32 C
Phnom Penh

ក្រុម​សិទ្ធិ​មនុស្ស​ទទួលរង​ការ​រំខាន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​សម្ភាស​អ្នក​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​និយាយ​ថា នគរបាល​បាន​សណ្តោង​យក​រថយន្ត​របស់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​កាលពី​ថ្ងៃ​សៅរ៍ ហើយ​បាន​ព្យាយាម​ដណ្តើម​យក​ម៉ាស៊ីនថត​មួយ​គ្រឿង ហើយ​នេះ​ជា​ករណី​លើក​ទី​៣​ហើយ ដែល​អាជ្ញាធរ​ក្នុង​តំបន់​នោះ​បាន​ឆាឆៅ​បុគ្គលិក​អង្គការ​នេះ​តាំងពី​ខែ​មុន​មក។​

បុគ្គលិក​ផ្នែក​សិទ្ធិ​ដីធ្លី​របស់​អង្គការ​សមធម៌​កម្ពុជា​បាន​ស្ថិត​នៅ​ឯ​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក កាលពី​ថ្ងៃ​សៅរ៍ សម្ភាសន៍​ប្រជាជន​ដែល​ចោទ​ក្រុមហ៊ុន​ស្ករស​អង្គរ​របស់​ថៃ ថា​បាន​លួច​ដី​ស្រែ​ចម្ការ​របស់​ខ្លួន។

លោក ចាន់ វិចិត្រ មន្ត្រី​ទំនាក់​ទំនង​សហគមន៍​របស់​អង្គការ​សមធម៌​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ដឹក​ប្រជាជន​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​មួយ​ចំនួន​តាម​រថយន្ត​មាន​ស្លាក​លេខ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្រាប់តែ​ត្រូវ​នគរបាល​ឃាត់​ឡាន​នៅ​ក្នុង​ក្រុង​សំរោង។

លោក វិចិត្រ បាន​ឲ្យ​ដឹង​ថា នគរបាល​បាន​សួរ​រក​ប័ណ្ណ​បើកបរ​ ដែល​លោក​មាន និង​លិខិត​ចុះ​បញ្ជី​របស់​រថយន្ត តែ​លោក​មិន​មាន។ លោក​បាន​មាន​ប្រសាសន៍​ថា ពេល​នោះ លោក​ចាប់​ផ្តើម​ថត​នគរបាល​ដែល​អនុញ្ញាត​ឲ្យ​រថយន្ត​ផ្សេងទៀត​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នោះ នៅ​ត្រង់នោះ​ហើយ​ដែល​លោក ញ៉ុល វុធ ស្នងការ​រង​នគរបាល​ខេត្ត បាន​ព្យាយាម​ដណ្តើម​យក​ម៉ាស៊ីន​ថត។

លោក វិចិត្រ បាន​ឲ្យ​ដឹង​ទៀត​ថា “គាត់​បាន​ព្យាយាម​ដណ្តើម​យក​ម៉ាស៊ីន​ថត​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​ឲ្យ​គាត់ ដូច្នេះ​ហើយ គាត់​បាន​វាយ​ពោះ​ខ្ញុំ”។

លោក ស្រី ណារ៉េន អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក ដែល​ស្ថិត​ក្នុង​រថយន្ត​នោះ​ដែរ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឃើញ​អ្នក​ទាំង២​ប្រវាយ​ប្រតប់​គ្នា​ដណ្តើម​ម៉ាស៊ីន​ថត ប៉ុន្តែ​មិន​អាច​និយាយ​បាន​ថា មាន​ការ​ដាល់​គ្នា​បាន​កើត​ឡើង​នោះ​ទេ។

លោក ណារ៉េន បាន​ចោទ​នគរបាល​ថា​បាន​សំដៅ​ឃាត់​ឡាន​លោក ដោយសារ​ការងារ​រសើប​ដែល​ពួកគាត់​កំពុង​ធ្វើ។

លោក ណារ៉េន មាន​ប្រសាសន៍​ថា “វា​មិន​យុត្តិធម៌​ចំពោះ [លោក វិចិត្រ] ពីព្រោះ នគរបាល​ហៅ​គាត់​ឲ្យ​ឈប់ ប៉ុន្តែ​មិន​បាន​ហៅ​អ្នក​បើក​រថយន្ត​ផ្សេងទៀត​ទេ។ វា​ជាការ​គំរាម​និង​ជា​ការ​បំភិត​បំភ័យ ពីព្រោះ​គាត់​បាន​សម្ភាស​អ្នក​ភូមិ”។

ពេល​ទាក់ទង​តាម​ទូរស័ព្ទ លោក​ស្នងការរង ញ៉ុល វុធ បាន​មាន​ប្រសាសន៍​ថា រូប​លោក​គ្រាន់តែ​អនុវត្ត​ច្បាប់​ចរាចរណ៍​ប៉ុណ្ណោះ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក វិចិត្រ គ្មាន​សិទ្ធិ​ថត​រូប​លោក និង​មន្ត្រី​របស់​លោក​ដែល​កំពុង​ធ្វើ​ការ​ឡើយ ប៉ុន្តែ​បាន​បដិសេធ​ថា​មិន​បាន​វាយ​រូប​គាត់ [វិចិត្រ]​ទេ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “យើង​មិន​បាន​ប្រើ​អំពើ​ហិង្សា​ណាមួយ​ឡើយ។ យើង​ព្យាយាម​សុំ​ម៉ាស៊ីនថត​ពី​គាត់ បន្ទាប់​ពី​គាត់​ថត​សកម្មភាព​របស់​ខ្ញុំ។ តើ​គាត់​ជា​អ្នក​យក​ព័ត៌មាន? យើង​មិន​អនុញ្ញាត​ឲ្យ​គាត់​ថត​យើង​ទេ”។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ សមធម៌កម្ពុជា ដែល​មិន​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នោះ បាន​មាន​ប្រសាសន៍​ថា លោក វិចិត្រ និង​អ្នក​ផ្សេងទៀត នៅទី​បញ្ចប់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ ប៉ុន្តែ​ក្រោយ​ពី​បើកបរ​ទៅ​ស្នងការ​នគរបាល និងទទួល​ឯកសារ​ចុះ​បញ្ជី​រថយន្តរួច​មក។

តែ​ទោះជា​យ៉ាងនេះក្តី ក្នុង​ពេល​មាន​ជម្លោះ​នះ គាត់​បាន​និយាយ​ថា នគរបាល​ក៏​បាន​ព្យាយាម​ឆែក​ឆេរ​រថយន្ត​ដោយ​គ្មាន​ដីកាដែរ ដោយ​យក​លេស​ថា រថយន្ត​ប្រហែល​ជា​កំពុង​ដឹក​ឈើ​ខុស​ច្បាប់។

លោក​មាន​ប្រសាសន៍​ថា “យើង​ដឹង​មូលហេតុ​នៅ​ពី​ក្រោយ​ទង្វើ​នេះ គឺ​ចង់បញ្ឈប់​សកម្មភាព​របស់​យើង។ ឥឡូវ ​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​មាន​ស្ថានការណ៍​អាក្រក់​ណាស់ ពីព្រោះ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ គឺ​ប្រឆាំង​នឹង​ច្បាប់ និង​ប្រឆាំង​នឹង​សិទ្ធិ​របស់​ពលរដ្ឋ”។

កាលពី​សប្តាហ៍​មុន នគរបាល​ក្នុង​ក្រុង​សំរោង បាន​បំបែក​ការ​ជួបជុំ​គ្នា​នៅ​លំនៅ​ដ្ឋាន​ឯកជន​មួយ​កន្លែង រវាង​បុគ្គលិក​អង្គការ​សមធម៌​កម្ពុជា​និង​អ្នក​ដែល​ត្រូវ​គេ​បណ្តេញចេញ ដោយ​អះអាង ទាំង​ភាន់​ច្រឡំ ថា ពួកគេ​ចាំបាច់​ត្រូវមាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ជា​មុនសិន ដើម្បី​សម្ភាសន៍​អ្នកភូមិ។

កាលពី​ខែ​មុន នគរបាល​បាន​ឃាត់​ខ្លួន​បុគ្គលិក​២នាក់​របស់​អង្គការ​នេះ​អស់​មួយ​យប់ ក្នុង​ពេល​ដែល​អ្នក​ទាំងពីរ​បាន​សម្ភាស​អ្នក​ត្រូវ​គេ​បណ្តេញចេញ ហើយ​បាន​បង្ខំ​អ្នក​ទាំង​ពីរឲ្យ​ត្រឡប់មក​ភ្នំពេញ​វិញ។ នៅ​ពេល​នោះ នគរបាល​បាន​លើក​ឡើងថា បុគ្គលិក​សិទ្ធិ​មនុស្ស​ទាំង​នោះត្រូវ​ឃាត់​ខ្លួន​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ប៉ុណ្ណោះ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស