បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលដែលសម្ភាសអ្នកដែលត្រូវគេបណ្តេញចេញក្នុងខេត្តឧត្តរមានជ័យបាននិយាយថា នគរបាលបានសណ្តោងយករថយន្តរបស់ខ្លួនដោយគ្មានមូលហេតុកាលពីថ្ងៃសៅរ៍ ហើយបានព្យាយាមដណ្តើមយកម៉ាស៊ីនថតមួយគ្រឿង ហើយនេះជាករណីលើកទី៣ហើយ ដែលអាជ្ញាធរក្នុងតំបន់នោះបានឆាឆៅបុគ្គលិកអង្គការនេះតាំងពីខែមុនមក។
បុគ្គលិកផ្នែកសិទ្ធិដីធ្លីរបស់អង្គការសមធម៌កម្ពុជាបានស្ថិតនៅឯការិយាល័យអង្គការសិទ្ធិមនុស្ស អាដហុក កាលពីថ្ងៃសៅរ៍ សម្ភាសន៍ប្រជាជនដែលចោទក្រុមហ៊ុនស្ករសអង្គររបស់ថៃ ថាបានលួចដីស្រែចម្ការរបស់ខ្លួន។
លោក ចាន់ វិចិត្រ មន្ត្រីទំនាក់ទំនងសហគមន៍របស់អង្គការសមធម៌កម្ពុជា បានមានប្រសាសន៍ថា លោកកំពុងដឹកប្រជាជនដែលត្រូវគេបណ្តេញចេញមួយចំនួនតាមរថយន្តមានស្លាកលេខអង្គការមិនមែនរដ្ឋាភិបាល ស្រាប់តែត្រូវនគរបាលឃាត់ឡាននៅក្នុងក្រុងសំរោង។
លោក វិចិត្រ បានឲ្យដឹងថា នគរបាលបានសួររកប័ណ្ណបើកបរ ដែលលោកមាន និងលិខិតចុះបញ្ជីរបស់រថយន្ត តែលោកមិនមាន។ លោកបានមានប្រសាសន៍ថា ពេលនោះ លោកចាប់ផ្តើមថតនគរបាលដែលអនុញ្ញាតឲ្យរថយន្តផ្សេងទៀតឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនោះ នៅត្រង់នោះហើយដែលលោក ញ៉ុល វុធ ស្នងការរងនគរបាលខេត្ត បានព្យាយាមដណ្តើមយកម៉ាស៊ីនថត។
លោក វិចិត្រ បានឲ្យដឹងទៀតថា “គាត់បានព្យាយាមដណ្តើមយកម៉ាស៊ីនថតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនឲ្យគាត់ ដូច្នេះហើយ គាត់បានវាយពោះខ្ញុំ”។
លោក ស្រី ណារ៉េន អ្នកសម្របសម្រួលអង្គការអាដហុក ដែលស្ថិតក្នុងរថយន្តនោះដែរ បានមានប្រសាសន៍ថា លោកបានឃើញអ្នកទាំង២ប្រវាយប្រតប់គ្នាដណ្តើមម៉ាស៊ីនថត ប៉ុន្តែមិនអាចនិយាយបានថា មានការដាល់គ្នាបានកើតឡើងនោះទេ។
លោក ណារ៉េន បានចោទនគរបាលថាបានសំដៅឃាត់ឡានលោក ដោយសារការងាររសើបដែលពួកគាត់កំពុងធ្វើ។
លោក ណារ៉េន មានប្រសាសន៍ថា “វាមិនយុត្តិធម៌ចំពោះ [លោក វិចិត្រ] ពីព្រោះ នគរបាលហៅគាត់ឲ្យឈប់ ប៉ុន្តែមិនបានហៅអ្នកបើករថយន្តផ្សេងទៀតទេ។ វាជាការគំរាមនិងជាការបំភិតបំភ័យ ពីព្រោះគាត់បានសម្ភាសអ្នកភូមិ”។
ពេលទាក់ទងតាមទូរស័ព្ទ លោកស្នងការរង ញ៉ុល វុធ បានមានប្រសាសន៍ថា រូបលោកគ្រាន់តែអនុវត្តច្បាប់ចរាចរណ៍ប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា លោក វិចិត្រ គ្មានសិទ្ធិថតរូបលោក និងមន្ត្រីរបស់លោកដែលកំពុងធ្វើការឡើយ ប៉ុន្តែបានបដិសេធថាមិនបានវាយរូបគាត់ [វិចិត្រ]ទេ។
លោកបានឲ្យដឹងទៀតថា “យើងមិនបានប្រើអំពើហិង្សាណាមួយឡើយ។ យើងព្យាយាមសុំម៉ាស៊ីនថតពីគាត់ បន្ទាប់ពីគាត់ថតសកម្មភាពរបស់ខ្ញុំ។ តើគាត់ជាអ្នកយកព័ត៌មាន? យើងមិនអនុញ្ញាតឲ្យគាត់ថតយើងទេ”។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការ សមធម៌កម្ពុជា ដែលមិនស្ថិតនៅកន្លែងកើតហេតុនោះ បានមានប្រសាសន៍ថា លោក វិចិត្រ និងអ្នកផ្សេងទៀត នៅទីបញ្ចប់ត្រូវបានអនុញ្ញាតឲ្យបន្តដំណើរ ប៉ុន្តែក្រោយពីបើកបរទៅស្នងការនគរបាល និងទទួលឯកសារចុះបញ្ជីរថយន្តរួចមក។
តែទោះជាយ៉ាងនេះក្តី ក្នុងពេលមានជម្លោះនះ គាត់បាននិយាយថា នគរបាលក៏បានព្យាយាមឆែកឆេររថយន្តដោយគ្មានដីកាដែរ ដោយយកលេសថា រថយន្តប្រហែលជាកំពុងដឹកឈើខុសច្បាប់។
លោកមានប្រសាសន៍ថា “យើងដឹងមូលហេតុនៅពីក្រោយទង្វើនេះ គឺចង់បញ្ឈប់សកម្មភាពរបស់យើង។ ឥឡូវ នៅខេត្តឧត្តរមានជ័យមានស្ថានការណ៍អាក្រក់ណាស់ ពីព្រោះអ្វីដែលពួកគេកំពុងធ្វើ គឺប្រឆាំងនឹងច្បាប់ និងប្រឆាំងនឹងសិទ្ធិរបស់ពលរដ្ឋ”។
កាលពីសប្តាហ៍មុន នគរបាលក្នុងក្រុងសំរោង បានបំបែកការជួបជុំគ្នានៅលំនៅដ្ឋានឯកជនមួយកន្លែង រវាងបុគ្គលិកអង្គការសមធម៌កម្ពុជានិងអ្នកដែលត្រូវគេបណ្តេញចេញ ដោយអះអាង ទាំងភាន់ច្រឡំ ថា ពួកគេចាំបាច់ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានជាមុនសិន ដើម្បីសម្ភាសន៍អ្នកភូមិ។
កាលពីខែមុន នគរបាលបានឃាត់ខ្លួនបុគ្គលិក២នាក់របស់អង្គការនេះអស់មួយយប់ ក្នុងពេលដែលអ្នកទាំងពីរបានសម្ភាសអ្នកត្រូវគេបណ្តេញចេញ ហើយបានបង្ខំអ្នកទាំងពីរឲ្យត្រឡប់មកភ្នំពេញវិញ។ នៅពេលនោះ នគរបាលបានលើកឡើងថា បុគ្គលិកសិទ្ធិមនុស្សទាំងនោះត្រូវឃាត់ខ្លួនដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ៕មានិត