម្សិលមិញ បុរស​ឈ្មោះ ទួន បាន​បដិសេធ​ថា មិន​បាន​ផ្ញើ​អុីម៉េល​ឬទូរស័ព្ទ​​​មក​លោក​ ថាច់ សេដ្ឋា ទេ​ ដោយ​លើក​ឡើង​ថា រូប​គេ​តែង​តែ​ទារ​ប្រាក់​ម្នាក់​១ដុល្លារ​ពី​អ្នក​​រង់ចាំ​នៅ​ចំណតរថយន្ត​ក្រុង​ខាង​មុខ​ផ្ទះ​របស់​គាត់​សម្រាប់​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​គាត់។ បុរស​នេះនិយាយ​ទៀត​ថា ” មនុស្ស​ជា​ច្រើន​ប្រើ​ទូរស័ព្ទ​របស់​ខ្ញុំ ហើយ​មាន​មនុស្ស​ជា​ច្រើន​ស្អប់​ខ្ញុំ”។ ពាក់​ព័ន្ធ​នឹង​រឿងនេះ​ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ៕ សុខុម​​​​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស